អស់រយៈពេលប្រមាណ៥ ខែមកហើយ ដែលបុរសរងគ្រាប់កាំភ្លើងម្នាក់ក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ គឺលោក ពៅ សារ័ត្ន ត្រូវរស់នៅក្នុងស្ថានភាពពិការមួយកំណាត់ក្រោមនៅលើគ្រែ ដោយមិនទាន់អាចក្រោកអង្គុយបានផងនាពេលបច្ចុប្បន្ន។
ស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ ដោយគ្រួសារបុរសរងគ្រោះគ្មានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឱ្យបានដិតដល់ឡើយ។
និយាយដោយគេងនៅលើគ្រែអ្នកជំងឺ ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងនៅខេត្តបាត់ដំបង លោក ពៅ សារ័ត្ន លើកឡើងថា គ្រួសារលោកមិនសង្ឃឹមប៉ុន្មានទេ ថានឹងទទួលបានយុត្តិធម៌ ត្បិតគ្រួសារលោកជាអ្នកក្រ ទន់ខ្សោយ គ្មានឡើយសូម្បីថវិកាសម្រាប់ព្យាបាលជំងឺរបស់ខ្លួនឱ្យបានប្រសើរ។ ទោះយ៉ាងណាក្តី លោកនៅតែទាមទារឲ្យផ្ដល់យុត្តិធម៌សម្រាប់រូបលោក ដោយថា ប្រសិនបើលោកអាចដើររួច លោកនឹងតស៊ូក្នុងរឿងក្តីក្តាំនេះ។
លោកបន្តថា៖ «(មិន)ដឹងស្នើទៅខាងណាទេបង បើយើងនៅឆ្ងាយអ៊ីចេះ។ ណាមួយយើងអត់ស្គាល់គេ មិនដឹងថា ស្នើតាមណាតាមណីអ៊ីចឹង។ នរណាដែលមិនចង់បានយុត្តិធម៌ បង! ត្រូវគ្រាប់អ៊ីចឹង តែងចង់បានយុត្តិធម៌ហើយ តែមិនដឹងស្នើទៅតាមណា ព្រោះយើងនៅឆ្ងាយ ហើយណាមួយខ្ញុំឈឺអ៊ីចេះ។ បើសិនខ្ញុំដើរបាន ដើរអី ខ្ញុំអាចដើរក្តីអីបាន ដល់ពេលយើងឈឺអីចឹង មានពេលណាទៅនេះបង (ស្វែងរកយុត្តិធម៌)»។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ប្រមាណ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញារង ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ លោក ពៅ សារ័ត្ន ដែលជាកម្មករសំណង់ ត្រូវបានគេបាញ់ចំពីក្រោយត្រង់ស្មាខាងឆ្វេង ហើយគ្រាប់បៀមជាប់ឆ្អឹងខ្នងទៀតផង។
ប៉ុន្មានម៉ោងក្រោយមក យុវជន ពៅ សារ័ត្ន ទើបត្រូវបានគេបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ នារាជធានីភ្នំពេញ។ ជនរងគ្រោះរូបនេះ បានរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែ ត្រូវសម្រាកព្យាបាលជំងឺនៅភ្នំពេញប្រមាណ១ខែ ក្នុងស្ថានភាពមិនអាចកម្រើកមួយកំណាត់ក្រោមចង្កេះបានឡើយ។
គ្រួសារលោក ពៅ សារ័ត្ន បញ្ជាក់ថា ក្នុងពេលសម្រាកព្យាបាលជំងឺនៅភ្នំពេញ អាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំដោយអភិបាលខេត្តនេះ គឺលោក យន្ត មីន បានទៅសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាជាង២ពាន់ដុល្លារដែរ តែថវិកានេះមិនអាចទ្រទ្រង់ការចំណាយបានយូរអង្វែងឡើយ។
ម្តាយរបស់លោក ពៅ សារ័ត្ន ដែលជាស្ត្រីមេម៉ាយផងនោះ អ្នកស្រី អន អៀន មានប្រសាសន៍ថា ក្រោយពេលខ្វះថវិកាក្នុងការព្យាបាលនៅរាជធានីភ្នំពេញ អ្នកស្រីក៏សម្រេចចិត្តនាំកូនប្រុសមកស្រុកកំណើតនៅឯខេត្តបាត់ដំបងវិញ។
អ្នកស្រីបន្តថា ក្រោយមករស់នៅស្រុកកំណើតក្បែរព្រំដែនថៃមួយរយៈពេល ក៏មានការណែនាំពីសំណាក់អង្គការលីកាដូ ឱ្យមកសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងនៅខេត្តបាត់ដំបង ដោយកន្លែងនេះគេមិនយកថ្លៃស្នាក់នៅ និងព្យាបាលទេ។
ម្តាយរបស់យុវជនរូបនេះ បញ្ជាក់ថា មែនទែនទៅគ្រាន់តែសោហ៊ុយធ្វើដំណើរឡើងមកសម្រាកនៅទីរួមខេត្ត ក៏គ្រួសារអ្នកស្រីគ្មានផង ម្យ៉ាងដោយសារជំងឺកូនប្រុសរបស់គាត់ម្នាក់នេះ គ្រួសារអ្នកស្រីបានខ្ចីបុលប្រាក់គេប្រមាណ ២ពាន់ដុល្លាររួចទៅហើយ។
អ្នកស្រី បន្ថែមថា៖ «ហើយដល់មកនេះ អត់យកលុយទេ ពេទ្យអត់យកឈ្នួលយកអីទេ។ ប៉ុន្តែ យើងហូបចុកខ្លួនយើង ទិញសម្ភារអីខ្លួនយើង ដូចបង់បិតដំបៅ ស្អីៗក៏ដោយ យើងប្រើប្រាស់ខ្លួនយើង យើងទិញទាំងអស់។ ដល់អីចឹងហើយខ្វះលុយហ្នឹងឯង។ ខ្វះលុយ មានអី មានតែចងការប្រាក់គេ ទម្រាំនឹងបានចេញទៅរកសងគេ ចុះបើអត់មានបងប្អូនណាឱ្យ»។
អ្នកស្រីបានមកមើលថែកូនប្រុស នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងរយៈពេល ៣ខែមកហើយ ដោយបានទទួលជំនួយមនុស្សធម៌ខ្លះពីអង្គការសិទ្ធិមនុស្សលីកាដូ ប៉ុន្តែ មិនគ្រប់គ្រាន់ទេ។ ដោយឡែកអាជ្ញាធររដ្ឋវិញ អ្នកស្រីថា គ្មានការជួយឧបត្ថម្ភណាមួយទៀតទេ។
អ្នកស្រីបញ្ជាក់ថា៖ «ហើយនេះ គ្រាន់(តែ)ថា នឹងឱ្យគាត់ជួយ បានលុយកាក់អ៊ីចឹងទៅ សួរនាំអ៊ីចឹងទៅ បានលុយបានកាក់មក ផ្តល់ឱ្យខ្ញុំខ្លះអ៊ីចឹងមកណា។ ចាស៎! ឱ្យកូនបានជា បានអ៊ីចឹងទៅ។ ចុះនេះអូនឯងឃើញហើយតើ! បានទៅធ្វើអីកើត ប៉ុណ្ណេះហើយ បួនប្រាំខែហើយនៅតែដេកស្តូកស្តឹង ហើយមីងទៅរកអីបាន»។
ក្រោយការបង្ក្រាបដោយហិង្សាលើពលរដ្ឋមានជម្លោះដីធ្លី រហូតធ្វើឱ្យលោក ពៅ សារ័ត្ន រងគ្រាប់កាំភ្លើងធ្ងន់ធ្ងរនោះ អាជ្ញាធរខេត្តព្រះសីហនុ និងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធ ដោយថា មន្ត្រីរបស់ខ្លួនមិនបានបាញ់ទៅលើពលរដ្ឋក្នុងហេតុការណ៍ពេលនោះឡើយ។
យ៉ាងនេះក្តី លោក អេង ហ៊ី កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចព្យួរការងារមន្ត្រីអាវុធហត្ថម្នាក់ ដែលត្រូវបានរកឃើញថា បានប្រើអំពើហិង្សាទៅលើពលរដ្ឋ និងត្រូវបានកសាងសំណុំរឿងទៅតុលាការ។ ចំណែកឯមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ និងមន្ត្រី៣នាក់ទៀតត្រូវបានអង្គភាពដាក់ពិន័យ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា សំណុំរឿងនេះ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធបានបង្ហាញការទទួលខុសត្រូវ តាមរយៈការជួយដល់គ្រួសារជនរងគ្រោះនិងបានដោះស្រាយចប់សព្វគ្រប់រួចទៅហើយ។
លោក បន្តថា នឹងពិភាក្សាគ្នាចំពោះការខ្វះខាតរបស់គ្រួសារជនរងគ្រោះបន្ថែមទៀត ហើយបើគ្រួសារលោក ពៅ សារ័ត្ន យល់ថា អយុត្តិធម៌បែបណានោះ គឺអាចស្វែងរកអ្នកប្រឹក្សាផ្នែកច្បាប់ដើម្បីជួយពួកគាត់បាន។
លោកបន្តថា៖ «បាទ! ផ្តល់ថវិកាក្នុងការព្យាបាល ហើយរឿងនេះទៀតសោធហ្នឹងក៏បាន ស្ថាប័នពាក់ព័ន្ធហ្នឹង ក៏គាត់មានការដាក់ពិន័យទៅលើមន្ត្រីដែលចុះអនុវត្តសាលដីកានៅពេលនោះផងដែរ។ មានដូចជា ស្ថាប័នកងរាជអាវុធហត្ថ មានយោធា ហើយរឿងនេះបើយើងនិយាយទៅដូចជាបានដោះស្រាយចប់សព្វគ្រប់ហើយ បើតាមខ្ញុំដឹង»។
ប្រធានផ្នែកស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថាមកទល់ពេលនេះ អាជ្ញាធររដ្ឋគ្មានឆន្ទៈក្នុងការរកយុត្តិធម៌ជូនលោក ពៅ សារ័ត្ន ឡើយ ហើយការទទួលខុសត្រូវរបស់រដ្ឋទៅលើគ្រួសារជនរងគ្រោះក៏មិនទាន់មានប្រាកដដែរ។
លោកថា បញ្ហានេះហើយ ធ្វើឱ្យជនរងគ្រោះ និងគ្រួសារគ្មានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពិតប្រាកដពីរដ្ឋាភិបាល។
មន្ត្រីសង្គមស៊ីវិលដដែល យល់ថា ប្រសិនបើយុត្តិធម៌ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅតែមិនអាចផ្តល់ជូនគ្រួសារជនរងគ្រោះបាន ប្រព័ន្ធច្បាប់កម្ពុជានឹងបន្តរងការរិះគន់បន្ថែមទៀត។
លោក មានប្រសាសន៍ថា៖ «បញ្ហាកើតឡើងទៅលើលោក ពៅ សារ័ត្ន គឺក្នុងអំឡុងពេលហ្នឹងតែម្តង ហើយមិនបានបង្ហាញឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ សម្រាប់លោក ពៅ សារ័ត្ន ហ្នឹងទេ។ អានេះវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រព័ន្ធយុត្តិធម៌ សម្រាប់ការស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋ ដែលត្រូវបានរងគ្រោះ នៅក្នុងអំឡុងពេលដែលអាជ្ញាធរកំពុងតែប្រតិបត្តិ។ អាហ្នឹង យើងឃើញថា វាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ គេមើលឃើញថា វាជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរបំផុត»។
យុវជន ពៅ សារ័ត្ន រំលឹកថា ព្រឹត្តិការណ៍អាក្រក់ដែលកើតឡើងលើរូបលោកថា ពេលនោះ លោកមិនមែនជាអ្នកតវ៉ារឿងដីធ្លីនោះទេ ដោយលោកបានចេញទៅទិញម្ហូបសម្រាប់ញ៉ាំបាយពេលថ្ងៃត្រង់ និងបានឈប់មើលគេតវ៉ាមួយភ្លែតតែប៉ុណ្ណោះ។
លោកបង្ហាញការសោកស្តាយចំពោះហេតុការណ៍អាក្រក់នេះ ដោយថា បានប្រែវាសនារបស់ខ្លួនពីមនុស្សដែលធ្លាប់ដើរហើរ និងធ្វើការងាររកចំណូលជួយគ្រួសារបាន មកជាមនុស្សពិការមួយកំណាត់ក្រោមនាពេលប្ចុចុ្បន្ន សូម្បីតែបត់ជើងក៏ខ្លួនឯងមិនដឹងផង។
ម្តាយលោក ពៅ សារ័ត្ន អះអាងថា ក្នុងស្ថានភាពជំងឺរបស់កូនអ្នកស្រីបច្ចុប្បន្ន ពេទ្យបានប្រាប់ថាត្រូវសម្រាកព្យាបាលនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងនេះ ប្រមាណ៦ ខែទៀត ទើបដឹងលទ្ធផលថា អាចដើរបាន ឬត្រូវសម្រាកនៅលើគ្រែបន្តទៀត៕