តុលាការផ្តន្ទាទោសអ្នកបកប្រែ​ឲ្យ​ផលិតករ ​«ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យជាប់ពន្ធនាគារ២ឆ្នាំ

លោក រ៉ាត់ រត្នមុនី បង្ហាញវត្តមាននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ (រូបថត៖ ផ្តល់ឲ្យ)

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសអ្នកសម្របសម្រួល និងជាអ្នកបកប្រែជនជាតិខ្មែរឲ្យបណ្តាញសារព័ត៌មាន Russia Today ហៅកាត់ថា (RT) ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយសារការជាប់ពាក់ព័ន្ធរបស់លោកក្នុងការផលិតភាពយន្តឯកសារដ៏ចម្រូងចម្រាសរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលនិយាយអំពីការជួញដូរផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ។

សេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះ បានកើតមាន បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបញ្ចប់សវនាការលើកទី២របស់ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ដែលក្នុងនោះ លោក រ៉ាត់ រត្នមុនី អាយុ៤៨ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពពីបទញុះញង់នាំឲ្យមានការរើសអើង។

ចៅក្រមជំនុំជម្រះ កូយ សៅ បានមានប្រសាសន៍ថា ក្រោយពីបានស្តាប់ចម្លើយសាក្សី សេចក្តីសន្និដ្ឋានរបស់តំណាងអយ្យការ សេចក្តីសន្និ​ដ្ឋានរបស់មេធាវីចុងចោទ និងចម្លើយរបស់ជនជាប់ចោទ និងពិចារណាត្រឹមត្រូវតាមច្បាប់ហើយ តុលាការសម្រេច ផ្តន្ទាទោសជនជាប់ចោទ រ៉ាត់ រត្នមុនី ជាប់ពន្ធនាគារ២ឆ្នាំ។  ចៅក្រម កូយ សៅ ក៏បានបង្គាប់ឲ្យលោក រត្ន​មុនី​ សងជំងឺចិត្តដើមបណ្តឹងឈ្មោះ​ ទេព សាលីន និង កែវ ម៉ាឡៃ ក្នុងម្នាក់ៗ ៣៥លានរៀល។

អំឡុងសវនាការកាលពីថ្ងៃទី៣០ ខែឧសភា លោកចៅក្រម កូយ សៅ បានមានប្រសាសន៍ថា ក្រុមគ្រួសារដើមបណ្តឹង ដែលផ្តល់ចម្លើយឲ្យសមត្ថកិច្ចនោះ បានចោទប្រកាន់លោក រត្នមុនី ថា បានសន្យាផ្តល់ប្រាក់ និងជួយឧបត្ថម្ភដល់ការពង្រីកមុខរបរ ព្រមទាំងសន្យាជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេផងដែរ ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យនិយាយរឿងរ៉ាវមិនពិត។ លោកចៅក្រមបានបន្ថែមថា ដើមបណ្តឹងទាំងនេះ ក៏បានអះអាងថា ខ្លួនបានទទួលប្រាក់ពីលោក រត្នមុនី ចាប់ពី១០០ដុល្លារ ដល់២០០ដុល្លារក្រោយពេលថតភាពយន្តឯកសារនេះចប់។

ទោះបីជាយ៉ាងណា អំឡុងសវនាការនេះដែរ លោក រត្នមុនី បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយថា គ្មានការរៀបចំទុកមុនណាមួយនោះទេ។ លោក រត្នមុនី នៅតែប្រកាន់ជំហរថា លោកគ្រាន់តែជាអ្នកបកប្រែធម្មតា ហើយគ្មានចំណែកណាមួយនៅក្នុងការទទួលខុសត្រូវលើការចងក្រងនិងខ្លឹមសារនៃរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដែលផលិតដោយសារព័ត៌មាន Russia Today នេះទេ។

បន្ទាប់ពីចៅក្រមប្រកាសសាលក្រម លោក រត្នមុនី បាននិយាយថា សាលក្រមនេះអយុត្តិធម៌ណាស់សម្រាប់លោក។

លោក រត្នមុនី បាននិយាយថា៖ «វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ខ្ញុំនឹងពិចារណាប្តឹងឧទ្ធរណ៍»។

មេធាវីការពារឲ្យ​លោក រត្នមុនី គឺលោក  ឡោ ជុនធី មានប្រសាសន៍ថា សម្តែងការខកចិត្តចំពោះសាលក្រមនេះ ដោយសារគ្មានសំអាងហេតុណាមួយទាញចូលបទល្មើសនោះទេ។

លោកមានប្រសាសន៍ថា៖ «គ្មានអង្គហេតុណាមួយដែលអាចទៅជាបទល្មើស។ វាអត់មានបទល្មើសកើតឡើង»។

លោកមេធាវីបន្ថែមថា លោកនឹងជួបកូនក្តីរបស់លោកនៅសប្តាហ៍ក្រោយ ដើម្បីពិចារណាប្តឹងឧទ្ធរណ៍។

ភាពយន្តឯកសារ ដែលមានរយៈពេល២៧នាទីនេះ ត្រូវបានចាក់ផ្សាយកាលពីខែតុលាឆ្នាំ២០១៨។ វា ជាខ្សែភាពយន្តដែលរៀបរាប់អំពីរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជា ដែលតាមការអះអាងថា បានលក់ខ្លួន ដើម្បីសម្រាលស្ថានភាពក្រីក្រក្នុងគ្រួសាររបស់ពួកគេ។ ភ្លាមៗ រដ្ឋាភិបាលកម្ពុជា បានច្រានចោលការលើកឡើងនៅក្នុងភាពយន្តឯកសារនេះ ដោយអះអាងថា ក្រុមគ្រួសារទាំងនេះ ត្រូវបានផ្តល់ប្រាក់ ដើម្បីបង្កើតសក្ខីកម្មក្លែងក្លាយដល់អ្នកធ្វើសម្ភាសន៍។ លោក រត្នមុនី ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ