គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើទៅរដ្ឋសភាឱ្យកោះហៅរដ្ឋាភិបាលបំភ្លឺលើគម្រោងអភិវឌ្ឍន៍បឹងតាមោកឱ្យបានច្បាស់លាស់ ដោយបារម្ភខ្លាចការចាក់ដីលុបបឹងធម្មជាតិមួយនេះ មិនមែនត្រឹមតែចំនួន ២០ហិកតា ដូចការលើកឡើងរបស់សាលារាជធានីភ្នំពេញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃនេះ ដាក់ញត្តិនៅរដ្ឋសភា ដើម្បីសុំឱ្យស្ថាប័នមួយនេះ កោះហៅស្ថាប័នពាក់ព័ន្ធឱ្យបំភ្លឺលើគម្រោងអភិវឌ្ឍន៍បឹងតាមោករបស់សាលារាជធានីភ្នំពេញ។
ការដាក់ញត្តិនេះ ធ្វើឡើងខណៈ ដែលអាជ្ញាធរកំពុងចាក់ដីលុបបឹងតាមោកបណ្ដើរៗ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិរួច ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ លើកឡើងថា មូលហេតុដែលគណបក្សលោកចង់ឱ្យរដ្ឋាភិបាលបំភ្លឺ ដោយសារ បារម្ភខ្លាចការចាក់ដីលុបបឹងតាមោកនេះលើសពីគម្រោង។
លោកថា៖ «យើងលឺលើសពី ២០ហិកតា អា២០ ហិកតាហ្នឹង។ យើងបានឃើញ ស.ជ.ណ ធ្វើផ្សារបន្លែហ្នឹង ប៉ុន្តែ ព័ត៌មានដែលយើងឃើញ យើងដឹងហ្នឹង វាលើសពី ស.ជ.ណ ហ្នឹងទៀត ។ ស.ជ.ណ វាច្បាស់បន្តិច មានដាក់ ២០ហិកតាសម្រាប់ធ្វើអីៗ ខ្ញុំមិនដឹងថា មាន GPS ចំណុចនិយាមការអីច្បាស់ប៉ុណ្ណាទេ។ អ៊ីចឹង គួរតែមាននិយាមការទៀត តើអា២០ ហិកតា វានៅកន្លែងណា។ យើងបានលឺថា ធ្វើនេះ ធ្វើនោះ [បន្តទៀត] ត្រង់ហ្នឹងដែលយើងគិត[បារម្ភ] ហើយវាមានគំរូបឹងកក់ គំរូបឹងផ្សេងៗទៀត វាអស់រលីង»។
កាលពីខែមិថុនា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកចំនួន ២០ហិកតា តាមសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភាបានទទួលញត្តិរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយកំពុងធ្វើការពិនិត្យមើល។
លោក ថា៖ «ខាងរដ្ឋសភាទទួលហើយ ហើយបានប្រគល់ជូនគណៈកម្មការទី១ គណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹងហ្នឹង។ ហើយគណៈកម្មការទទួលហើយ ហើយគាត់កំពុងសិក្សា តែខ្ញុំមិនទាន់ដឹងថា គាត់ចាត់ការម៉េចទេ មិនទាន់ដឹងទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី លើកឡើងថា ពុំមានការចាក់ដីលុបបឹងតាមោកលើសពីចំនួនដែលសាលារាជធានីភ្នំពេញស្នើសុំពីរដ្ឋាភិបាលនោះទេ។
លោក មានប្រសាសន៍ថា៖ «ជម្រាបជូនអស់ហើយ ឆ្លើយតាំងពីគោលបំណងដែលធ្វើការចាក់បំពេញ ដើម្បីធ្វើអី ទំហំប៉ុណ្ណា នៅត្រង់ណា នេះជាព័ត៌មានចាស់ទេ។ ហើយរឿងការបារម្ភជាសិទ្ធិរបស់គាត់ មិនមានអីទេ។ គាត់អាចបារម្ភ គាត់នៅយល់ថាយ៉ាងម៉េចជារឿងរបស់គាត់ ប៉ុន្តែ ការបំភ្លឺជាក់ស្ដែង យើងធ្លាប់បំភ្លឺអស់ហើយ»។
បើតាមរបាយការរណ៍សមាគមធាងត្នោត ឱ្យដឹងថា នៅជុំវិញបឹងតាមោកមានចំនួន ១៩ភូមិ ៥សង្កាត់ និងចំនួន២ខណ្ឌ (ព្រែកព្នៅ និងសែនសុខ)។ របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងនោះបានអាស្រ័យផលពីបឹង មានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំ ជាដើម។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋដែលមានផ្ទៃដីសរុបប្រមាណ ៣ ២៣៩ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ៕