សមាជិកសភា​អឺរ៉ុបម្នាក់ បញ្ជាក់ជំហរ​ថា​នឹងរួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ីចូលកម្ពុជា

ប្រភពរូបភាពពី Twitter របស់ លោក Phil Bennion

សមាជិកសភាសហភាព​អឺរ៉ុបម្នាក់​ បាន​អះអាងថា​នឹង​ធ្វើដំណើរ​មក​ប្រទេសកម្ពុជា​ជាមួយលោក សម រង្ស៊ី និង​មេដឹក​អតីត​បក្សប្រឆាំងផ្សេងទៀត ដើម្បីស្តារប្រជាធិបតេយ្យ​។  

លោក Phil Bennion សមាជិកសភាសហភាព​អឺរ៉ុប បានអះអាងបែបនេះក្នុងពេល​ដែល​ជួប​ជាមួយលោក សម​ រង្ស៊ី និង អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ​មួយចំនួន​ទៀតនាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

កាលពីម្សិលមិញ លោក Phil Bennionបាន​បង្ហោះវីដេអូឃ្លីបមួយដែល​ថត​ជាមួយ​លោក សម រង្ស៊ី និង​លោកស្រី​ មួ សុខហួរ ក្នុងបណ្ដាញសង្គម​Twitter របស់លោក។  ក្នុង​វីដេអូឃ្លីបរយៈពេល​ជាង១នាទីនោះ លោក Phil Bennion បាន​លើកឡើងថា​ពេល​នេះសភាអឺរ៉ុប​កំពុង​ចាប់ផ្ដើម​ពិនិត្យថាតើ​រដ្ឋាភិបាល​កម្ពុជា​រក្សា​នូវ​កិច្ច​ព្រមព្រៀង​ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម​ដែរឬទេ។​ លោក បន្តថា​ប្រសិន​មិនបាន​គោរព​ទេនោះ​ សហភាព​អឺរ៉ុបនឹងមាន​វិធានការមួយចំនួន​លើកម្ពុជា។

សមាជិកសភាសហភាព​អឺរ៉ុបមកពីប្រទេសអង់គ្លេសរូបនេះ ក៏បាន​អំពាវនាវឲ្យ​ប្រជាជនកម្ពុជានាំគ្នាត្រលប់​ចូល​ប្រទេសវិញដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ថាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន លទ្ធិ​ប្រជាធិបតេយ្យត្រូវបានលុបបំបាត់ ហើយបក្សប្រឆាំងត្រូវបាន​រារាំង ដែល​លោក​ជឿថា​មានចិននៅគាំទ្រ​ពីក្រោយ។​

លោក Phil Bennion អះអាងថា​សហភាព​​អឺរ៉ុបនឹង​ឈរជាមួយពលរដ្ឋកម្ពុជា​ក្នុងយុទ្ធនាការណ៍ស្តារប្រជាធិបតេយ្យ​។

លោក មានប្រសាសន៍ថា៖«ខ្ញុំ​ នឹងចូលរួម​ជាមួយអ្នក។ ខ្ញុំនឹងត្រលប់ទៅ​ជាមួយអ្នក​ ហើយទៅប្រទេសកម្ពុជាដើម្បូីជួប​លោក កឹម​ សុខា។  ហើយ ព្យាយាម​នាំយកកម្ពុជាមកកាន់​ផ្លូវ​ប្រជាធិបតេយ្យវិញ​។»

កាលពីម្សិលមិញ លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះ​ បាន​អះអាងថា​ក្រោយ​ជំនួបជាមួយ​​​សមាជិកសភាអឺរ៉ុប​ និងគណៈកម្មការអឺរ៉ុប នាទីក្រុង​ព្រុចសែល ប្រទេសបែកហ្ស៊ិកកាលពីម្សិលមិញ មាន​សមាជិកសភា​អឺរ៉ុប៦រូបហើយដែល​ថា​នឹងរួមដំណើរ​ជាមួយ​អតីតមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា។

លោកស្រី​ មូរ សុខហួរ បញ្ជាក់​ថា​សមាជិក​សភា​ទាំងនោះមក​ពីប្រទេសផ្សេងៗគ្នាក្នុងសហភាព​អឺរ៉ុប​ដូចជា​ស៊ុយអែត ប៊ុលហ្គារី អេស្ប៉ាញ អង់គ្លេស និង​ប៉ទុយហ្គាល់​ជាដើម។ អតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ បញ្ជាក់​ថា​ដំណើរវិលត្រលប់របស់​ក្រុម​អតីតមេដឹកនាំបក្ស​សង្រ្គោះជាតិ​នឹង​ធ្វើឡើងមិនឲ្យយូរជាង​ខែកញ្ញាឡើយ។

អ្នក​ជំនាញគោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យរង​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មានប្រសាសន៍ថារដ្ឋាភិបាល​អាចបដិសេធមិន​ឲ្យសមាជិក​សភាសហភាព​អឺរ៉ុប ​លោក Phil Bennionចូល​កម្ពុជា​ ឬក៏បញ្ជូន​ទៅវិញនៅពេល​ដែលមកដល់ ហើយបន្ទាប់មក​ចាប់​ខ្លួន​លោក សម រង្ស៊ី។

ទោះយ៉ាងណាក៏ដោយ អ្នកជំនាញ​គោលនយោបាយ និងទំនាក់​ទំនងអន្តរជាតិ​រូបនេះ ក៏មើលឃើញម្យ៉ាងទៀតដែរថា​ការរួម​ដំណើររបស់​លោក Phil Bennion អាចជាឱកាសសម្រាប់​លោក សម រង្ស៊ីដែរ។ លោក យល់ថា​វត្តមានរបស់​សមាជិក​សភាអឺរ៉ុប អាចជាវិធីសាស្រ្តមួយដែល​ជួយឲ្យ​លោក សម រង្ស៊ី បាន​ត្រលប់​ចូលប្រទេសវិញ ហើយ​ការព្យួរ EBA ក៏ត្រូវបានលុបចោល។

ប៉ុន្តែ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន លើកឡើងថា​អ្នកណាក៏អាចចូលកម្ពុជាបានដែរ ជាពិសេសជនបរទេសទាំងអស់រដ្ឋាភិបាលស្វាគមន៍​ ប៉ុន្តែសម្រាប់​អ្នកដែល​មានទោសសមត្ថកិច្ច​កម្ពុជា​នឹងចាត់ការ​តាមផ្លូវច្បាប់​។ លោក សុខ ឥសាន បន្ថែមថា​​ការអម​ដំណើររបស់​​លោក Phil Bennion ជាមួយលោក​សម រង្ស៊ី មិនបាន​ជួយអ្វី​ដល់​លទ្ធិប្រជាធិបតេយ្យនោះទេ។

លោក មានប្រសាសន៍ថា៖«គ្រាន់​តែអមដំណើរ​ វាមិនមានន័យថា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​អីទេ។ ធ្វើម៉េចគាត់ស្តារប្រទេសគាត់​ឲ្យតែល្អទៅ។ បាទ! រាល់ថ្ងៃហ្នឹង​ប្រជាធិបតេយ្យប្រទេសគាត់​ល្អហ្នឹង​ ល្អណាអី ប្រជាធិបតេយ្យនោះ។»

កាលពីថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំនេះ សហភាពអឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមដំណើរការដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​ នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។ នៅខែសីហា ខាងមុខនេះ សហភាពអឺរ៉ុបនឹង​ធ្វើ​សេចក្តី​សម្រេចថាតើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ត្រូវព្យួរ​ ឬរក្សា​ទុកដដែល​សម្រាប់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ