ប្រជាកសិករនៅក្នុងឃុំមួយនៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធជួយដោះស្រាយបញ្ហាសត្វដង្កូវស៊ីបំផ្លាញស្រូវរបស់ពួកគាត់។
កសិករនៅឃុំបាក់ចិញ្ចៀន លោក ស៊ែម ឆឹង រៀបរាប់ថា ស្រូវរបស់គាត់ត្រូវសត្វដង្កូវស៊ីបំផ្លាញអស់ជិត១ហិកតា ក្នុងរយៈពេល២ថ្ងៃ។ លោកបន្តថា ដង្កូវនេះជាប្រភេទដង្កូវហ្វូង សម្បុរត្នោត បើចុះស្រែណាហើយគឺស៊ីខ្ទេចស្រែនោះតែម្តង ជាពិសេសស្រែគោកទឹកហើយព្រួសក្រោយគេ។

លោក ស៊ែម ឆឹង ៖ «ដង្កូវម៉ាគុម្ពៗតោងស៊ីខ្មៅដើម ឃើញហើយព្រឺសម្បុរ ហើយវាស៊ីអាខាងគោក ខាងទឹកអត់អី»។
លោក ស៊ែម ឆឹង បញ្ជាក់ថា លោកបានប្រើប្រាស់ថ្នាំគីមីកម្ចាត់សត្វដង្កូវដោះស្រាយបានខ្លះ ប៉ុន្តែបារម្ភកើតមាននៅស្រែផ្សេងទៀត។
កសិករម្នាក់ទៀត លោក ជ័យ រ៉ុម ឱ្យដឹងដែរថា ស្រូវពង្រួសរបស់គាត់ សត្វដង្កូវបំផ្លាញអស់ជាង៧០អា ឥឡូវគាត់កំពុងជួលគេបាញ់ថ្នាំសម្លាប់ដង្កូវ ជាប្រភេទថ្នាំសម្លាប់ក្តាមលាយជាមួយថ្នាំសម្លាប់សត្វល្អិតផ្សេងទៀត។ លោកថា បញ្ហានេះធ្វើឱ្យកសិករផ្សេងៗ រួមទាំងរូបលោកផងត្រូវចំណាយលុយថែមមួយចំនួនទៀត។
គាត់ថា៖ «ស្រែម្តុំហ្នឹងខានកើតដង្កូវយូរហើយ ទើបមកកើតឆ្នាំហ្នឹង ពេលកើតម្តងត្រូវចំណាយលុយច្រើន ណាលុយថ្លៃទិញថ្នាំ ណាលុយថ្លៃជួលគេបាញ់ថ្នាំ ចំណាយ១ហិកតាៗមិនតិចជាង១០ម៉ឺនរៀលទេ»។
លោក ជ័យ រ៉ុម បន្តថា ស្រូវរបស់កសិករនៅក្នុងឃុំរបស់លោក ស្ទើរទាំងអស់កំពុងរងការបំផ្លាញដោយសត្វដង្កូវ។
កសិករម្នាក់ទៀត ដៃកំពុងយួរថ្នាំគីមីយកទៅបាញ់សម្លាប់ដង្កូវដែរនោះ ឈ្មោះ វណ្ឋា ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធប្រញាប់ជួយអន្តរាគមន៍ឱ្យបានទាន់ពេល បើមិនដូច្នោះទេ ស្រូវរបស់ពួកគាត់នឹងត្រូវដង្កូវស៊ីបំផ្លាញអស់ទាំងស្រុង។
លោក ម៉ម រិន ជំទប់ទី១ ឃុំបាក់ចិញ្ចៀន ទទួលបន្ទុកផ្នែកកសិកម្ម បានឱ្យដឹងថា លោកទទួលបានព័ត៌មានដង្កូវស៊ីស្រូវប្រជាពលរដ្ឋក្នុងឃុំលោកហើយ ហើយលោកក៏បានរាយការណ៍ទៅការិយាល័យកសិកម្មស្រុកហើយដែរ។ លោកបន្តថា ចំពោះទិន្នន័យនៃការខូចខាតគឺមិនទាន់ដឹងទេ ។
លោក ម៉ម រិន៖ «វាស៊ីពេញឃុំមែន តែវាស៊ីច្បោះៗ ស្រែនេះ១ ស្រែនោះ១ ហើយវាទើបកើតផង ចឹងហើយបានមេភូមិក្តាប់មិនទាន់បានពីទំហំការខូចខាត ហើយគ្មានរបាយការណ៍មកឃុំបានដឹង»។
លោក ម៉ម រិន បញ្ជាក់ថា លោកបានណែនាំដល់ប្រជាកសិករដែលកំពុងជួបបញ្ហានេះ ពីរបៀបប្រើប្រាស់ថ្នាំគីមីដើម្បីកម្ចាត់ដង្កូវ។ លោកបានបន្តថា កាលពីថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ ប្រជាពលរដ្ឋបានយកដើមស្រូវ និងចាប់ដង្កូវទៅឱ្យខាងមន្ត្រីមន្ទីរកសិកម្មពិនិត្យដែរ តែមិនទាន់មានលទ្ធផលទេ។
វី.អូ.ឌី បានទាក់ទងសុំការពន្យល់ពីមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លើវិធានការដោះស្រាយបញ្ហានេះ តាមសារអេឡិចត្រូនិច ប៉ុន្តែ មិនទាន់មានការឆ្លើយតបទេ។
តាមរបាយការណ៍ អាជ្ញាធរផ្ទៃដីកសិកម្មសម្រាប់ធ្វើស្រូវរបស់កសិករនៅក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ មានចំនួន១ ៦៦៤ហិកតា៕