លោក គួច​ ចំរើន ប្តេជ្ញាអនុវត្តច្បាប់ដោយគ្មាន​ការលើកលែង

អតីតអភិបាលខេត្តព្រះសីហនុលោក យន្ត មីន(ឆ្វេង) និង អភិបាលខេត្តទើបចូលកាន់តំណែងលោក គួច ចំរើន(ស្តាំ)នៅក្នុងពិធីចូលកាន់តំណែងនៅថ្ងៃនេះ(រូបដោយ វណ្ណ វិចារ)

អតីតអភិបាលខេត្តកំពង់ចាម ដែលត្រូវចូលកាន់​តំណែងជាអភិបាល​ខេត្តព្រះ​សីហនុ លោកគួច ចំរើន ប្តេជ្ញាថានឹងខិតខំបំពេញការងារ​ឱ្យ​អស់ពីសមត្ថភាពស្របតាម​ច្បាប់ដោយគ្មានវៀចវេរឡើយ។

ក្នុងពិធីចូលកាន់តំណែងនៅថ្ងៃនេះ ប្រមុខដឹកនាំខេត្តព្រះសីហនុ បានថ្លែងជាសាធារណៈសុំការគាំទ្រពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកិច្ចសហការណ៍​ពីសំណាក់​មន្ត្រីរាជការ​ជុំវិញខេត្ត ដើម្បី​បើកដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមាន។​ អភិបាលខេត្ត លោកគួច ចំរើន លើក​ឡើង​ថា ភាពអសកម្មទាំងឡាយដែលបង្កឡើងដោយអ្នកមានអំណាច​បានធ្វើឱ្យ​ប្រជា​ពលរដ្ឋ​​​​មាន​ការថ្នាំងថ្នាក់មិនពេញចិត្ត និងរងនូវភាពអយុត្តិធម៌។

លោកបន្តថា ការងារជា​ពិសេសដំបូងរបស់រូបលោកក្នុងនាមជាអភិបាលខេត្តថ្មីនេះ គឺពង្រឹងការអនុវត្តច្បាប់កែប្រែមុខមាត់ខេត្តព្រះសីហនុ ឡើងវិញ។

លោកគួច ចំរើន៖ បន្តការលុបបំបាត់ភាពអសកម្មនានា។ យកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យនានាជុំវិពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព។

ក្រៅពីការប្តេជ្ញាចិត្តទាំងនេះ លោក គួច ចំរើនក៏បានសន្យាអនុវត្តបទបញ្ជារបស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន សន្យាសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីក្នុងខេត្ត សន្យាដោះស្រាយបញ្ហា​អន្តរប្រវេសន៍និងគ្រឿងញៀន សន្យាកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ល។

នៅក្នុងពិធីចូលតំណែងរបស់អភិបាលខេត្តព្រះសីហនុនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោក ស ខេង មានប្រសាសន៍ថា ​ដើម្បីសម្រេចបានជោគជ័យក្នុងភារកិច្ចជា​អភិបាល​ខេត្តព្រះសីហនុ អ្នកដឹកនាំ​ខេត្តត្រូវពិចារណានិងដោះស្រាយចំណោទបញ្ហា៥ យ៉ាងតិច​រួមមាន ការគ្រប់គ្រងនិងដោះ​ស្រាយទំនាស់ដីធ្លី,  ការពង្រឹងការត្រួតពិនិត្យគុណភាពសំណង់,   ការគិតគូពីសន្ដិសុខនៅ កោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ, ការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍,  និង រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់។

លោកបញ្ជាក់ថា អភិបាលខេត្តមិនអាចសម្រេចភារកិច្ចតែឯងបានឡើយ គឺចាំបាច់ត្រូវការការជួយគាំទ្រ។

លោក ស ខេង ៖« គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមជ្រោមជ្រែងអភិបាលខេត្តថ្មី ដើម្បីលើកមុខមាត់ខេត្តព្រះសីហនុ និង ទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍ឱ្យមកកម្សាន្ត។ខេត្តព្រះសីហនុនេះមិនមែនសម្រាប់តែជនជាតិណាមួយទេ គឺសម្រាប់គ្រប់គ្នាដែលចង់មក»

ទោះជាយ៉ាងណាក្ដី មិនទាន់មានមន្ត្រីណាម្នាក់ដែលជាប់ទោស​ក្នុងសំណុំរឿងបាក់​អគារ៧ជាន់​នៅខេត្តនេះនៅឡើយ ខណៈអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល និង​បណ្ដាជនមួយ​ចំនួន ដាក់ការសង្ស័យថា អគារចិនដែលបាក់នោះសង់ឡើង​កម្ពស់៧ជាន់បានក៏ដោយសារ​អំណាចទឹកលុយនៃអំពើពុករលួយ។

លោកគួច ចំរើន ត្រូវបានផ្លាស់ពីអភិបាលខេត្តកំពង់ចាម មកកាន់តំណែងថ្មី នៅខេត្ត​ព្រះសីហនុ​នេះ បន្ទាប់ពីហេតុការណ៍​បាក់អគារ៧ជាន់របស់ក្រុមហ៊ុនចិន ដែលបណ្ដាលឱ្យ​កម្មករ២៨នាក់​ស្លាប់និង​២៦នាក់រងរបួស។​ លោកមានប្រវត្តិជាសមាជិកយុវជន​គណបក្ស​ប្រជាជនកម្ពុជា ដែលធ្លាប់ធ្វើអភិបាលខណ្ឌចំនួន៣នៅរាជធានីភ្នំពេញរួមមាន ខណ្ឌ មានជ័យ ច្បារអំពៅនិង  ខណ្ឌដូនពេញ។

បច្ចុប្បន្នខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២សែន២ម៉ឺននាក់។ ខេត្ត​មានតំបន់​សេដ្ឋកិច្ចចំនួន៥កន្លែងមានរោងចក្រធំតូច ជាង២១០កន្លែង និង សិប្បកម្ម​ជាង១​ពាន់កន្លែងដែលស្រូបទាញកម្លាំងពលរដ្ឋជាង៨ម៉ឺននាក់។ ក្នុងនោះជនជាតិចិននាំមុខគេ នឹងគ្រប់គ្រងសឹងភាគច្រើនចរន្តសេដ្ឋកិច្ចទីផ្សារក្នុងក្រុងព្រះសីហនុ ដែលជាទី​ប្រជុំជន​ដ៏សំខាន់ក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ