វិភាគ៖ តើអភិបាលថ្មីនៃខេត្តព្រះសីហនុអាចកែប្រែមុខមាត់ខេត្តនេះបានឬទេ?

ប្រភពរូបភាពីហ្វេសប៊ុក លោក គួច ចំរើន

នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ អាគារដែលកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុបានបាក់រាបដល់ដី ធ្វើឲ្យ​កម្មករ​២៨​នាក់​បាត់បង់ជីវិត និង២៦នាក់ទៀតរងរបួស។

សោកនាដកម្មនេះ គឺជាបទពិសោធន៍ទី១ហើយដែលកើតមានឡើងនៅក្នុងខេត្តនេះ។ ក្រោយព្រឹត្តិការណ៍នេះបានពីរថ្ងៃ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុស នឹងបានស្នើសុំចុះចេញពីតំណែងដោយខ្លួនឯង។

ក្រោយការលាលែងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក្នុងការផ្លាស់លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ឲ្យមក​កាន់មុខងារ​ជាអភិបាល​ថ្មីនៃ​ខេត្តទេសចរណ៍​តំបន់ឆ្នេរ​នេះ​វិញ។

ក្នុងសន្និសីទកាសែតកាលពីយប់ ថ្ងៃទី២៥ មិថុនា បិទបញ្ចប់ការរុករកមនុស្សចេញពីកម្ទេចកំទីបែកបាក់អគារ  លោកហ៊ុន សែន បានលើកសរសើរលោក គួច ចំរើន ថាជា មនុស្សខ្លាំង ទើបអាចគ្រប់គ្រង​ខេត្ត​ដែល​មាន​ភាព​ស្មុគស្មាញ​ដូច​ខេត្ត​ព្រះសីហនុ​នេះ​បាន។

លោក ហ៊ុន សែន៖ « អ្នកកំពង់ចាមអត់ចង់ឲ្យគួច ចំរើន ចេញពីកំពង់ចាមទេ! តែដោយសារគួច ចំរើនខ្លាំង​នោះ​ហើយ​ទើប​យក​មកដាក់​នៅកន្លែង​ដែលត្រូវការមនុស្សខ្លាំងដូច គួច ចំរើន » ។

តើការផ្លាស់លោក គួច ចំរើន ឲ្យមកគ្រប់គ្រងខេត្តព្រះសីហនុនឹងអាចផ្លាស់ប្ដូរមុខមាត់ខេត្តនេះឡើងវិញបានឬទេ?

កើតនៅក្នុងខេត្តសៀមរាបក្នុងឆ្នាំ១៩៦៩ លោក គួច ចំរើន បានទទួលការសិក្សាជាបន្តបន្ទាប់ ទាំងបច្ចេកទេសទ័ព និងរដ្ឋបាលសាធារណៈ។ លោកបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅឆ្នាំ២០០៧ និង​ទទួលបាន​វគ្គបណ្ដុះបណ្ដាល​ផ្សេងៗទៀតទាក់ទងនឹងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន រដ្ឋបាលការងារមន្ត្រី ខេត្ត-ក្រុង និង​ការ​ហ្វឹកហ្វឺន​ទំនាក់​ទំនង​អន្តរជាតិជាដើម។ លោកបានឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧។

ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែក៏នៅមានបញ្ហាមួយចំនួនដែរលោក មិន​ទាន់អាចដោះស្រាយបាន ដូចជាបញ្ហាសិទ្ធិដីធ្លីរបស់ពលរដ្ឋជាដើម នេះ​បើតាម​មន្ត្រី​សម្របសម្រូល​សមាគម​អាដហុក​ប្រចាំ​ខេត្ត អ្នកស្រី ធីម ណារីន។

អ្នកស្រីថា៖ « ដោយសារតែគាត់មកកាន់ខេត្តនេះវាខ្លីពេកអត់ទាន់បានមួយអាណត្តិផង! អញ្ចឹង​ចំណុច​អវិជ្ជមាន​ដែល​មាន​នៅ​ពេល​នេះ​យើង​មិនទាន់ឃើញថាមានអ្វីដែលគួរឲ្យកត់សម្គាល់ទេ។ ប៉ុន្ដែគ្រាន់​តែឃើញ​ថាបញ្ហា​ធំៗ​ខ្លះ​គាត់​មិន​ទាន់​ដោះស្រាយ​បាននៅឡើយ។ ឧទាហរណ៍ថាដីបង្គោលអគ្គិសនី ថ្វីត្បិតតែបញ្ហាដីហ្នឹងគឺកើតឡើងមកមុនគាត់គ្រប់គ្រង តែនៅពេល​ដែលគាត់ចូលមកគ្រប់គ្រងហ្នឹងក៏គាត់ដោះអត់ទាន់ចេញដែរ ប្រជាពលរដ្ឋ​នៅតែ​មាន​ការ​តវ៉ា​ទាមទារ​ដដែល​អត់​ទាន់​មានដំណោះស្រាយទេ » ។

បើយើងប្រៀបធៀបខេត្តកំពង់ចាម ទៅនឹងខេត្តព្រះសីហនុយើងឃើញថាខេត្តទាំងពីរនេះគឺខុសគ្នាឆ្ងាយ ទាំងបរិស្ថាន ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ នឹងការគ្រប់គ្រង។

ជាការពិត កំណើននៃការវិនិយោគរបស់ចិនក្នុងខេត្តព្រះសីហនុចាប់ពីឆ្នាំ២០១៧មក បាន​ធ្វើ​ឲ្យ​ខេត្ត​នេះ​ប្រឈម​បញ្ហា​ជា​ច្រើន​មាន​ដូចជា បញ្ហាបរិស្ថាន សណ្ដាប់ធ្នាប់ សន្ដិសុខ និងសំណង់ជាដើម ហើយ​ការ​បាក់​អាគារ​នៅ​ពេល​ថ្មីៗ​នេះ​វា​រឹតតែ​ធ្វើឲ្យ​ខេត្តនេះមានឈ្មោះអាក្រក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកគ្រប់គ្រងបន្តពីលោកយន្ត មីន មានបន្ទុកកាន់តែធ្ងន់។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ ទទួលស្គាល់ថាការផ្លាស់ប្ដូរលោកគួច ចំរើន ឲ្យ​គ្រប់គ្រង​ខេត្ត​នេះ គឺជាការរួមចំណែកមួយដល់ការរៀបចំប្រព័ន្ធរដ្ឋបាលក្នុងខេត្តឲ្យមានប្រសិទ្ធិភាព តែ​លោក​ថា​ដរាប​ណា​អំណាច​រដ្ឋបាល​នៅតែ​ស្ថិតក្រោមអំណាចមួយផ្សេងទៀតនោះវានៅតែធ្វើឲ្យខេត្តនេះមានបញ្ហាដដែល។

លោក សន ជ័យ៖ « យើងឃើញហើយថាជនជាតិចិននេះ មកវិនិយោគនៅប្រទេសមួយចំនួនជាពិសេសនៅកម្ពុជា យើង​ឃើញថាអំណាចទីមួយដែលចិនអាចមានហ្នឹងគឺឃើញថា ទីមួយគេមានទំនាក់ទំនងជាមួយអ្នកធំណាមួយ ទីពីរ​ពួកគេ​មាន​មធ្យោបាយ​ដូចជា កាន់កាប់អាវុធខុស ពួកគេមានការប្រើប្រាស់រថយន្ត ស្លាកលេខខម ស្លាកលេខរដ្ឋជាដើម។ […] អាហ្នឹង​គេ​អាច​ប្រមើល​ទៅលើឥទ្ធិពលហើយ ឥទ្ធិពលដែលគេមានលុយ ហើយ​របៀប​ដែល​គេ​បាន​ឥទ្ធិពល​ហ្នឹង​គឺ​បាន​ដោយ​របៀប​ណា? អញ្ចឹងខ្ញុំគិតថាអំណាចនេះប្រកដជាមានឥទ្ធិពលទៅលើរដ្ឋបាលថ្នាក់ក្រោមជាតិ » ។

សកម្មជនបរិស្ថានដែលតែងតែរិះគន់ការដឹកនាំខេត្តព្រះសីហនុកាលពីកន្លងទៅគឺលោក អាឡិច ហ្គូនសាឡេស ដាវិដសុន មិនមានជំនឿថាក្រោមការដឹកនាំថ្មីរបស់លោក គួច ចំរើន អាចផ្លាស់ប្ដូរមុខមាត់ខេត្តទេសចរណ៍នេះឡើងវិញនោះទេ។

អ្វីដែលលោក អាឡិច មិនមានជំនឿនោះ គឺដោយសារលោកគួច ចំរើន ត្រូវ​បាន​ថ្នាក់​ជាតិ​ចាត់​តាំង​ដូច្នេះ​រាល់​ការ​អនុវត្តន៍​ត្រូវ​ស្ដាប់​ការ​បញ្ជា​ពីលើ ដែលខុសពីអភិបាលដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋ លើស​ពីនេះ​បញ្ហា​ដែល​កើតមាន​ក្នុង​ខេត្ត​នេះមិនមែនកើតដោយសារថ្នាក់ខេត្តនោះទេគឺមកពីថ្នាក់ជាតិ។

លោកបន្ថែមថា ការបើក​ឲ្យមាន​លំហូរ​ទុនវិនិយោគ​យ៉ាងច្រើន​សម្បើម​ពី​ជនជាតិចិន​ចូល​ខេត្ត​នេះ​ដោយ​ខ្វះការ​ត្រួត​ពិនិត្យ​លុយ​កខ្វក់ ការយកមន្ត្រីជាន់ខ្ពស់មកកាងក្រោយខ្នងរបស់ជនជាតិចិន សុទ្ធតែជាបញ្ហាដែលថ្នាក់ជាតិបង្កឡើងទាំងអស់។

លោកអាឡិច៖ « បើទោះអភិបាលខេត្តថ្មីចង់ធ្វើល្អចង់ទប់ស្កាត់បញ្ហាមួយចំនួនក៏ប្រហែលជាគាត់មិនហ៊ានដែរ ដោយ​សារអ្នក​ដែល​វិនិយោគទៅលើសណ្ឋាគារទៅលើកាស៊ីណូ។ អ្នកដែលប្រព្រឹត្តិបទល្មើស​នៅក្នុង​ខេត្តព្រះសីហនុ​ភាគច្រើន​ហ្នឹង​សុទ្ធ​តែ​មាន​ខ្នងក្រាស់ណាស់! ហើយខ្នងរបស់គេហ្នឹងសុទ្ធតែមកពីថ្នាក់ជាតិទេ។ អញ្ចឹងអភិបាលខេត្ត​ថ្មីមិនខុស​ពីអភិបាល​ខេត្ត​ចាស់​ទេ ហើយក៏មិនខុសពីអភិបាលខេត្តផ្សេងៗទេ គេហៅថា​មិនមានចង្កូម​ដែលហ៊ានខាំ​ទៅលើអ្នកវិនិយោគ​ មិនហ៊ាន​ជាមួយអ្នកប្រព្រឹត្តិ​កំហុសឆ្គងទេ។ ខ្លាចអត់តំណែង ឬខ្លាចគេរករឿងជាមួយ។ អាហ្នឹងក្នុងសេណារីយ៉ូល្អ ចំពោះ​សេណារីយ៉ូ​មិនល្អវិញ​ គឺបានន័យថាអភិបាលខេត្តថ្មីចូលរួមបំផ្លិចបំផ្លាញតាមរយៈអំពើពុករលួយ រឿងហ្នឹងក៏អាចមានដែរ » ។ 

លោកអាឡិច បន្ថែមថាក្រោយពីផ្ទុះហេតុការណ៍បាក់អាគារ និងផ្លាស់ប្ដូរអភិបាលខេត្តថ្មីនេះ វាអាច​ឲ្យស្ថានការណ៍​នៅខេត្ត​ព្រះសីហនុ​ស្ងប់ស្ងាត់មួយរយៈ តែលោកថាយ៉ាងយូរមួយឆ្នាំ ភាពរញ៉េរញ៉ៃនឹងកើតឡើងវិញដដែល។

បើគ្មានអ្វីប្រែប្រួលនោះទេលោក គួច ចំរើន នឹងត្រូវចូលធ្វើការជាអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៩ មិថុនា ខាងមុខ។

អនុប្រធានលេខាធិការដ្ឋាននៃគណកម្មាធិជាតិអប់រំប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ លោក ង៉ាន់ ចំរើន មាន​ប្រសាសន៍​ ថា​អភិបាល​ខេត្ត​នីមួយៗមានសិទ្ធិពេញទី ក្នុងការអនុវត្តន៍ច្បាប់ដោយមិនលើកលែង ឬភ័យខ្លាចចំពោះជនណាមួយនោះទេ។

លោកថា៖ « ជាទូទៅអភិបាលខេត្តលោកមានសិទ្ធិហើយ មានសិទ្ធិ​ចាត់ចែង​ក្នុងដែន​សមត្ថកិច្ច​របស់​លោក​ដោយ​ផ្អែក​តាម​ច្បាប់​ ចៅហ្វាយខេត្តណាក៏ដូចជាចៅហ្វាយខេត្តណាដែរ។ ច្បាប់បានកំណត់រួចទៅហើយ ដូច្នេះ​ដោយសារ​តែក្នុង​តួនាទី​ថ្មី​ហ្នឹង យើងសង្ឃឹមថាឯកឧត្តមគួច ចំរើន លោកនឹងដោះស្រាយបាននូវបញ្ហាដែលកើតឡើងទាំងឡាយនៅកំពង់សោមនេះ » ។

បើទោះបីជាមានការលើកឡើងបែបនេះក្ដី តែសម្រាប់អ្នកពាក់ព័ន្ធយល់ ការដឹកនាំខេត្តព្រះសីហនុ បាន ឬមិនបាន​មិន​អាស្រ័យ​លើ លោក យន្ត មីន ឬលោក គួច ចំរើន នោះទេ វាអាស្រ័យលើលោកហ៊ុន សែន ថា​តើលោក​ហ៊ាន​កាត់​ផ្ដាច់​អ្នក​នយោបាយ​ចេញ​ពី​រដ្ឋបាល និងហ៊ានអនុវត្តន៍ច្បាប់ពេញទី ចំពោះអ្នកដែលមានអំណាចនៅថ្នាក់ជាតិ ឬ​ក្នុង​បក្ស​របស់​លោក​ដែរ​ឬទេ?

លោក សន ជ័យ៖ « វាដល់ពេលដែលរដ្ឋាភិបាលត្រូវបង្ហាញរនូវឆន្ទះរបស់ខ្លួន ដើម្បី​លុប​បំបាត់​នូវការ​រំលោភអំណាច​របស់​ជនជាតិ​ចិន​នៅក្នុងខេត្តព្រះសីហនុហើយ។ រំលោភអំណាចដែលខ្ញុំសំដៅ​ទៅហ្នឹង​គឺចិន​បានរំលោភអំណាច​រដ្ឋបាល​រួចហើយ​គឺបំពាន​សាងសង់​សំណង់ដែលខុសច្បាប់ តែយើងមិនទាន់ជឿថាចិន១រយភាគរយទេ វាអាចមាននរណា​ម្នាក់នៅ​ពីក្រោយខ្នង​នៃទង្វើខុសច្បាប់របស់ចិននេះ។ ដែលចិនប្រាប់ថា​គេមានខ្សែ​គេមាន​ខ្នងអីហ្នឹង​ធ្វើឲ្យ​អាជ្ញាធររដ្ឋបាល​ថ្នាក់ក្រោមជាតិ​ហ្នឹងគ្រាន់តែឮឈ្មោះអីហ្នឹងរាបតែម្ដង » ។

ថ្លែងប្រាប់VOD ដោយជំនឿចិត្តយ៉ាងមុតមាំលោក គួច ចំរើន ថាលោក​នឹងខិតខំ​ធ្វើការងារ​ជាមួយភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងខេត្ត​ដើម្បីស្ដារ​ឈ្មោះ​ខេត្តនេះឡើងវិញ ខណៈ​លោកប្រកាសថា​ជនជាតិ​ណា​ក៏ដោយ​នៅក្នុងខេត្ត​ឲ្យតែធ្វើខុស​គឺត្រូវតែ​ប្រឈមមុខ​នឹងផ្លូវច្បាប់ដោយមិនលើកលែង។

លោកថា៖ « ការពិតក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីយើងមិនត្រូវប្រកាន់ ឬក៏មានការរើសអើងជាតិសាសន៍ណា ឬក៏ជនជាតិ​ណានោះ​ទេ! ភារកិច្ចរបស់យើងគឺត្រូវបំរើពលរដ្ឋគ្រប់សញ្ជាតិ គ្រប់ជនជាតិ ដែលគេមករស់នៅឬក៏ឆ្លងកាត់ទឹកដីរបស់យើង។ តែអ្វីដែលសំខាន់គឺជនជាតិណាក៏ដោយគឺត្រូវតែគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលដែលគេមករស់នៅក្នុងខេត្តនោះ ដូច្នេះខ្ញុំមិនស្របនោះទេចំពោះការលើកឡើងនូវការប្រកាន់ជាតិសាសន៍ណាមួយនោះ យ៉ាងបែបដូច្នោះទេ។ ជនជាតិណាក៏ដោយឲ្យតែរស់នៅលើដីខ្មែរ គឺត្រូវតែអនុវត្តន៍នូវច្បាប់របស់ប្រទេសនោះហើយត្រូវអនុវត្តន៍ឲ្យបានដូចៗគ្នា » ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ