ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរំលឹកទៅម្ចាស់រោងចក្រសហគ្រាស និងគ្រឹះស្ថានដែលពាក់ព័ន្ធឲ្យអនុវត្តនបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិតតាមច្បាប់ស្តីពីការងារ។
កាលពីឆ្នាំ២០១៨ ក្រសួងការងារបានផ្លាស់ប្តូរនីតិវិធីអនុវត្តការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពីការបើកសរុបនៅពេលបញ្ចប់ការងាររបស់កម្មករ មកបើកជាទៀងទាត់ក្នុង ១ឆ្នាំ ២ដងវិញ។ ហើយត្រូវអនុវត្តជាដំណាក់កាលទាំងប្រាក់អតីតភាពការងារថ្មី និងប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយចាប់ពីខែ មិថុនា ឆ្នាំ២០១៩។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារបានជំរុញទៅម្ចាស់សហគ្រាស គ្រឹះស្ថានដែលពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តការបើកប្រាក់អតីតភាពការងារជូនកម្មករនិយោជិតតាមគោលការណ៍ថ្មីឲ្យខានតែបាន។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វី.អូ.ឌីបន្ថែមលើសេចក្តីណែនាំនេះថា ចំពោះការបើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិត ក្រៅពីសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺត្រូវអនុវត្តចុងឆ្នាំ២០២១។
លោក ហេង សួរ បន្តថា ក្រសួងនឹងតាមដានការអនុវត្ត ការទូទាត់ប្រាក់អតីតភាពការងាររបស់ម្ចាស់រោងចក្រសហគ្រាសទាំងនោះ និងព្រមានចាត់វិធានការពិន័យចំពោះរោងចក្រសហគ្រាសទាំងឡាយណាដែលអនុវត្តមិនបានត្រឹមត្រូវតាមសេចក្តីណែនាំនេះ។
លោក បន្ថែមថា៖ «ប្រសិនជាមានការខកខាននូវការទូទាត់ណាមួយខុសពីគោលការណ៍ណែនាំរបស់ក្រសួង ហើយជាចេតនារបស់និយោជកនេះ គឺយើងនឹងបានការពិន័យទៅដល់និយោជកដែលគាត់រំលោភទៅលើការទូទាត់នេះ។ ទី១ និយោជកត្រូវទូទាត់ឲ្យគ្រប់ ប្រសិនជាការគណនារបស់គាត់ខ្វះ ឬមួយក៏មិនអនុវត្តត្រឹមស្មារតីនៃសេចក្តីណែនាំនេះ ហើយបន្ទាប់ពីបន្ថែមបង្រ្គប់ជូនដល់បងប្អូនកម្មករ គាត់ក៏ត្រូវរងពិន័យបន្ថែមពីអធិការកិច្ចការងារដែរ»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា សេចក្តីណែនាំនេះ ហាក់ធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករនិយោជិត ដោយថា ក្រសួងបានកំណត់ឲ្យគិតប្រាក់អតីតភាពការងារជូនកម្មករត្រឹមតែ១១ឆ្នាំ ខណៈកម្មករដែលបានធ្វើការងារយូរឆ្នាំជាងនេះនឹងបាត់ផលប្រយោជន៍។
លោក ប៉ាវ ស៊ីណា បន្តថា បញ្ហាមួយទៀតនោះ ការបញ្ឈប់កម្មករដោយខុសច្បាប់ គឺក្រសួងមិនបានបញ្ជាក់ច្បាស់លាស់ក្នុងការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករនោះដែរ ដែលលោកថាប្រសិនបើពុំមានការបកស្រាយច្បាស់លាស់ទេ នឹងជំរុញឲ្យមានវិវាទការងាររវាងកម្មករ និងនិយោជកនៅពេលខាងមុខ។
លោក បន្ថែមថា៖ «ខ្ញុំឃើញសេចក្តីជូនដំណឹងនេះមានភាពខ្វះខាតមួយចំនួន ដែលខ្ញុំគិតថា នឹងធ្វើឲ្យមានវិវាទកើតឡើងចំពោះការបកស្រាយពីសំណាក់និយោជក ក៏ដូចជាកម្មករដែលគាត់មានអតីតភាពការងារច្រើនជាង១១ឆ្នាំ។ រីឯការប្តឹងផ្តល់ទៅតុលាការចំពោះការបញ្ឈប់កម្មករដោយពុំមានហេតុផលត្រឹមត្រូវដែលកម្មករមានសិទ្ធិប្តឹង ហើយនិយោជកមានសិទ្ធិមិនឆ្លើយតបទៅនឹងការទាមទារអីជាដើមនោះ ខ្ញុំគិតថា វាជាចំណុចមួយផ្តល់ឱកាសឲ្យនិយោជកច្រើនជាងកម្មករ។ ដូច្នេះ ចំនុចនេះ ក្រសួងកាងារត្រូវគិតឲ្យបានច្បាស់លាស់»។
វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានទេ៕