លោក ជា សុផារ៉ា សុំគោលការណ៍ពីលោក ហ៊ុន សែន ចាត់វិធានការសំណង់អគារខុសច្បាប់

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា (ក្រសួងរៀបចំដែនដី)

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានសុំគោលការណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដោយថា ដើម្បីធានាសុវត្តិភាព និងគុណភាពសំណង់ទូទាំងប្រទេស។

ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែមិថុនាលោក ជា សុផារ៉ា បានលើកហេតុផលប្រាប់ទៅលោក ហ៊ុន សែន ថា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធានានូវសុវត្តិភាព គុណភាពសំណង់នៅទូទាំងប្រទេស និងធានាការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព គឺក្រសួងរៀបចំដែនដីស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញវិធានការចាំបាច់ចំពោះការដ្ឋានសំណង់ទាំងឡាយណាពុំមានលិខិតអនុញ្ញាត និងសាងសង់ខុសលក្ខណៈបច្ចេកទេស។

ក្នុងលិខិតដដែល លោក ជា សុផារ៉ា ស្នើឲ្យចាត់វិធានការចំពោះការដ្ឋានសំណង់អត់ច្បាប់ទាំងនោះ ដូចជាមិនត្រូវផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹកស្អាត ការតភ្ជាប់លូចូលបណ្តាញលូសាធារណៈ មិនត្រូវផ្តល់លិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

គួររំលឹកថា បន្ទាប់ពីឧបទ្ទវហេតុបាក់សំណង់អគារនៅខេត្តព្រះសីហនុ​ ដែលបណ្ដាលឲ្យកម្មករខ្មែរ ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួសនោះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីចុះត្រួតពិនិត្យគុណភាពសំណង់នៅខេត្តជាប់មាត់សមុទ្រមួយនេះ។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាដោយផ្ទាល់ទៅរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ឲ្យពិនិត្យមើលឡើងវិញនិងចាត់វិធានការតាម​ផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះសំណង់អគារទាំងឡាយនៅខេត្តព្រះសីហនុ ដែលពុំមានច្បាប់អនុញ្ញាត និងអនុវត្តតាមស្ដង់ការ នៃការសាងសង់ ដោយថា ដើម្បី​ទប់ស្កាត់កុំឲ្យកើតមានសោដនាដកម្មបែបនេះសារជាថ្មី។

កាលពីថ្ងៃទី២៦ ខែមិថុនានេះ ចលនាមាតាធម្មជាតិ បានចេញផ្សាយវីដេអូស៊ើបអង្កេតខ្លីមួយ ដោយរកឃើញថា  នៅលើឆ្នេរឯករាជ្យតែមួយប៉ុណ្ណោះ ក្នុងខេត្តព្រះសីហនុ មានសំណង់អគារចំនួន៥បានសាងសង់ដោយខុសច្បាប់ និងផ្ទុយពីសារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ