វិភាគ៖ តើ​កម្ពុជា​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើជាប់ឈ្មោះក្នុងបញ្ជីលាងលុយ?

ទិដ្ឋភាពអគារធំៗ និងចរាចរណ៍តាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ហៅ​កាត់​ថា​ FATF ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​ខ្លួន ដើម្បី​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម​ ចេញ​និង​ចូល​ក្នុង​ប្រទេស​នេះ​។

ឆ្លើយតប​ទៅ​នឹង​ករណី​នេះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង កាល​ពី​សប្ដាហ៍​មុន​ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធាន​ការ​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ការ​ចរាចរណ៍​លុយ​កខ្វក់​នៅ​កម្ពុជា​នេះ ដោយ​ថា ​ប្រសិន​ជា​កម្ពុជា​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​លាង​លុយ​កខ្វក់​បន្ថែម​ទៀត​គឺ​បាន​ន័យ​ថា​ កម្ពុជា​នឹង​ស្លាប់។

លោក ស ខេង៖ «ងាប់​ប្រទេស​ជាតិ​ត្រង់​ណា? ត្រង់​ថា បើ​ថ្ងៃ​ណា​មួយ​ដល់​កម្រិត​មួយ ចាត់​​ប្រទេស​​កម្ពុជា​ជា​ប្រទេស​ខ្មៅ ជា​ប្រទេស​លាង​លុយ ចប់។ ចរាចរណ៍​លុយ​កាក់​ពី​ធនាគារ​ណា​ទាំង​អស់ ខ្ញុំ​មិន​ហ៊ាន​ថា ១០០​ភាគរយ​ចប់​ទេ ប៉ុន្តែ វា​ពិត​ជា​ប្រឈម​នឹង​ការ​លំបាក​ដ៏​ធំហើយនោះ​ហានិភ័យ​ដ៏​ធំ​បំផុត»។

ការ​ព្រួយ​បារម្ភ​របស់​លោក​ ស ខេង នៅ​ពេល​នេះ ​វា​បង្កើត​ជា​សំណួរ​ថា​ តើ​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង ​ប្រសិន​កម្ពុជា​មិន​អាច​ទប់​ស្កាត់​បញ្ហា​នេះ​ ហើយ​ត្រូវ​បាន​អន្តរជាតិ​ទម្លាក់​ចំណាក់​ថ្នាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​?

លុយ​កខ្វក់ ​គឺ​ជា​លុយ​ដែល​បាន​មក​តាម​មធ្យោបាយ​ខុស​ច្បាប់​គ្មាន​ប្រភព​ច្បាស់​លាស់ លុយ​ទាំង​នេះ​​​បាន​មក​ពី​អំពើ​ចោរកម្ម ការ​លក់​អាវុធ​ខុស​ច្បាប់ អំពើ​ពេស្យាចារ​ខុស​ច្បាប់ ​ជួញដូរ​ថ្នាំ​ញៀន និង​ទំនិញ​គេច​ពន្ធ​ផ្សេង​ទៀត​ដែល​ទទួល​បាន​កម្រៃ​ច្រើន​។

ដើម្បី​ធ្វើ​ឲ្យ​លុយ​នេះ​ក្លាយ​ជា​លុយ​ស្អាត ឬ​ស្រប​ច្បាប់​វិញ​ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​វិធី​លាង​លុយ តាម​រយៈ​ការ​ដាក់​លុយ​ក្នុង​សេវាកម្ម​ធនាគារ​ដោយ​បង្កើត​គណនី​ច្រើន​ និង​ដាក់​លុយ​ក្នុង​ចំនួន​សមស្រប​មួយ​ រួច​បង្វិល​ចូល​គណនី​ធំ​មួយ​ដើម្បី​បែង​ចែក​ទៅ​កាន់​ការ​វិនិយោគ​ផ្សេង​ៗ​ដូចជា វិនិយោគ​លើ​អចលនទ្រព្យ ឬ​បើក​អាជីវកម្ម។

មធ្យោបាយ​លាង​លុយ​មួយ​ទៀត​ដែល​ប្រើ​បាន​តែ​ប្រឈម​ហានិភ័យ​ខ្ពស់​នោះ​ គឺ​តាម​រយៈ​ការ​យក​លុយ​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ។

របាយការណ៍​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៨ ​មាន​ការ​បង្ក្រាប​ការ​លាង​លុយ​កខ្វក់​បាន​តែ​មួយ​ករណី​ប៉ុណ្ណោះ តែ​ចំនួន​នៃ​ការ​បង្ក្រាប​នេះ​កើន​ឡើង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​នេះ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ លោក ឌី វិជ្ជា មាន​ប្រសាសន៍​ថា ​ក្នុង​ឆមាស​ទី១ នៃ​​ឆ្នាំ​២០១៩​ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​ការ​នាំ​ចូល​សាច់​ប្រាក់​ផ្ទាល់​តាម​ព្រលាន​យន្ត​ហោះ​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​បាន​ជាង​ ៤លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ខណៈ​បទ​ល្មើស​សម្អាត​ប្រាក់តាម​រយៈ​ធនាគារ​មាន​​ទឹកប្រាក់​ជិត​ ១០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ ព្រមាន​​ថា ​ប្រសិន​ជា​កម្ពុជា​មិន​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ជា​ពិសេស​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ដែល​កម្ពុជា​ខំ​ប្រឹង​ថែ​រក្សា​មក​​ជា​យូរ​មក​ហើយ​នោះ។

លោក​ថា៖ «ឧទាហរណ៍​ថា​ នៅ​ពេល​មាន​ការ​ថ្លឹង​ថ្លែង​នូវ​ការ​វិនិយោគ​ដែល​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា តែ​យើង​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ ហើយ​ប្រទេស​មួយ​ទៀត​ត្រូវ​បាន​គេ​ធានា​ថា​មិន​មាន​ការ​លាង​លុយ​កខ្វក់​ ឬ​ក៏​មាន​ការ​លាង​លុយ​កខ្វក់​តិចតួច​ គេ​នឹង​ជ្រើស​រើស​យក​ប្រទេស​មួយ​ផ្សេង​ទៀត​ហើយ»។

អ្នក​វិភាគ​សេដ្ឋកិច្ច​ម្នាក់​ទៀត​គឺ​លោក យ៉ង ប៉ាក់ បាន​លើក​ឡើង​ផង​ដែរ​ថា ​នៅ​ពេល​ដែល​ប្រទេស​ណា​មួយ​ត្រូវ​បាន​ដាក់​ជា​ប្រទេស​លាង​លុយ​កខ្វក់ ​បាន​ន័យ​ថា ​ប្រទេស​នោះ​ គឺ​ជា​ប្រទេស​ដែល​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម អំពើ​ចោរកម្ម ពេស្យាចារ និង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ ជា​ដើម​ ដែល​សុទ្ធ​តែ​ជា​អំពើ​ខុស​ច្បាប់​ក្នុង​កែវភ្នែក​របស់​ពិភពលោក។ ​

លោក យ៉ង ប៉ាក់ ព្រមាន​ថា ​ប្រសិន​​កម្ពុជា​មិន​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន​​ទេ វា​អាច​នឹង​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ការ​បាត់បង់​អ្នក​វិនិយោគ​ល្អៗ ហើយ​កេរ្តិ៍​ឈ្មោះ និង​កំណើន​សេដ្ឋកិច្ច​ដែល​រក្សា​បាន​ល្អ​នៅ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ​ក៏​នឹង​បាត់បង់​តាម​នោះ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត​ លោកថា គ្មាន​ប្រទេស​ណា​មួយ​ចង់​បង្កើត​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជា​មួយ​នោះ​ទេ ដែល​នៅ​ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ឯកោ​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង​តែ​ម្ដង។

លោក យ៉ង ប៉ាក់៖ «វា​មិន​មែន​ជា​សញ្ញា​ល្អ​ទេ! ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​ពង្រឹង​ការ​លាង​លុយ​កខ្វក់​ ដែល​សម្ដេច ​ស ខេង លោក​មាន​ប្រសាសន៍​ហ្នឹង​គឺ​ត្រូវ​ហើយ​ ព្រោះ​លោក​ដឹង​រឿង​ច្រើន​ទាក់ទង​នឹង​សង្គម​របស់​យើង។ យើង​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ជា​អតិបរមា​ បើ​មិន​អញ្ចឹង​ទេ ​យើង​ក្លាយ​ជា​ប្រទេស​ឯកោ​សេដ្ឋកិច្ច​ហើយ»។

យោង​តាម​គេហទំព័រ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ ប្រទេស​ចំនួន​២​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​គឺ​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ត្រូវ​បាន​ពិភព​លោក​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​​ផង​ដែរ ខណៈ​ប្រទេស​កម្ពុជា និង​ប្រទេស​៩​ទៀត​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​តាម​ដាន។

​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន មាន​ប្រសាសន៍​ ករណី​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ព្រួយ​បារម្ភ តែ​លោក​ថា ​រដ្ឋាភិបាល​កំពុង​ពិនិត្យ​ពង្រឹង​បន្ថែម​លើ​វិធាន​ការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទោះ​ជា​យ៉ាង​ណា ​លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ​ ដោយ​ថា ​បញ្ហា​នេះ​ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​ធនាគារ​ជាតិ។

លោក​ថា៖ «ក្រសួង​សេដ្ឋកិច្ច​ គឺ​ជា​ផ្នែក​មួយ​ដែល​ប្រតិបត្តិ​នូវ​គោលនយោបាយ​ដែល​ថ្នាក់​ជាតិ​គាត់​សម្រេច​ផ្សេង​ៗ​ ដូច​ដែល​យើង​បាន​ឃើញ​នៅ​តាម​វាល​យន្តហោះ​អី ​ដែល​ធ្លាប់​បាន​ឃើញ​កន្លង​មក​ តាម​ប្រលាន​អី​ដែល​ឃើញ​គេ​ចាប់​កន្លង​មក​នោះ​។ មាន​ពាក់​ព័ន្ធ​នឹង​សមត្ថកិច្ច​គយ​អី​តាម​ព្រំដែន ជា​ពិសេស​មាន​អាជ្ញាធរ​សមត្ថកិច្ច​តាម​ព្រំដែន​ មាន​ក្រសួង​មហាផ្ទៃ​មាន​អី​ទាំង​អស់​ហ្នឹង អញ្ចឹង​វា​ជា​បញ្ហា​រួម​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​កិច្ច​ការ​ទាំង​អស់​នេះ»។

ក្នុង​ឆ្នាំ​២០០៤ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី​ការ​សម្អាត​ប្រាក់​ហៅ​កាត់​ថា APG ហើយ​នៅ​ឆ្នាំ​២០០៧ ប្រទេស​នេះ​ក៏​បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ភេរវកម្ម​ ខណៈ​ក៏​មាន​វិធាន​ការ​ និង​ច្បាប់​ជា​បន្ត​បន្ទាប់​ ​រួម​ទាំង​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ពី​ឆ្នាំ​២០១៩ ដល់​២០២៣ ដែល​ទើប​នឹង​ចេញ​នា​ពេល​ថ្មី​នេះ​ផង​ដែរ។

សម្រាប់​អ្នក​វិភាគ​លើក​ឡើង​ថា​ បើ​ពិនិត្យ​តាម​ច្បាប់​កម្ពុជា និង​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​គឺ​វា​មាន​ប្រសិទ្ធភាព​រួច​ទៅ​ហើយ​ក្នុង​ការ​លុប​បំបាត់ និង​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជានេះ​ តែ​វា​អាស្រ័យ​លើ​អាជ្ញាធរ​កម្ពុជា​មាន​ការ​ប្ដេជ្ញាចិត្ត​កម្រិត​ណា​ក្នុង​ការ​ប្រឆាំង​ការ​លាង​លុយ​នេះ។

លោក​យ៉ង ប៉ាក់៖ «ព្រោះ​រឿង​សេដ្ឋកិច្ច​រឿង​ធនាគារ​រឿង​ហិរញ្ញវត្ថុ​នេះ​វា​មិន​មែន​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ​ទេ! គឺ​ជា​រឿង​ការ​រកស៊ី​ជា​មួយ​គ្នា​រវាង​ប្រទេស​ និង​ប្រទេស​ដូច្នេះ​យើង​ត្រូវ​តែ​គោរព និង​អនុវត្ត។ អញ្ចឹង​ឲ្យ​តែ​យើង​អនុវត្តន៍​ច្បាប់​របស់​យើង​ឲ្យ​ល្អ​ទៅ​វា​ល្អ​ហើយ​ ខ្ញុំ​គិត​ថា​ក្រសួង​មហាផ្ទៃ​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​យើង​អាច​ទប់ស្កាត់​បាន​ហើយ។ ខ្ញុំ​សរសើរ​សម្ដេច​ ស ខេង​ដែល​លោក​លើក​ឡើង​រឿង​នេះ​ឲ្យ​មាន​ការ​ទប់​ស្កាត់ ខ្លាច​តែ​សម្ដេច​មាន​ប្រសាសន៍​ទៅ​ តែ​អាជ្ញាធរ​ក្រោម​បង្គាប់​អត់​បាន​ធ្វើ​សកម្មភាព​ឲ្យ​ទាន់​ពេលវេលា​ទេ»។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ