ចាងហ្វាងកាសែត ខ្មែរថាមស៍ បដិសេធការចោទរឿងបៀតបៀនផ្លូវភេទអតីតបុគ្គលិក

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan ។ រូបភាព៖ បណ្ដាញសង្គម

ចាងហ្វាងកាសែត ខ្មែរថាមស៍ លោក T. Mohan ច្រានចោលការចោទប្រកាន់ថា លោកបានបៀតបៀនផ្លូវភេទលើអតីតបុគ្គលស្រីជាជនជាតិហ្វីលីពីនម្នាក់ ខណៈនាងកំពុងរៀបចំដំណើរក្ដីប្រឆាំងរូបលោក។

នៅក្នុងអត្ថបទសង្ខេបមួយដែលលោក T. Mohan ផ្ញើមកឲ្យ VOD នៅថ្ងៃនេះ ចាងហ្វាងកាសែត ខ្មែរថាមស៏ រូបនេះ បានហៅការចោទប្រកាន់ពីសំណាក់អតីតបុគ្គលិករបស់លោក ដែលជាអ្នកសរសេរអត្ថបទជីវិតកម្សាន្ដ និងសង្គម អ្នកនាង April Reposar ថា ជារឿងប្រឌិត និងចង់បង្ខូចកិត្តិយសលោកតែប៉ុណ្ណោះ។

ក្នុងអត្ថបទសង្ខេបនោះ លោក T. Mohan ចោទថា នាង April Reposar គឺជាអតីតបុគ្គលិកដែលចង់បានកេរ្តិ៍ឈ្មោះ ចូលចិត្តផឹកស្រាស្រវឹង និងស្លៀកពាក់មិនសមរម្យ ហើយថា សារឆ្លើយឆ្លងដែលនាងបង្ហោះលើបណ្ដាញសង្គមនោះ គឺត្រូវបានប្រឌិតឡើងទាំងស្រុង។  

លោក អះអាងថា នៅក្រោយពិធីជប់លៀងបញ្ចប់អាណត្តិអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ នាង April Reposar បានផឹកស្រាស្រវឹង ហើយនិយាយថា នាងស្ម័គ្រចិត្តធ្វើជាដៃគូជីវិតរបស់លោក ជាថ្នូរនឹងប្រាក់ ១ពាន់ដុល្លារ និងការឧបត្ថម្ភផ្សេងទៀតប្រចាំខែ ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ មិនមានប្រាក់ផ្ញើទៅកូន២នាក់ និងម្ដាយ នៅប្រទេសហ្វីលីពីន និងម្យ៉ាង មកពីចង់កសាងជីវិតល្អប្រសើរផងនោះ។

មួយវិញទៀត លោក T. Mohan អះអាងថា នាង April Reposar បានខ្ចីប្រាក់លោកសរុបចំនួន ៩០០ដុល្លារ រួចមកហើយ ដើម្បីដោះស្រាយបញ្ហាជីវភាព និងការចង់ផ្លាស់ប្ដូរកន្លែងស្នាក់នៅថ្មី។ លោកបន្ដថា មួយសប្ដាហ៍ក្រោយមកទៀត នាង April Reposar ក៏បានសុំខ្ចីលុយបន្ថែមទៀត ប៉ុន្ដែ លោកបានបដិសេធ ដែលថា បានធ្វើឲ្យនាងខឹងសម្បារនឹងលោកជាខ្លាំង។

យ៉ាងណាក៏ដោយ លោកថា សារទាក់ទងគ្នារវាងគាត់ និងនាង គឺបានបញ្ជាក់ច្បាស់ត្រង់ចំណុចនេះ ប៉ុន្ដែ ថា លោកបានលុបសារទាំងអស់នោះចោលហើយ ដោយសារគួរឲ្យខ្មាស់អៀនពេក។

ក្នុងអត្ថបទដដែលនោះ លោក T. Mohan លើកឡើងថា ប៉ុន្មានថ្ងៃមុនពេលនាងលាឈប់ពីការងារនោះ លោកសង្កេតឃើញនាង April Reposar មើលទៅហត់នឿយអស់កម្លាំង ដោយថា នាងបានឆ្លើយតបមកលោកវិញថា នាងបាននៅដល់យប់ជ្រៅ ដោយមានណាត់នៅខាងក្រៅ និងថា បុរសនោះក៏គេងនៅផ្ទះរបស់នាងដែរ។

ក្នុងអត្ថបទសង្ខេបនោះ លោក T. Mohan សរសរថា៖ «ច្បាស់ណាស់ នេះគឺការប៉ុនប៉ងបង្ខូចកេរ្ដិ៍ឈ្មោះរបស់ខ្ញុំជាថ្មីម្ដងទៀត […] បង្ខូច បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ មានន័យថា បង្ខូចកេរ្ដិ៍ឈ្មោះកាសែត Khmer Times ហើយខ្ញុំយល់ថា នេះគឺជារឿងនយោបាយសុទ្ធសាធ ដែលរឿងរ៉ាវទាំងអស់នេះមិនដែលកើតឡើងនោះទេ។ ខ្ញុំមិនដែលយកម្រាមដៃប៉ះបុគ្គលិកស្រីណាទេ ហើយខ្ញុំក៏មិនដែលគំរាមកំហែងអ្នកណាដែរ»។

អតីតបុគ្គលិកកាសែត ខ្មែរថាមស៏ អ្នកនាង April Reposar April ប្រាប់ VOD តាមរយៈបណ្ដាញសង្គម Whats App នៅថ្ងៃនេះថា អ្វីដែលលោក T. Mohan អះអាងនេះ គឺជាការកុហកទាំងស្រុង និងថា អ្នកនាងមានសាក្សី ដែលអាចបញ្ជាក់បានថា នាងមិនស្ថិតក្នុងស្ថានភាពស្រវឹងនោះឡើយនៅពេលចូលរួមពិធីជប់លៀងបញ្ចប់អាណត្តិឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានោះ។

ប៉ុន្ដែ អ្នកនាង April Reposar សារភាពថា នៅអំឡុងពេលនោះ នាងពិតជាជួបបញ្ហាថវិកា និងការចង់ផ្លាស់ប្ដូរកន្លែងស្នាក់នៅមែន។ ប៉ុន្ដែថា លោក T. Mohan ខ្លួនឯងទេ ដែលស្ម័គ្រចិត្តឲ្យប្រាក់ដល់នាងខ្ចីចំនួន ៩០០ដុល្លារ ក្រោយដឹងថា នាងបានស្នើសុំបើកប្រាក់មុនសម្រាប់ខែដំបូងដែលនាងបានបំពេញការងារនៅស្ថាប័នកាសែតមួយនេះ។

យ៉ាងណាក៏ដោយ  អ្នកនាង April Reposar និយាយថា នាងមិនចង់ធ្វើអត្ថាធិប្បាយបន្ដទៀតនោះទេ ដោយថា ទុកឲ្យមេធាវីជាអ្នកដំណើរក្ដីរឿងនេះចុះ។ 

អ្នកនាង April Reposar អះអាងថា៖ «ពីកថាខណ្ឌទី១ ដល់កថាខណ្ឌចុងក្រោយ ទាំងអស់នេះគឺសុទ្ធតែកុហកទាំងអស់។ មានមនុស្សដែលអាចបញ្ជាក់រឿងនេះបាន។ ពីឥឡូវនេះទៅ ខ្ញុំគិតថា នឹងមិនឆ្លើយតបទាក់ទងនឹងការអះអាងរបស់គាត់នោះទេ ព្រោះថា ទោះខ្ញុំផ្ដល់ព័ត៌មានយ៉ាងណា គាត់នឹងប្រឌិតវាឡើង ហើយខ្ញុំសូមប្រកាន់ជំហរយ៉ាងច្បាស់ថា គាត់បានបៀតបៀនមកលើខ្ញុំ»។

អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនោះទេ។ ប៉ុន្ដែ លោកពន្យល់ថា ករណីនេះជារឿងព្រហ្មទណ្ឌ ដែលភាគីរងគ្រោះអាចប្ដឹងទៅអាជ្ញាធរកម្ពុជា ដើម្បីជួយរកយុត្ដិធម៌។

លោក បន្ដថា៖ «អាហ្នឹងជារឿងព្រហ្មទណ្ឌ អញ្ចឹង វាប៉ះពាល់គាត់ គាត់អាចប្ដឹងទៅសមត្ថកិច្ចបាន គេនឹងដោះស្រាយ។ បាទ អាហ្នឹងច្បាប់កម្ពុជាយើង»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអង្គការអាដហុក លោក ស៊ឹង សែនករុណា ជំរុញឲ្យអាជ្ញាធរកម្ពុជាចូលរួមស៊ើបអង្កេតនៅក្នុងរឿងនេះ ដោយថា ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងលុបបំបាត់អំពើបៀនបៀនផ្លូវភេទនៅកម្ពុជា។

ប៉ុន្ដែ មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរូបនេះរិះគន់ផងដែរថា កម្រឃើញអាជ្ញាធរកម្ពុជាចាត់វិធានការលើករណីបៀតបៀនផ្លូវភេទ​នេះ ដោយថា តាមការអនុវត្តជាក់ស្ដែង គឺទាល់តែជនរងគ្រោះប្ដឹង ទើបអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នតុលាការមានវិធានការ។ 

លោក បន្ដថា៖ «ព្រះរាជអាជ្ញាដែលជាតំណាងឲ្យអ្នកអនុវត្តច្បាប់ក្នុងប្រទេស ដោយមិនចាំបាច់មានបណ្ដឹងទេ ប្រសិនជាទទួលព័ត៌មាននៃបទល្មើសទាំងអស់ហ្នឹង។ ប៉ុន្ដែ កន្លងមកយើងក៏កម្រឃើញមានការចាត់វិធានការរបៀបហ្នឹងដែរ ភាគច្រើនគឺទាល់តែចាំមានបណ្ដឹងពីជនរងគ្រោះ ដែលគាត់ចង់ប្ដឹង អាហ្នឹងបានឃើញមានការចាត់វិធានការ អញ្ចឹង»។

ក្នុងលិខិតចំហរចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលផ្ញើជូនទៅស្ថានទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា អ្នកនាង April Reposar បានលាតត្រដាងនូវរឿងអាស្រូវផ្លូវភេទនេះឡើង  ដោយអ្នកនាងចាត់ទុកថា ទង្វើរបស់លោក T. Mohan គឺ «គ្មានវិជ្ជាជីវៈ» និងមិនអាចទទួលយកបាន។

អ្នកនាង April Reposar ឲ្យដឹងផងដែរថា មូលហេតុដែលនាងទម្លាយរឿងនេះក្រោយទៅដល់ប្រទេសហ្វីលីពីនវិញនោះ គឺមកពីភ័យខ្លាច និងបារម្ភបញ្ហាសុវត្ថិភាពពេលស្នាក់ប្រទេសកម្ពុជា។

លោក T. Mohan ជាជនជាតិម៉ាឡេស៊ី បានចូលប្រឡូកក្នុងវិស័យព័ត៌មាននៅកម្ពុជាដំបូង នៅទសវត្សរ៍ឆ្នាំ១៩៩០ ដោយនៅពេលនោះ លោកគឺជាអ្នកគ្រប់គ្រងទូទៅនៃកាសែត Cambodia Times ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ ហើយបន្ទាប់មកគឺនៅកាសែត Cambodia Today ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។

ក្រោយមកទៀត លោក T. Mohan គឺជាស្ថាបនិកកាសែត ខ្មែរថាមស៍ ដែលត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៤៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ