អឺរ៉ុបប្រាប់​ក​ម្ពុជា​ឲ្យ​បង្ហាញការកែលម្អបញ្ហាសិទ្ធិមនុស្ស«ពិតប្រាកដ»ដើម្បីរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

សហភាពអឺរ៉ុបជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញ​ការ​កែលម្អបញ្ហាសិទ្ធិមនុស្ស «ពិតប្រាកដ» ដើម្បីបញ្ចៀសនូវការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។

ការជំរុញជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីគណៈប្រតិភូអឺរ៉ុបបានបញ្ចប់ដំណើរបេសកកម្មលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា កាលពីសប្ដាហ៍មុន ដើម្បីស្វែងរកការពិត និងពិនិត្យមើលកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា ក្នុងបរិបទនៃដំណើរការដែលអាចឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» EBA ពីកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែមិថុនា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ សហភាពអឺរ៉ុបឲ្យដឹងថា ដំណើរបេសកកម្មរបស់គណៈប្រតិភូអឺរ៉ុបលើកនេះ បានលើកយកបញ្ហាធំៗមួយចំនួនទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា រួមមាន សិទ្ធិនយោបាយ សេរីភាពប្រមូលផ្ដុំ និងសិទ្ធិបញ្ចេញមតិ និងសិទ្ធិដីធ្លី ដែលពលរដ្ឋត្រូវបានគេបណ្ដេញចេញពីផ្ទះសម្បែងដោយគម្រោងដីសម្បទានសេដ្ឋកិច្ច។

ក្នុងសេចក្ដីប្រកាសព័ត៌មាន សហភាពអឺរ៉ុបអះអាងថា ខ្លួនបានបេ្ដជ្ញាធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ។

ប៉ុន្ដែ សហភាពអឺរ៉ុបក៏ជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្ហាញការកែលម្អបញ្ហាសិទ្ធិមនុស្សមួយដែល​សហភាព​អឺរ៉ុប​ចាត់​ទុក​ជា​ការ​កែ​លម្អ​ «ពិតប្រាកដ» និង «គួរឲ្យជឿទុកចិត្តបាន» ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។

ក្នុងសេចក្ដីប្រកាសព័ត៌មាន សហភាពអឺរ៉ុប ឲ្យដឹងថា៖ «គោលដៅរបស់សហភាពអឺរ៉ុប គឺលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបប្ដេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្រេចបានគោលដៅនេះ។ កម្ពុជាត្រូវបង្ហាញការកែទម្រង់ដែលពិតប្រាកដ និងជឿទុកចិត្តបាន ទាក់ទងនឹងបញ្ហាដែលជាក្ដីកង្វល់ ដើម្បីបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA»។

សហភាពអឺរ៉ុបឲ្យដឹងទៀតថា ដំណើរការវាយតម្លៃ និងត្រួតពិនិត្យកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជានេះ នឹងបញ្ចប់នៅពាក់កណ្ដាលខែសីហាខាងមុខ ហើយនឹងធ្វើរបាយការណ៍មួយ ដែលបង្ហាញនូវការរកឃើញ និងសេចក្ដីសន្និដ្ឋានរបស់ខ្លួន។

សមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន លើកឡើងថា សហភាពអឺរ៉ុបគួរវាយតម្លៃដោយ «យុត្តិធម៌» អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងក្រឡេកមើលការអភិវឌ្ឍនានា ដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។

ម្យ៉ាងទៀត លោកថា រដ្ឋាភិបាលក៏បានព្យាយាមកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនជាបន្ដបន្ទាប់រួចមកហើយ ជាពិសេសការអនុញ្ញាតឲ្យអតីតមន្ដ្រីបក្សប្រឆាំង ១១៨នាក់ មានសិទ្ធិចូលធ្វើនយោបាយ​ឡើង​វិញ និងការផ្ទេរលោក កឹម សុខា ពីការជាប់ឃុំក្នុងពន្ធនាគារ មកជាការជាប់ឃុំនៅក្នុងផ្ទះវិញ ជាដើម។

លោក កត្តា អ៊ន មាន​ប្រសាសន៍ថា៖ «សព្វថ្ងៃ ព្រះមហាក្សត្រក៏បានផ្ដល់សិទ្ធិឲ្យបងប្អូនតំណាងរាស្ដ្រ ១១៨នាក់ មានសិទ្ធិប្រកបនយោបាយរបស់ខ្លួនវិញ។ បញ្ហាសិទ្ធិមនុស្សមិនមែនមានតែមនុស្ស ១១៨នាក់ទេ យើងក៏ឲ្យតម្លៃលើមនុស្ស ១៦លាននាក់នៅកម្ពុជា។ យើងមិនអាចវាយតម្លៃប្រទេសកម្ពុជាទាំងមូលថា រំលោភសិទ្ធិមនុស្សទេ អាហ្នឹងជារឿងអយុត្តិធម៌ណាស់ ដែលរដ្ឋាភិបាល គណៈកម្មការសិទ្ធិមនុស្សកម្ពុជាមិនអាចទទួកយកបានទេ»។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ ប្រព័ន្ធ EBA ត្រូវ​បាន​ផ្ដល់​មក​ឲ្យកម្ពុជាដោយភ្ជាប់​ជាមួយ​លក្ខខណ្ឌ​​​សិទ្ធិ​មនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យ ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាននាំ​ចេញ​ទំនិញ​គ្រប់​មុខទៅកាន់​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ផុតពី​កាតព្វកិច្ចបង់​ពន្ធ ដែល​មាន​តម្លៃ​ដល់ទៅជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រធានក្រុមវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​លើក​ឡើង​ថា គន្លឹះនៃការដោះស្រាយបញ្ហាបច្ចុប្បន្ន គឺទាល់តែរដ្ឋាភិបាលបើកលំហូរប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការលុបចោលនូវបទប្បញ្ញត្តិច្បាប់ ដែលរឹតត្បឹតដល់សិទ្ធិសេរីភាពរបស់មេដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។

កញ្ញាបន្ដថា៖ «ប៉ុន្ដែ ខ្ញុំគិតថា រដ្ឋាភិបាលគួរគិតពីជំហានទី១សិន គឺឈប់បុករកទៅលើអតីតគណបក្សប្រឆាំង និងដោះលែងមេគណបក្សប្រឆាំង អាហ្នឹងបានជាការដោះស្រាយបញ្ហានៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋាភិបាលគួរតែពិចារណាទៅលើចំណុចអស់នេះ»។

ប៉ុន្ដែ កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០១៩ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​នៅ​ក្នុងប្រទេសនេះ ពោលគឺក្រោយពេលដែលកម្ពុជាបានបញ្ចប់ការបោះឆ្នោតមួយ ដែលអតីតបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយនោះ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសជំហរនៅអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់ប្រតិភូអឺរ៉ុបកាលពីខែមីនាកន្លងទៅថា កម្ពុជាមិនខ្វល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនោះទេ ដោយលោកថា ទោះមាន ឬក៏គ្មានប្រព័ន្ធ EBA នេះ ក៏កម្ពុជាមិនស្លាប់នោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ