លោក ម៉ម ប៊ុនហេង ប្តេជ្ញាពង្រឹងគុណភាពព្យាបាលឱ្យដូចមន្ទីរពេទ្យគន្ធបុប្ផា

លោក ម៉ម ប៊ុនហេង ក្នុងពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីការក្រសួងសុខាភិបាល ថ្ងៃទី ១០ កញ្ញា ២០១៨

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថា ក្នុងអាណត្តិនេះ ក្រសួងនឹងជំរុញយន្តការកំណែទម្រង់ស៊ីជម្រៅធានាដល់គុណភាពព្យាបាល ឱ្យដូចមន្ទីរពេទ្យគន្ធបុប្ផា។

ការអះអាងរបស់រដ្ឋមន្ត្រី លោក ម៉ម ប៊ុនហេង នេះធ្វើឡើងក្នុងជំនួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនានេះ។

សមាជិកមួយរូបរបស់ឧត្តមក្រុមប្រឹក្សា និងជាប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ឱ្យ VOD ដឹងថា ក្នុងកិច្ចប្រជុំសួរដេញដោលនោះ លោកបានលើកយកគំរូនៃមន្ទីរពេទ្យគុន្ធបុប្ផា ដែលថា មន្ទីរពេទ្យនេះ ព្យាបាលអត់គិតថ្លៃ ហើយមានគុណភាព ផ្តល់ជំនឿដល់ពលរដ្ឋស្ទើរគ្រប់ខេត្តក្រុង។

ប៉ុន្តែ សមាជិកក្រុមប្រឹក្សារូបនេះ ចោទសួរទៀតថា ហេតុអ្វីបានជាមន្ទីរពេទ្យរដ្ឋមិនកែទម្រង់ក្នុងការផ្តល់សេវាព្យាបាល ដើម្បីឱ្យពលរដ្ឋជឿទុកចិត្តបាន។

លោកថា៖ «គាត់ប្តេជ្ញាដែរថា ក្នុងអាណត្តិនេះ កែទម្រង់ឱ្យស៊ីជម្រៅ ទៅដល់ពេទ្យរដ្ឋ និងឯកជន ធ្វើយ៉ាងណាឱ្យមានគុណភាពប្រហាក់ប្រហែល ឬក៏អាចស្មើនឹងគន្ធបុប្ផា នៅអាណត្តិនេះ»។

បើតាមលោក ពេជ្រ ស្រស់ ការជ្រើសយកប្រធានបទមកសួរដេញដោលពីគុណភាពសុខភាពសុខាភិបាលនេះ ដោយថា ពលរដ្ឋ និងមន្ត្រីមួយចំនួននៅតែជ្រើសរើសសេវាព្យាបាលនៅក្រៅប្រទេស រីឯមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាស្រុក និងខេត្តមួយចំនួន ពលរដ្ឋនៅតែត្អូញត្អែរពីសេវាព្យាបាលខ្វះគុណភាព និងមិនសូវយកចិត្តទុកដាក់នៅឡើយដែរ។

មន្ទីរពេទ្យគន្ធបុប្ផា បានផ្តល់សេវាព្យាបាលឥតគិតថ្លៃដល់កុមារប្រកបដោយគុណភាព។ ពលរដ្ឋខ្មែរភាគច្រើនដែលមានជីវភាពក្រីក្រ បាននាំកូនមកព្យាលនៅមន្ទីរពេទ្យនេះ ។

មន្ទីរពេទ្យគន្ធបុប្ផា បានកកើតឡើងវិញនៅឆ្នាំ១៩៩២មក ក្រោមស្នាដៃលោកវេជ្ជបណ្ឌិត Beat Richner ដែលស្ថាបនិករូបនេះជាជនជាតិស្វីស ។

ប៉ុន្តែ លោក Beat Richner ទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

មន្ទីរពេទ្យនេះ ធ្លាប់បង្ហាញរបាយការណ៍ថា កាលឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជាចំនួន ជាង៩០ម៉ឺននាក់ (៩០៩.១៩២នាក់) សម្រាកព្យាបាលជាង១៦ម៉ឺន (៧.៧៩០នាក់ ) និងវះកាត់ ២៦ ៤៤២នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនបោះឆ្នោតឆ្នាំ២០១៨ បានក្រើនរំឭកក្រសួងសុខាភិបាល ឱ្យពង្រឹងក្រមសីលធម៌គ្រូពេទ្យ និងគុណភាពព្យាបាល ក្រោយពីមានការរិះគន់ថា គ្រូពេទ្យមួយចំនួន មានឥរិយាបថឆ្មើងឆ្មៃ និងប្រើពាក្យអសុរោះទៅលើអ្នកជំងឺ ។

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ធរឿន មានប្រសាសន៍ថា លោករីករាយពេលឮព័ត៌មាននេះ ប៉ុន្តែ ថា បើការអនុវត្តធ្វើមិនបានវិញ វានឹងបង្កឱ្យបាក់មុខរដ្ឋាភិបាល។

លោកថា៖ «ប្រជាជននៅសម័យនេះមានការចាប់អារម្មណ៍តាមដានព័ត៌មានច្រើន ពិសេសតាមបណ្តាញសង្គមហ្វេសប៊ុកនេះ ជាដើម ហើយបើសិនជាយើងមិនអាចបំពេញការសន្យារបស់ខ្លួនបានទេ ខ្ញុំជឿថា មន្ត្រី ឬក៏ស្ថានប័នណាមួយនោះនឹងបាត់បង់ការទុកចិត្ត»។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩នេះ អះអាងថា ចិនមានបំណងវិនិយោគវិស័យសុខាភិបាលនៅកម្ពុជា តបតាមគោលនយោបាយ «ខ្សែក្រវាត់និងផ្លូវ» ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់លើកឡើងថា នៅឆ្នាំ២០១៦ ពលរដ្ឋខ្មែរបានធ្វើដំណើរទៅក្រៅប្រទេសស្ថិតក្នុងរង្វង់ ១,២លាននាក់ ក្នុងនោះ ៥០ភាគរយទៅពិនិត្យសុខភាពនៅប្រទេសថៃ និងវៀតណាម គិតជាទឹកប្រាក់ប្រមាណជា ៦០០លានដុល្លារ។

របាយការណ៍ក្រសួងសុខភាពសាធារណៈរបស់ថៃ បង្ហាញថា នៅឆ្នាំ២០១៧ ប្រជាពលរដ្ឋកម្ពុជាទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃជាង ២សែននាក់​។​ ចំណែករបាយការណ៍ក្រសួងសុខាភិបាលវៀតណាម​ចេញផ្សាយនៅឆ្នាំនេះ ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមជនបរទេសមានកម្ពុជា និង​ឡាវ ដែលទទួលការពិនិត្យ និងព្យាបាលជំងឺនៅវៀតណាម គឺប្រជាជនកម្ពុជាមានចំនួនច្រើនជាងគេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ