ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា បានទាមទារឲ្យទូរទស្សន៍រុស្ស៊ី RT ផ្ដល់ជំនួយគាំទ្រដល់អ្នកបកប្រែភាសាលោក រ៉ាត់ រត្នមុនី ក្នុងការប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកបកប្រែឲ្យសារព័ត៌មានរុស្ស៊ី RT លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមិថុនា ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទថា បាន «ញុះញង់ឲ្យមានការរើសអើង» ក្រោយពីបានបំពេញការងារជាមួយសារព័ត៌មាននោះនៅក្នុងការផលិតភាពយន្តឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ»។
ក្នងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃ២៩ ខែមិថុនាកន្លងទៅ ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC) បានហៅការសម្រេចផ្ដន្ទាទោសនេះថា មិនត្រឹមត្រូវ ដោយថា លោក រ៉ាត់ រត្នមុនី មានតួនាទីត្រឹមតែជាអ្នកបកប្រែ និងជួយសម្របសម្រួលឲ្យទូរទស្សន៍រុស្ស៊ី RT តែប៉ុណ្ណោះ និងមិនសមទទួលខុសត្រូវនៅក្នុងរឿងនេះនោះទេ។
ក្លឹបអ្នកកាសែតបរទេសមួយនេះ បានទាមទារទៅទូរទស្សន៍រុស្ស៊ី RT ឲ្យផ្ដល់ជំនួយគាំទ្រដល់លោក រ៉ាត់ រត្នមុនី ប្រសិនបើលោកប្ដឹងជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅកាន់សាលាឧទ្ធរណ៍នោះ។
ម្យ៉ាងទៀត ក្លឹបអ្នកកាសែតកម្ពុជានៅបរទេសក៏ទាមទារឲ្យសាលាឧទ្ធរណ៍ពិនិត្យមើលឡើងវិញចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញឲ្យបានល្អិតល្អន់ ដោយថា ភាគីដើមបណ្ដឹងរដ្ឋប្បវេណីទាំង ៥នាក់ អាចត្រូវបានគេបង្ខំឲ្យដាក់ពាក្យបណ្ដឹងប្រឆាំង លោក រ៉ាត់ រត្នមុនី។
មេធាវីរបស់លោក រ៉ាត់ រត្នមុនី គឺលោក ឡោ ជុនធី បានមានប្រសាសន៍ថា លោកនឹងជួបកូនក្តីនៅសប្តាហ៍ក្រោយ ដើម្បីសម្រេចថា តើត្រូវប្តឹងឧទ្ធរណ៍ ឬយ៉ាងណា។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះផងដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានហៅការសម្រេចផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំថា មិនបានផ្ដល់យុត្តិធម៌ជូនលោកនោះឡើយ ហើយថា វារឹតតែធ្វើឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបាត់បង់ជំនឿចិត្តជាងមុនថែមទៀត។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏ជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធានានូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលត្រូវបានធានាដោយច្បាប់អន្ដរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងនោះ។
ប៉ុន្ដែ មន្ដ្រីរដ្ឋាភិបាលចាត់ទុកសេចក្ដីថ្លែងការណ៍ថា អាមេរិកកំពុងលូកលាន់កិច្ចការផ្ទៃក្នុងតុលាការ និងបានលើកឡើងខុសពីការពិតទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា៕