លោក សម រង្ស៊ី ទម្លាក់កំហុសលើលោក ហ៊ុន សែន បើកម្ពុជាបាត់បង់ EBA

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសថ្កោលទោស និងដាក់បន្ទុកទៅលើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា ប្រព័ន្ធ EBA របស់អឺរ៉ុបមែននោះ។

យោងតាមវីដេអូបង្ហោះលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោក សម រង្ស៊ី បានថ្លែងសារនយោបាយពីសភាអឺរ៉ុប នៅទីក្រុងព្រុចសែល​ ប្រទេសបែលហ្ស៊ិក ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ប្រសិនបើកម្ពុជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។ លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត។

​លោក សម រង្ស៊ី បន្ត​ថា  ដើម្បីរក្សាប្រព័ន្ធ EBA និងធានាការងារជូនកម្មករនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបើកលំហូរប្រជាធិបតេយ្យ និងគោពសិទ្ធិមនុស្សពិតប្រាកដ ដូចជា អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងធានានូវសិទ្ធិសេរីភាពផ្សេងទៀតតាមការចង់បានរបស់សហគមន៍អន្ដរជាតិ។

លោក សម រង្ស៊ី ថ្លែងថា៖ «បើលោក ហ៊ុន សែន មិនព្រមធ្វើតាមសំណើរបស់អឺរ៉ុបទេ គឺលោក ហ៊ុន សែន ហ្នឹងហើយជាអ្នកទទួលខុសត្រូវ ធ្វើឲ្យកម្មករបាត់បង់ការងារ ឲ្យប្រជាពលរដ្ឋជួបការលំបាក គឺលោក ហ៊ុន សែន ហ្នឹងហើយអ្នកទទួលខុសត្រូវ។ មានអីពិបាក ដោះលែងលោក កឹម សុខា មានអីពិបាក ឥឡូវទម្លាក់ចោលការចោទប្រកាន់វិញទៅ ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទៅ មានអីពិបាក»។  

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលរុណ រិះគន់ថា សាររបស់លោក សម រង្ស៊ី ហាក់មិនឆ្លុះបញ្ចាំងពីការពិត និងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យមានការអភិវឌ្ឍប្រទេសនោះទេ។

លោក បន្ដថា៖ «នៅកម្ពុជា គឺរដ្ឋាភិបាលជាអ្នកធ្វើ ឯ សម រង្ស៊ី និងកឹម សុខា​ ជាអ្នករាំងស្ទះ។ ដល់ឥឡូវ ដល់ដំណាក់កាលដែល EBA ជិតបញ្ចប់ទៅតាមគោលការណ៍នៃការរីកចម្រើនរបស់ប្រទេស បែរជា សម រង្ស៊ី ជាអ្នកដើរតួជាអ្នកការពារ EBA»។

អ្នកវិភាគបញ្ហានយោបាយ លោក មាស នី មានប្រសាសន៍ថា អ្នកចង់ឲ្យគេផ្ដាច់ EBA និងអ្នកធ្វើឲ្យបាត់បង់ EBA គឺមានកំហុសដូចគ្នា។ ប៉ុន្ដែ លោកផ្ដល់ជាយោបល់ថា ជម្រើសល្អបំផុត គឺអ្នកនយោបាយត្រូវចេះនិយាយគ្នា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋកន្លះប្រទេស។

លោក មានប្រសាសន៍​ថា៖ «អ្នកសងខាងហ្នឹង គេគិតអំពីរឿងជាតិ ឬគិតអំពីរឿងបក្ស។ ក៏ប៉ុន្ដែ បើយើងនិយាយអំពីប្រយោជន៍របស់ជាតិវិញ គឺលុះត្រាតែអ្នកនយោបាយទាំងអស់ត្រូវវិលមកគិតពីជោគវាសនា អនាគតរបស់ពលរដ្ឋខ្មែរ ដែលមានកម្មករប្រមាណជា ៨សែននាក់ ហើយអ្នករស់ដោយសារកម្មករមានប្រមាណជាង២លាននាក់នឹងត្រូវទទួលរងផលប៉ះពាល់ អញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់មនុស្សមួយចំហៀងប្រទេស ដែលជារឿងសំខាន់»។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំនេះ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបគូសបញ្ជាក់ថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។

កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅនេះផងដែរ ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត និង​លោក David​ Kaye​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួមមួយដោយ​លើកឡើង​ថា ​ពួកគេ​មាន​ក្ដីកង្វល់​ចំពោះ​សកម្មភាពរបស់​រដ្ឋាភិបាល ដែលបាន​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយរបស់ខ្លួន​។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិជំរុញជាថ្មីឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរវប្បធម៌នយោបាយ ពីការវាយប្រហារលើបុគ្គល មកជាការផ្ដោតលើបញ្ហាពលរដ្ឋ និងប្រយោជន៍ជាតិទាំងមូល៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ