ទឹម រដ្ឋា និងថ្នាក់គ្រប់គ្រងប៉ុស្ដិ៍លេខ៥ បំភ្លឺការយល់ច្រលំ 

តារាសម្ដែង កញ្ញា ទឹម រដ្ឋា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្នុងឱកាសពិធីក្រុងពាលីរឿង«ភ្លើងគំនុំ» កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា។ រូបភាព៖ វង្ស សុម៉ាលីន

ឱកាសសម្ដែងមួយរឿងហើយមួយរឿងទៀតនៅប៉ុស្តិ៍លេខ៥ កំពុងកើតមានមន្ទិលខ្លាំងឡើងថា តារាម៉ូឌែល កញ្ញា ទឹម រដ្ឋា ត្រូវបានស្ថាប័នមួយនេះចុះកុងត្រាផ្ដាច់មុខ និងមិនអនុញ្ញាតិអោយនាងទទួលថតរឿងនៅតាមប៉ុស្តិ៍ផ្សេង។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ទាំងអ្នកទទួលខុសត្រូវប្រចាំការផលិតភាពយន្តនៅប៉ុស្តិ៍លេខ៥ និងសាម៉ីខ្លួនចេញមុខបកស្រាយ។

កញ្ញា ទឹម រដ្ឋា បាននិយាយថា នៅប៉ុស្តិ៍លេខ៥ នាងមិនមានកុងត្រាផ្ដាច់មុខដូចតារាសម្ដែងមួយចំនួននោះទេ បើទោះជានាងសម្ដែងរឿងពីមួយទៅមួយទៀតក្នុងរយៈពេលចុងក្រោយ។ នាងថាមកទល់ពេលនេះ នាងត្រូវប៉ុស្តិ៍លេខ៥ ឲ្យសម្ដែងយ៉ាងតិច១ឆ្នាំ២រឿង ដោយក្នុងរយៈពេលមួយឆ្នាំ ពី២ ទៅ៤រឿងនេះ គឺធ្វើឲ្យនាងរវល់ពេញមួយឆ្នាំទល់មួយឆ្នាំតែម្ដង។ យ៉ាងណាមិញ នាងថា ខ្លួននៅតែមានពេលទំនេរ និងអាចទទួលថតរឿងនៅក្នុងប៉ុស្តិ៍ផ្សេង ឬផលិតកម្មផ្សេងតែម្ដង ប៉ុន្តែគឺមកពីគ្មានអ្នកហៅ។

កញ្ញានិយាយថា៖ «រាល់ថ្ងៃនៅប៉ុស្តិ៍លេខ៥ ដោយសារតែខាងផលិតករឲ្យខ្ញុំសម្ដែងច្រើនពេក ទើបអ្នកខ្លះគេថា ខ្ញុំកុងត្រានៅប៉ុស្តិ៍លេខ៥ហើយ ទើបអត់មានអ្នកហៅថតតែម្ដងក្រៅពីប៉ុស្តិ៍លេខ៥ ឥលូវហ្នឹង»។

កញ្ញា ទឹម រដ្ឋា បន្តថា មានតួដូចគ្នា និងផលិតករច្រើនណាស់ ព្រលយថា នាងជាតួប្រចាំប៉ុស្តិ៍លេខ៥ ហើយមិនហៅនាងថតតែម្ដង។

កញ្ញា លើកឡើងថា៖ «រាល់ថ្ងៃមានមនុស្សច្រើនយល់ថា ខ្ញុំបានថតអោយផលិតករថៃនៅប៉ុស្តិ៍លេខ៥ផ្ដាច់មុខ អត់ទទួលថតប៉ុស្តិ៍ផ្សេង…ការពិតខ្ញុំថតឲ្យប៉ុស្តិ៍លេខ៥រាល់ថ្ងៃច្រើនរឿងបណ្ដាក់គ្នាមែន តែអត់មានកុងត្រាអីទេ ហើយក៏ឲ្យថ្ងៃគាត់តែ៣ថ្ងៃអីទេក្នុងមួយសប្ដាហ៍ ដើម្បីទុកពេលទទួលរឿងផ្សេង។ តែអត់មានអ្នកហៅថតតែម្ដង ដោយសារម្នាក់ៗច្រលំបែបហ្នឹង ថាខ្ញុំថតឲ្យតែមួយប៉ុស្តិ៍ផ្ដាច់មុខ»។

កញ្ញា ទឹម រដ្ឋា បន្ថែមថា៖ «ជាក់ស្ដែង ដូចរឿងមួយទើបតែថតចប់ភ្លាម គាត់ហៅខ្ញុំថតរឿង «ភ្លើងគំនុំ» ទៀតភ្លាម ដល់ចឹងអ្នកណាមិនច្រលំ»​ ។

មិនខុសគ្នាដែរ លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំប៉ុស្តិ៍លេខ៥ និងជាអ្នកទទួលខុសត្រូវការផលិតរឿងភាគប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងពិធីក្រុងពាលីរឿង«ភ្លើងគំនុំ» កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ថា ក្នុងចំណោមតារាសម្ដែងដែលប៉ុស្តិ៍លេខ៥ កុងត្រា អត់មានកញ្ញា ទឹម រដ្ឋា នោះទេ ដោយសារតែនាងមមាញឹកខ្លាំង ហើយប៉ុស្តិ៍លេខ៥ធ្លាប់បានសួរនាំរឿងកុងត្រាឲ្យថតផ្ដាច់មុខ ហើយនាងប្រកែក។ យ៉ាងណាមិញ លោកថា នាងត្រូវបានផលិតករថៃជ្រើសឲ្យសម្ដែងចង់បានច្រើនរឿង ជាតារាកុងត្រាខ្លីទៀត ដោយសារតែរឿងដែលផលិតឡើងត្រូវការអ្នកសម្ដែងឆាល់ៗដូចនាង។

លោក៖​ ​«ទឹម រដ្ឋា តាំងពីដើមមកជាមួយប៉ុស្តិ៍លេខ៥ គាត់មិនដែលកុងត្រាទេ ដោយសារតែការងារគាត់ច្បាស់លាស់ តែយើងពេញចិត្តដាក់ឲ្យសម្ដែងតែម្ដង»។

លោក ហួង តារាមុនី បញ្ជាក់បន្ថែម៖ «សម្រាប់តារាកុងត្រា  យើងកុងត្រាតែតួឯកមួយចំនួនទេ ដើម្បីការពារកុំឲ្យគាត់រត់ទៅថតរឿងផ្សេងប៉ះពាល់ តែសម្រាប់អ្នកធ្វើការជាមួយប៉ុស្តិ៍លេខ៥ល្អៗដូច ទឹម រដ្ឋា យើងអត់បាច់កុងត្រាក៏សប្បាយចិត្តធ្វើការជាមួយគ្នាដែរ»។

ជាមួយនឹងការបកស្រាយ ទឹម រដ្ឋា ក៏ទទូចឲ្យផលិតករប៉ុស្តិ៍ផ្សេងៗទៀត ជួយហៅនាងសម្ដែងផងដែរ តែក៏ត្រូវកាលៈទេសៈ ដែលការសម្តែងនោះសម្របតាមពេលទំនេរពីប៉ុស្តិ៍លេខ៥។ នាងថាក្នុងឆ្នាំ២០១៩នេះ នាងសម្ដែងឲ្យប៉ុស្តិ៍លេខ៥ បាន២រឿងហើយ រាប់ទាំងរឿង«ភ្លើងគំនុំ»ដែលទើបទទួលថត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ