ពលរដ្ឋហុងកុងរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មតាមដងផ្លូវនៅថ្ងៃនេះ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេទៅនឹងច្បាប់បត្យាប័នរបស់ប្រទេសចិន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ពលរដ្ឋទីក្រុងហុងកុងទាំងនោះ បានសម្ដែងការជំទាស់ទៅនឹងច្បាប់បត្យាប័នដែលស្នើឡើងដោយប្រទេសចិន ដែលច្បាប់នឹងអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យទៅកាត់ទោសនៅចិនដីគោក។
បាតុកម្មនេះ ត្រូវបានចាត់ទុកជាការប្រមូលផ្ដុំធំបំផុតនៅដែនដីរដ្ឋបាលពិសេសមួយនេះក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយមកនេះ។
បើតាមរ៉យទ័រដែលបានដកស្រង់សម្ដីទូរទស្សន៍រដ្ឋាភិបាលហុងកុងនោះ ប៉ូលិសជាង ២ពាន់នាក់ ត្រូវបានដាក់ពង្រាយសម្រាប់បាតុកម្មមួយនេះ ដែលអ្នករៀបចំរំពឹងទុកថា នឹងមានពលរដ្ឋកន្លះលាននាក់ចូលរួម៕