បុរសម្នាក់បានស្លាប់ និងព្រះសង្ឃ ៥អង្គទៀត បានរងរបួស បន្ទាប់ពីម៉ូតូរ៉ឺម៉កកង់បីបានបុកគ្នាជាមួយរថយន្ដមួយគ្រឿង កាលពីព្រឹកមិញនេះ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមគេហទំព័រព័ត៌មានរបស់នគរបាលជាតិ។
នគរបាលជាតិបានផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ មិថុនានេះ ដែលថា បណ្ដាលមកពីរថយន្ដបែនដឹកដីបានបើកទៅបុកម៉ូតូរ៉ឺម៉កកង់បី បណ្ដាលឲ្យយុវជនម្នាក់ ដែលជាកូនសិស្សលោក បានស្លាប់ និងព្រះសង្ឃ ៥អង្គទៀតដែលរួមដំណើររងរបួស។
នាយរងផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល លោក ង៉ែត ហ៊ុល ប្រាប់ VOD បន្ថែមថា សមត្ថកិច្ចកំពុងតែដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។
ប៉ុន្ដែ លោកអះអាងថា អ្នកបើកបរថយន្ដមិនមែនជាជនបង្កហេតុនោះទេ ដោយថា ម៉ូតូកង់បីបានជួបបញ្ហាម៉ាស៊ីននៅពេលធ្វើដំណើរលើដងផ្លូវនោះ។
លោកបន្ដថា៖ «តាមការពិតមិនមែនទេ អ្នករ៉ឺម៉កតើអ្នកបង្ក រ៉ឺម៉កវាគាំងបដាង រ៉ឺម៉កលោកទុកចោលយូរវាគាំងបដាង ទៅចូលឡានដឹកដីគេហ្នឹង តែតៃកុងរត់បាត់ហើយ។ តែតាមពិត រ៉ឺម៉កវាគាំងបដាង ទៅចូលគេតើ។ គ្នាមិនមែនអ្នកបង្កទេ តែគ្នាមិញហ៊ាននៅ រត់បាត់ដែរ»។
បើតាមលោក ង៉ែត ហ៊ុល ពេលនេះ សមត្ថកិច្ចកំពុងស្វែងរកអ្នកបើកបររថយន្ដដើម្បីចូលមកដោះស្រាយករណីនេះ ខណៈព្រះសង្ឃទាំង ៥អង្គ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល៕