HRW ទាមទារជាថ្មីឲ្យរដ្ឋាភិបាលឈប់​​រឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា

ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧

អង្គការសិទ្ធិមនុស្សអន្ដរជាតិ បាន​ទាមទារជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើសេរីភាពសារព័ត៌មាន ចំពេល​ដែល​កម្ពុជារៀបចំសន្និសីទថ្នាក់តំបន់មួយនៅក្នុងសប្ដាហ៍នេះ។

វេទិកា«ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៦» ត្រូវ​បាន​គ្រោង​រៀបចំ​ធ្វើ​ឡើងដោយ​​​ក្រសួង​ព័ត៌មាន និង​វិទ្យាស្ថាន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ (AIBD) នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ។

កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីភ្ញៀវអន្ដរជាតិ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកផងដែរ។

ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch លើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាការមាក់ងាយដល់សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ វិទ្យុឯករាជ្យ កាសែត និងបណ្ដាញសង្គមនៅក្នុងប្រទេស។

បើតាមសេចក្ដីថ្លែងការណ៍ អង្គការ Human Rights Watch បានស្នើឲ្យវិទ្យាស្ថាន AIBD ដែលជាអង្គការត្រូវបានបង្កើតឡើង និងទទួលបានការឧបត្ថម្ភដោយអង្គការយូណេស្កូ (UNESCO) និងបណ្ដាប្រទេសផ្សេងទៀត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលមួយនេះ ជំរុញឲ្យរដ្ឋាភិបាលលោក​ ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសេរីភាពសារព័ត៌មាននៅកម្ពុជា។

អង្គការ Human Rights Watch ឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «បណ្ដាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ី និងអង្គការយូណេស្កូផង គួរជួបលោក ហ៊ុន សែន និងអំពាវនាវជាសាធារណៈ ដោយសុំឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញ និងបញ្ឈប់ការយាយីលើក្រុមអ្នកសារព័ត៌មាន»។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលសេចក្ដីសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយនេះ ថាមិនឆ្លុះបញ្ចាំង​ការពិតនៅកម្ពុជា។

លោកអះអាងថា រដ្ឋាភិបាលបានខិតខំលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មានជាបន្ដបន្ទាប់ និងថា វិធានការរបស់រដ្ឋាភិបាលនាពេលកន្លងមក គឺជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ។

លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍ថា៖ «ខ្ញុំគិតថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាព និងបរិយាកាស​សេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ បើយើងក្រឡេកមើលសេរីភាពសារព័ត៌មាននៅកម្ពុជា មានការលើកកម្ពស់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនទាំងវិសាលភាពនៃការផ្សព្វផ្សាយ និងមធ្យោបាយនៃការផ្សព្វផ្សាយ»។

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត យល់ផ្សេងពីរដ្ឋាភិបាល ដោយថា វិធានការអនុវត្ដច្បាប់កាលពីពេលកន្លងមក បានធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេស។

លោកថា រដ្ឋាភិបាលត្រូវមានឆន្ទៈពិតប្រាកដក្នុងការបើកលំហសេរីភាពសារព័ត៌មាន និងអនុញ្ញាតឲ្យពួកគេបំពេញតួនាទីដោយសេរី និងគ្មានការគំរាមកំហែង។

លោក អំ សំអាត បន្ដថា៖ «សេរីភាពសារព័ត៌មានមិនមែនថា យើងមានវិទ្យុច្រើន មានទូរទស្សន៍ច្រើន យើងថា អាហ្នឹងវាជាលំហទេ។ ពាក្យថា «លំហ» បានន័យថា ការចូលរួមអំពីអ្នកសារព័ត៌មានដែលមាននិន្នាការឯករាជ្យបានច្រើន វាមានតុល្យភាពនឹងគ្នា»។ 

យោងតាម​របាយការណ៍ស្តីពី​ «សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០១៩» ដែល​ចេញផ្សាយ កាលពីខែមេសាកន្លងទៅ ​អង្គការអ្នករាយការណ៍គ្មានព្រំដែន Reporters without Border ដែលជាអង្គការមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ បាន​ទម្លាក់​ចំណាត់​ថ្នាក់កម្ពុជា​នៅលេខរៀង ១៤៣ ក្នុង​ចំណោម​ប្រទេស​១៨០ លើពិភពលោក។

ពិន្ទុនេះបង្ហាញថា កម្ពុជាធ្លាក់ចុះមួយលេខទៀត បើធៀបនឹងឆ្នាំ២០១៨ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់១៤២ និងធ្លាក់ចុះដល់ទៅ ១១លេខ បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាមានចំណាត់ថ្នាក់ ១៣២ ក្នុងចំណោមប្រទេស ១៨០។

ក្នុងរបាយការណ៍​របស់ខ្លួននោះ ​អង្គការអ្នករាយការណ៍គ្មានព្រំដែន បាន​កត់សំគាល់​អំពីភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​រដ្ឋាភិបាលបិទ​ស្ថានីយ៍វិទ្យុ​ប្រមាណ ៣០ ​កាលពីអំឡុងបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ