សមាគមអ្នកចិញ្ចឹមសត្វ បង្ហាញក្ដីបារម្ភពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងផ្ទុះនៅប្រទេសវៀតណាម អាចឆ្លងចូលប្រទេសកម្ពុជា ព្រោះថា ការលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសជិតខាងមួយនេះនៅតែបន្តកើតមានរាល់ថ្ងៃ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វ លោក ស្រ៊ុន ពៅ លើកឡើងថា ការលួចនាំចូលជ្រូកពីប្រទេសវៀតណាមតាមច្រកព្រំដែននៅតែកើតមានដដែល ទោះបីជាកន្លងមក ក្រសួងប្រកាសពីវិធានការទប់ស្កាត់រួចហើយក៏ដោយ។
លោកបង្ហាញក្ដីបារម្ភពីការលួចនាំចូលសត្វជ្រូកនៅតាមច្រកព្រំដែន ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅប្រទេសវៀតណាមខ្លាំង។
លោកស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការនាំចូលសត្វជ្រូកពីវៀតណាមឱ្យបានខ្លាំងក្លា ដើម្បីធានាថា គ្មានការនាំចូលជ្រូកពីប្រទេសមួយនេះចូលមកកម្ពុជាបាន។
លោកថា៖ «សំណូម(ពរ)ឱ្យរាជរដ្ឋាភិបាលជួយឱ្យមែនទែន ជួយឱ្យខានតែបាន ទោះបីបង្កើតច្បាប់យ៉ាងណាក៏ដោយ ទប់ស្កាត់កុំឱ្យជនខិលខូចនៅបង្កើតការលោភលន់ នាំជ្រូកចូលមក ហើយប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក។ នៅតាមព្រំប្រទល់វៀតណាមសឹងថា គ្រប់ខេត្តទាំងអស់ ប៉ុន្តែ ច្រើនជាងគេ មានតែព្រៃវែង និងត្បួងឃ្មុំ ដែលនាំចូលច្រើនជាងគេ។ បើតាមខ្ញុំ វាមិនក្រោម ៥០០ក្បាលទេ ក្នុងមួយថ្ងៃ ជុំវិញប្រទេសតាមព្រំដែនកម្ពុជាវៀតណាមដែលលួចចូលមក»។
លោក ស្រ៊ុន ពៅ បន្តថា ប្រសិនបើជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងចូលមកកម្ពុជា លោកថា នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា សព្វថ្ងៃកម្ពុជានាំចូលជ្រូកពីប្រទេសថៃក្នុងមួយថ្ងៃជាង ១០០០ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា ក្រសួងបានដាក់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យមានការលួចនាំចូលជ្រូកពីវៀតណាមរួចហើយ។
លោកថា៖ «បើសិនជាសមាគម គាត់និយាយថា នាំចូល ៥០០ក្បាល ឱ្យគាត់សហការមកខាងខ្ញុំទៅ ដើម្បីទប់ស្កាត់ ឱ្យគាត់នាំព័ត៌មានមកខាងខ្ញុំ ទៅមើលថាចូលពីកន្លែងណា ខាងខ្ញុំនឹងទប់ស្កាត់ឱ្យ មិនមែនខាងខ្ញុំមិនធ្វើការទេ។ ខាងខ្ញុំយប់មិញចាប់បាននៅស្វាយរៀង ហើយក៏ចាប់បាននៅត្បូងឃ្មុំ ចាប់បានរហូត»។
កាលពីថ្ងៃទី៣០ ខែឧសភា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានចេញសារាចរណែនាំមួយប្រាប់ឱ្យមន្ទីរកសិកម្មជាប់ព្រំដែនវៀតណាមទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកពីវៀតណាម ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រៃវែង កំពត និងខេត្តកណ្ដាល ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន បានរីករាលដាលដល់ប្រទេសវៀតណាមនៅដើមឆ្នាំនេះ និងបានឆ្លងចូលដល់ខេត្តរតនគិរី នៃប្រទេសកម្ពុជាកាលពីចុងខែមីនាកន្លងទៅ។
សារព័ត៌មាន Straits Times របស់សឹង្ហបុរី បានចុះផ្សាយថ្ងៃនេះ ដកស្រង់សម្ដីមន្រ្តីក្រសួងកសិកម្មរបស់វៀតណាមម្នាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានកើតឡើងស្ទើរទូទាំងប្រទេស ដោយអាជ្ញាធរបានសម្លាប់សត្វជ្រូកជាង ២លាន ៥សែនក្បាល ដើម្បីកុំឱ្យជំងឺនេះរីករាលដាលកាន់តែខ្លាំង។