លោក ពេជ្រ ស្រស់ ថា រដ្ឋាភិបាលលុបចោលសេចក្ដីព្រាងច្បាប់ទប់ស្កាត់គ្រឿងស្រវឹង

ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់អះអាងថា ក្រសួងសុខាភិបាលបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងហើយ ដោយថា ក្រសួងបានដាក់បញ្ចូលសេចក្ដីព្រាងច្បាប់នេះទៅក្នុងច្បាប់មួយទៀតរបស់ក្រសួងពាណិជ្ជកម្ម។

ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្ដូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ ប្រាប់ VOD ថា នៅព្រឹកថ្ងៃពុធនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានកោះហៅ និងសួរនាំរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំពីបញ្ហាសុខាភិបាលនៅកម្ពុជា ជាពិសេសទាក់ទងសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹង។

បើតាមលោក ពេជ្រ ស្រស់ ក្នុងកិច្ចប្រជុំនោះ លោក ម៉ម ប៊ុនហេង បានឆ្លើយតបនឹងសំនួររបស់លោកដោយខ្លីថា សេចក្ដីព្រាងច្បាប់នេះបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណីអាហារ ដែលស្នើឡើងដោយក្រសួងពាណិជ្ជកម្មទៅហើយ។ ដូច្នេះ លោកថា សេចក្ដីព្រាងច្បាប់នេះមិនមានទៀតនោះទេ។  

លោកបន្ដថា៖ «ខ្ញុំបានជំរុញឲ្យគាត់ពន្លឿន ហើយគាត់ក៏បានឆ្លើយមកវិញភ្លាមថា ច្បាប់ហ្នឹងគឺត្រូវបានបញ្ជូនទៅបញ្ចូលជាមួយនឹងច្បាប់គ្រប់គ្រងចំណីអាហាររបស់ក្រសួងពាណិជ្ជកម្មហើយ ពោលគឺច្បាប់ហ្នឹងមិនមានទៀតទេ គឺវាមាននៅក្នុងច្បាប់គ្រប់គ្រងចំណីអាហាររបស់ក្រសួងពាណិជ្ជកម្មវិញ […] គាត់អត់បញ្ជាក់ទេ គឺគាត់ឆ្លើយខ្លីអញ្ចឹង»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សម្តែងការភ្ញាក់ផ្អើល និងសោកស្ដាយនៅពេលឮថា ក្រសួងពាណិជ្ជកម្មបានសម្រេចលុបចោល និងដាក់បញ្ចូលសេចក្ដីព្រាងច្បាប់នេះទៅក្នុងច្បាប់ផ្សេងទៅវិញ។

លោកយល់ថា អ្នកតាក់តែងច្បាប់នៅកម្ពុជាគួរពិនិត្យមើលទៅប្រទេសជិតខាង ដែលពួកគេបានបង្កើតច្បាប់នេះដាច់ដោយឡែកពីច្បាប់ដទៃទៀត ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង និងពង្រឹងផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកបន្ដថា​ បញ្ហាគ្រឿងស្រវឹងនៅកម្ពុជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ដែលតម្រូវឲ្យមានច្បាប់មួយទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់។ លោកថា ក្នុងមួយឆ្នាំៗ មានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ការឈានដល់ការប្រើប្រាស់អំពើហិង្សា និងការប៉ះពាល់ដល់សតិអារម្មណ៍ ជាដើម។   

 លោកបន្ដថា៖ «ពីព្រោះនេះគេហៅថា ភេសជ្ជៈស្រវឹង វាមិនមែនជាចំណីអាហាររបស់របរប្រើប្រាស់ហូបចុកធម្មតានោះទេ វាជាភេសជ្ជៈបង្កឲ្យមានគ្រោះថ្នាក់។ បើភេសជ្ជៈបង្កឲ្យមានគ្រោះថ្នាក់ ហើយយើងយកទៅដាក់ក្នុងច្បាប់ចំណីអាហារ ខ្ញុំយល់ថា វាមិនទំនងសោះ។ យើងគួរតែខ្មាស់ប្រទេសជិតខាងយើងដែរ សូម្បីតែឡាវ វៀតណាមក៏គេអនុម័តដែរ។ ចុះហេតុអីក៏កម្ពុជាយើងរួញរាក្នុងការធ្វើច្បាប់នេះឲ្យចេញជារូបរាង។ នេះជារឿងមួយដែលខ្ញុំមានការសោកស្ដាយ»។

សេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានរដ្ឋាភិបាលបានតាក់​តែង​ឡើ​ង​តាំ​ងពីឆ្នាំ២០០៨មកម្ល៉េះ ដោយថា ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ និងបង្ការហានិភ័យផ្សេងក្នុងសង្គម ដែល​អាច​​បង្ក​ឡើ​ង​​ពី​ឥទ្ធិពលនៃការពិសាគ្រឿងស្រវឹង។ ប៉ុន្តែ ជាង១០ឆ្នាំមកហើយ ច្បាប់នេះនៅតែមិនទាន់ត្រូវបាន​បញ្ជូនមកដល់ដៃរដ្ឋសភា ដើម្បីអនុម័តនោះទេ។

ក្នុងពិធីមួយកាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវជាថ្មីឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន ដោយថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ គឺជាមធ្យម ចន្លោះពី៨ ទៅ១០នាក់ ដែលលោកថា សញ្ញាបែបនេះបង្ហាញថា កម្រិតគ្រោះថ្នាក់ចរាចរណ៍បានឈានដល់កម្រិត «ប្រកាសអាសន្ន»។

លោក ស ខេង បានបន្ទោសបញ្ហានេះទៅលើការបើកបរដោយធ្វេសប្រហែស ការមិនគោរពច្បាប់ចរាចរណ៍ និងការបើកបរដោយគ្មានសីលធម៌ ជាពិសេសការបើកបរស្ថិតក្នុងភាពស្រវឹង៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ