លោក សុខ ទូច​ ព្រមានពីបញ្ហាអសន្ដិសុខនៅវៀតណាម បើហ៊ានផ្ដល់មធ្យោបាយដល់លោក សម រង្ស៊ី

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

ប្រធានបណ្ឌិតសភាកម្ពុជា​ លោកបណ្ឌិត សុខ ទូច លើកឡើងថា កម្ពុជា នឹងចាត់ការលើវៀតណាម ​ប្រសិនបើហ៊ានអនុញ្ញាតឲ្យអតីតក្រុមមេដឹកនាំគណបក្សប្រឆាំងប្រើប្រាស់ទឹកដីរបស់ខ្លួនវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងកិច្ចពិភាក្សាមួយនៅរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃពុធនេះ លោកបណ្ឌិត សុខ ទូច អះអាងថា រដ្ឋាភិបាលកម្ពុជាអាចនឹងធ្វើឲ្យប្រទេសវៀតណាមជួបញ្ហាអសន្ដិសុខនាពេលខាងមុខ តាមរយៈការបង្កើតនូវតំបន់អបគមន៍ ដែលបង្កឡើងដោយពលរដ្ឋខ្មែរកម្ពុជា ជនជាតិភាគតិចម៉ុងតាញ៉ា និងក្រុមវៀតណាមខាងត្បូង ឬវៀតណាមសេរី ប្រសិនបើប្រទេសមួយនេះហ៊ានផ្ដល់ទឹកដីឲ្យលោក សម រង្ស៊ី ប្រើប្រាស់ដើម្បីបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនោះ។

លោក បន្ដថា៖ «វៀតណាមមានបញ្ហា៣ធំៗ បញ្ហាម៉ុងតាញ៉ា ខ្មែរកម្ពុជាក្រោម បញ្ហាអាធីវគី ទោះបីវៀតណាមចាប់អាមេរិកាំក៏បានហើយ ក៏ប៉ុន្ដែ ក៏ត្រូវមានបញ្ហាដែរ។ បើសិនហ្អែងឲ្យ សម រង្ស៊ី ចូលតាមវៀតណាម រឿងអី ហ៊ុន សែន មិនបង្កើតតំបន់អបគមន៍ឲ្យពួកខ្មែរកម្ពុជា ឬអាធីវគីចូលមកធ្វើកិច្ចការ អ្នកឯងកុំផ្ដាស នយោបាយ ចាំនយោបាយ។ […] បើវៀតណាមហ៊ាន វៀតណាជាអ្នកស្រក់ទឹកភ្នែក ព្រោះខ្មែរឥឡូវមិនមែនជារឿងសាមញ្ញឯណា»។ 

បន្ថែមលើសពីនេះ លោកបណ្ឌិត សុខ ទូច ក៏ព្រមានទៀតថា រដ្ឋាភិបាលកម្ពុជានឹងចាត់ការលើប្រទេសថៃ និងឡាវផងដែរ ប្រសិនបើហ៊ានធ្វើដូចគ្នានេះ។

លោកបន្ដថា៖ «អញ្ចឹងមកផ្លូវណា ប្រឡោះថៃក៏មកមិនរួច ប្រឡោះវៀតណាម ក៏មកមិនរួច មកតាមឡាវ ក៏មកមិនរួច បើមកមិនរួច មកតាមណា?»

អ្នកនាំពាក្យគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឬទ្ធិ ប្រាប់ VOD ថា អ្វីដែលលោក សុខ ទូច លើកឡើងនេះ គឺគ្រាន់តែជាការខំនិយាយការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលលោកចាត់ទុកថា គឺជារដ្ឋាភិបាល«ខុសច្បាប់» កើតចេញពីការបោះឆ្នោត«ក្លែងក្លាយ»។ 

លោកបញ្ជា​ក់ជំហរដដែលថា ក្រុមមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។

លោក បន្ដថា៖ «ជាការយល់ឃើញរបស់លោក សុខ ទូច ខ្ញុំមិនមានប្រតិកម្មអីច្រើនឆ្លើយតបជាមួយគាត់ទេ ជាទស្សនៈរបស់គាត់ថា យើងមិនអាចចូលតាមថៃ ឡាវ ឬតាមវៀតណាមទេ។ ប៉ុន្ដែយើងនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។ឲ្យមែនទែន គឺជាការខំនិយាយការពារថា ជារដ្ឋាភិបាលមួយស្របច្បាប់។ ប៉ុន្ដែ ខ្ញុំយល់ថា ទាំងប្រជាពលរដ្ឋខ្មែរ ទាំងមតិអន្ដរជាតិគេយល់ថា ការបោះឆ្នោតកន្លងមកនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ»។ 

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ យល់ថា ការលើកឡើងរបស់លោក សុខ ទូច នេះ គឺគ្រាន់តែជាការបង្វែរស្ថានការណ៍នៃលំហូរជនជាតិចិនចូលមកប្រទេសកម្ពុជា ហើយនិងករណីចុងក្រោយ គឺការបាក់រំលំអគាររបស់ចិនមួយកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់ និងរងរបួសជាច្រើននាក់។ យ៉ាងណាក៏ដោយ លោក គឹម សុខ វិភាគថា ប្រទេសជិតខាងកម្ពុជា រួមមាន ថៃ ឡាវ និងវៀតណាមនោះ នឹងមិនសហការជាមួយលោក សម រង្ស៊ី ដើម្បីឲ្យលោកបានវិលចូលស្រុកនោះទេ។

លោកថា ការវិលត្រឡប់របស់អតីតមេដឹកនាំបក្សប្រឆាំង គឺអាស្រ័យទៅលើការប្ដេជ្ញាចិត្ត និងការស្ទាបស្ទង់ស្ថានការណ៍នយោបាយអំណោយផលប៉ុណ្ណោះ។

លោកបន្ដថា៖ «គ្រាន់តែជារឿងដែលគាត់អត់មានអីនិយាយ ហើយរមាស់មាត់ ដើម្បីបំពង បង្វែរស្ថានការណ៍តែប៉ុណ្ណឹងទេ។ អ្វីដែលគាត់ព្យាយាមឆ្កឹះលោក សម រង្ស៊ី ជាថ្មីម្ដងទៀតអំពីការវិលត្រឡប់ទៅប្រទេសកម្ពុជាហ្នឹង វាគ្រាន់តែជាការបង្វែរស្ថានការណ៍ ការទទួលខុសត្រូវរបស់លោក ហ៊ុន សែន ដែលមិនអាចគេចបាន ជាកំហុសដ៏ធំ ដែលគាត់បង្ហូរជនជាតិចិនចូលមកប្រទេសកម្ពុជា»។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី ជាស្ថាបនិកនោះ ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមការចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

ក្នុងនោះ ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួន និងនៅតែបន្ដជាប់ឃុំនៅក្នុងផ្ទះរហូតមកទល់ពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅនៅក្រៅប្រទេសគេចចេញពីបណ្ដឹងរបស់រដ្ឋាភិបាល។

ក្រុមមេដឹកនាំគណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី​ ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនោះ បានប្រកាសថា ពួកគេនឹងត្រឡប់មកកាន់ប្រទេសវិញនាពេលឆាប់ៗខាងមុខ ដោយថា ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងស្វែងរកដំណោះស្រាយនយោបាយមួយពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ