លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់អ្នកសារព័ត៌មាននៅតំបន់អាស៊ីឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយដោយជេរប្រមាថញុះញង់ឱ្យមានការរើសអើងកើតជាសង្រ្គាម ឬហិង្សាផ្សេង។
ក្នុងពិធីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលធ្វើនៅសៀមរាបនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានកំពុងគំរាមកំហែងដល់សិទ្ធិបុគ្គល សន្តិសុខក្នុងតំបន់ និងពិភពលោក។
លោក ហ៊ុន សែន៖ «ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគំគួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹង ដោយការស្អប់ខ្ពើមរើសអើង បង្កជម្លោះរវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឱ្យមានអសន្តិសុខសង្គម។»
ក្នុងសារអបអរទិវាសេរីភាពសារព័ត៌មានកាលពីថ្ងៃទី៣ ខែឧសភា លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យអ្នកសារព័ត៌មានក្លាហានក្នុងការផ្សាយព័ត៌មានពិត លើកឡើងពីចំណុចខ្វះចន្លោះពីការដឹកនាំ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងរបស់មន្ត្រី និងរដ្ឋាភិបាលទាំងមូល។
និពន្ធនាយកប្រតិបត្តិសារព័ត៌មាននៅកាសែត ខ្មែរថាមស៍ លោក ម៉ៃ ទិត្យថារ៉ា មើលឃើញថា អ្នកសារព័ត៌មាននៅតាមស្ថាប័នមួយចំនួន រួមទាំងអ្នកសារព័ត៌មានប្រជាពលរដ្ឋនៅមិនទាន់គោរពតាមក្រមសីលធម៌វិជ្ជាជីវៈនៅឡើយទេ ។
លោកថា៖ «សារព័ត៌មានប្រជាពលរដ្ឋ យើងឃើញហើយ គាត់ប្រើបណ្តាញសង្គមហ្វេសប៊ុក យកមកលេង យកប្រើប្រាស់ព័ត៌មាន ហើយមានការនិយាយ «អាមឹង» ដាក់គ្នា ហើយគាត់ស្អប់អ្នកណា មិនពេញចិត្តអ្នកណា គាត់និយាយរិះគន់ខ្លាំងៗអ៊ីចឹង ជារឿងមួយធ្វើឱ្យមានផលប៉ះពាល់ខ្លាំងបំផុតទៅដល់វិស័យសារព័ត៌មាន។ យើងដឹងហើយថា ឥលូវនេះ ព័ត៌មានប្រជាពលរដ្ឋរីកសាយលឿនជាងស្ថាប័នសារព័ត៌មានធំៗ ស្ថាប័នសារព័ត៌មានយើងត្រូវច្បាស់ព័ត៌មានមួយចំនួន មុននឹងយើងចេញផ្សាយ ប៉ុន្តែ សម្រាប់ពួកគាត់ដាក់យកតែម្ដង»។
លោកបន្តថា ដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់នោះ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន លោកថា ក្រសួងព័ត៌មានត្រូវបើកវគ្គបណ្ដុះបណ្ដាលដល់ពួកគេឱ្យយល់ដឹងពីច្បាប់ក្រមសីលធម៌ វិជា្ជជីវៈ និងរបៀបសរសេរសារព័ត៌មានផងដែរ។
របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់សម្រាប់ឆ្នាំ២០១៩ ឱ្យកម្ពុជាជាប់លេខ ១៤៣ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះធ្លាក់ចុះមួយលេខ បើប្រៀបធៀបឆ្នាំ២០១៨ ដោយសារតែការបិទស្ថានីយ៍វិទ្យុជាង ៣០ កាលពីចុងឆ្នាំ២០១៧ និងបង្ខំកាសែត ឌឹខេមបូឌាដេលី បិទទ្វារ និងការផ្លាស់ប្តូរម្ចាស់កាសែត ភ្នំពេញប៉ុស្តិ៍។