សាលារៀនចំនួន ៣ខ្នង ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងសម្ភារសិក្សាទាំងអស់ បានខូចខាតទាំងស្រុង ក្រោយពីត្រូវភ្លើងឆាបឆេះនៅព្រឹកថ្ងៃនេះ។ នេះបើតាមនគរបាលជាតិ។
នគរបាលជាតិបានចុះផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃនេះថា អគារ ៣ខ្នងដែលសាងសង់ឡើងពីឈើប្រក់ស័ង្កសី នៃសាលាបឋមសិក្សាយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ត្រូវភ្លើងឆាប់ឆេះនៅម៉ោង ១០កន្លះព្រឹកថ្ងៃទី៩ ខែមិថុនានេះ។
បើតាមរបាយការណ៍នគរបាលជាតិ អគ្គិភ័យកើតឡើងលើសាលារៀននៅតំបន់ទំនាបទឹកលិចបឹងទន្លេសាបមួយនេះ បណ្ដាលមកពីឆ្លងចរន្តថាមពលពន្លឺព្រះអាទិត្យដែលត្រូវបានបំពាក់នៅសាលារៀនមួយនេះ។
ទំហំនៃការខូចខាតសរុបរួម មិនត្រូវបានគេបញ្ជាក់ឲ្យដឹងនោះឡើយរហូតមកដល់ពេលនេះ បន្ទាប់ពីសាលារៀនមួយនេះ ត្រូវភ្លើងឆាបឆេះទាំងស្រុង៕