ចលនាមាតាធម្មជាតិ រកឃើញអគារ៥នៅខេត្ត​ព្រះ​សីហនុសង់ផ្ទុយពីសារាចរណ៍ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរ

សកម្មជនអារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥(រួបថតដោយMonica Prieto)

ចលនាមាតាធម្មជាតិ បាន​រកឃើញថា សំណង់អគារចំនួន៥នៅខេត្តព្រះសីហនុបានសាងសង់ដោយខុសច្បាប់ និងផ្ទុយពីសារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

សារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាឆ្នាំ២០១២ ហាមដាច់ខាតមិនឲ្យមានការសាងសង់ណាមួយក្នុងចំងាយ​ ១០០ម៉ែត្រពីឆ្នេរសមុទ្រដោយគិតចាប់ពីចំណុចទឹកជោរនៃទឹកសមុទ្រ។

ក្នុងវីដេអូស៊ើបអង្កេតមួយប្រវែងជាង២នាទីកន្លះដែលចេញផ្សាយតាមបណ្តាញសង្គមកាលពីម្សិលមិញនេះ ក្រុមការងារចលនាមាតាធម្មជាតិអះអាងថា អគារចំនួន៥កំពុងសាងសង់នៅឆ្នេរឯករាជ្យ មានសណ្ឋាគារ និងកាស៊ីណូ Xihaohui Palaceបានសាងសង់ឆ្ងាយពីសមុទ្រ​ ឬកំរិតទឹកជោរត្រឹមតែ១៩ម៉ែត្រ អគារយក្សឈ្មោះBlue Bay ចំងាយ៥៥ម៉ែត្រ សណ្ឋាគារ និងកាស៊ីណូ Sunshine  Bay ៤៥ម៉ែត្រ សណ្ឋាគារNovotel Holiday Palace ១៦ម៉ែត និងអគារកាស៊ីណូHoliday Palace ១៨ម៉ែត្រ។

ចលនាមាតាធម្មជាតិបញ្ជាក់ថា ការសាងសង់សំណង់ទាំងនោះ គឺធ្វើឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល ហើយថា ម្ចាស់សំណង់អាចសាងសង់អគារទាំងនេះទៅបានដោយសារមានអំពើពុករលួយ។

ក្នុងឃ្លីបនោះចលនាមាតាធម្មជាតិក៏បានទាមទារទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឆ្លើយបំភ្លឺពាក់ព័ន្ធបញ្ហានេះផងដែរ។

សកម្មជនចលនាមាតាធម្មជាតិ បាន​និយាយក្នុងវីដេអូនោះថា៖«ឯកឧត្តម ជា សុផារ៉ា ខណៈដែលឯកឧត្តមធ្លាប់មានភាពស្វាហាប់ក្នុងការបណ្តេញប្រជាជនចេញពីតំបន់ឆ្នេរចាប់តាំងពីឆ្នាំ២០១៦មក ដោយចោទប្រកាន់ពួកគាត់ថា បានរំលោភយកដីឆ្នេរខុសច្បាប់។ ដូច្នេះខ្ញុំមានសំនួរសួរទៅកាន់ឯកឧត្តមថា តើមូលហេតុអ្វីបានជាមានការអនុញ្ញាតឲ្យមានការសាងសង់អគារទាំងនេះ ជាបន្តបន្ទាប់នៅលើដីឆ្នេរសាធារណៈរបស់យើង»

វីអូឌី មិនអាចសុំការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ាបានទេដោយទូរសព្ទចូលអ្នកទទួលប្រាប់ថាកំពុងជាប់រវល់ប្រជុំ។ រីឯអ្នកនាំពាក្យក្រសួងនេះគឺលោក សេង ឡូត ថាកំពុងរវល់ប្រជុំដែរ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ មានប្រសាសន៍ថា លោក ​បាន​ឃើញវីដេអូរបស់ក្រុមការងារចលនាមាតាធម្មជាតិនោះហើយ។  លោកថា ក្រុមការងារអន្តរក្រសួងកំពុងធ្វើការលើរឿងនេះ។

លោក បន្ថែមថា៖«ខ្ញុំគ្រាន់តែជម្រាប​យ៉ាងខ្លីថា ធម្មតាសំណង់ដែលគេធ្វើហ្នឹងកាលណាអត់មានច្បាប់គេធ្វើអត់កើតទេ។ ហើយក្នុងករណីប្រសិនបើរកឃើញថា វាខុសច្បាប់អាហ្នឹងយើងនឹងមានវិធានការ។ ក្រុមការងារអន្តរក្រសួងដែលបង្កើតឡើងថ្មីៗនេះគេនឹងធ្វើលើករណីហ្នឹងឲ្យតែនៅក្នុងខេត្តព្រះសីហនុ។អ៊ី​ចឹងរង់ចាំចំណាត់ការដែលគេកំពុងធ្វើហ្នឹង»។

គួររំលឹកថា បន្ទាប់ពីឧបទ្ទវហេតុបាក់សំណង់អគារនៅខេត្តព្រះសីហនុ​ ដែលបណ្ដាលឲ្យកម្មករខ្មែរ ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួសនោះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់នៅខេត្តជាប់មាត់សមុទ្រមួយនេះ។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាដោយផ្ទាល់ទៅរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ឲ្យពិនិត្យមើលឡើងវិញ និងចាត់វិធានការតាម​ផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះសំណង់អគារទាំងឡាយនៅខេត្តព្រះសីហនុ ដែលមិនមានច្បាប់អនុញ្ញាត និងអនុវត្តតាមស្ដង់ការ នៃការសាងសង់ ដោយថា ដើម្បី​ទប់ស្កាត់កុំឲ្យកើតមានសោដនាដកម្មបែបនេះសារជាថ្មី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹង​កាលពីម្សិលមិញថា គិតត្រឹម​ថ្ងៃទី២៥ ខែមិថុនា គណៈកម្មការ​ត្រួតពិនិត្យ​គុណភាពសំណង់នៅ​ខេត្តព្រះសីហនុ បាន​រក​ឃើញសំណង់​ចំនួន​៥កន្លែង​ ​កំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ