តំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ណី សំអុល អះអាងជាថ្មីទៀតថា កម្ពុជាមិនដោះដូរអធិបតេយ្យភាពទៅប្ដូរយកជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនោះឡើយ។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយ កាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា លោក ណី សំអុល បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំទូទៅចំណុចទី២ នៅក្នុងសម័យប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ។
តំណាងកម្ពុជារូបនេះ បានបញ្ជាក់បែបនេះ ជាការឆ្លើយតបនឹងការរិះគន់លើរដ្ឋាភិបាលកម្ពុជាពីសំណាក់គណៈប្រតិភូសហភាពអឺរ៉ុប អង់គ្លេស បារាំង និងអូស្ដ្រាលី ដែលថា ការអនុវត្តច្បាប់នៅកម្ពុជាកំពុងដើរនៅលើផ្លូវខុស និងបានធ្វើឲ្យលំហូរសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជារួមតូច។
ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ណី សំអុល ថ្លែងប្រាប់អង្គការសហប្រជាជាតិថា ការអនុវត្តច្បាប់នៅកម្ពុជា តែងត្រូវបានគេសន្មត់ថា ជាវិធានការខុសច្បាប់ លើកលែងតែរដ្ឋាភិបាលបង្ហាញថា វិធានការនោះត្រឹមត្រូវជាមុនសិន។
លោក ណី សំអុល ក៏ច្រានចោលផងដែរចំពោះការរិះគន់អំពីការអនុវត្ត និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការយកបញ្ហាសិទ្ធិមនុស្សមកធ្វើជាមូលហេតុនៃការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងឡើកលែងតែអាវុធ» ឬហៅកាត់ថា ប្រព័ន្ធ EBA ពីកម្ពុជា។
បើតាមសេចក្ដីថ្លែងការណ៍ លោក ណី សំអុល លើកឡើងក្នុងកិច្ចប្រជុំថា៖ «ប៉ុន្ដែ ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវការជំនួយ ដែលរួមមានទាំងគម្រោង អ្វីគ្រប់យ៉ាងឡើកលែងតែអាវុធ EBA របស់អឺរ៉ុបផងដែរ។ ហើយលក្ខណៈអនុគ្រោះទាំងនោះ កម្ពុជាពិតជាត្រូវការ និងឲ្យតម្លៃខ្ពស់។ ក៏ប៉ុន្ដែ ដូចរដ្ឋដទៃទៀតផងដែរ អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាមិនអាចដោះដូរជាមួយជំនួយបានឡើយ»។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្ដើមដំណើរការនីតិវិធីដែលនឹងឈានទៅរកការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ។
សហភាពអឺរ៉ុបគូសបញ្ជាក់ថា ខ្លួនបានជួបពិភាក្សាដោយស្មោះត្រង់ជាមួយភាគីកម្ពុជា និងរំពឹងថា រដ្ឋាភិបាលនឹងកែលម្អបញ្ហាទាំងអស់ដែលជាក្ដីកង្វល់ និងជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការចាំបាច់នានាជាបន្ទាន់ ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ។
តាមការគ្រោងទុក ដំណើរបេសកម្មរបស់គណៈប្រតិភូជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដែលចុះមកឃ្លាំមើល និងត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នឹងបញ្ចប់ទៅនៅចុងខែសីហាខាងមុខនេះ។
ក្រោយចប់រយៈពេលនេះ សហភាពអឺរ៉ុបនឹងបង្ហាញរបាយការណ៍រកឃើញរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា មានរយៈពេល ១ខែ ការក្នុងឆ្លើយតបនឹងរបាយការណ៍នេះ មុននឹងមានការសម្រេចជាផ្លូវការថាតើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវព្យួរ ឬរក្សាទុកដដែលសម្រាប់កម្ពុជា៕