រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងអ្នកម៉ៅការសំណង់ទាំងអស់ត្រូវធ្វើកន្លែងឱ្យកម្មករស្នាក់នៅក្រៅការដ្ឋានចាប់ពីពេលនេះតទៅ ដោយថា ដើម្បីការពារសុវត្ថិភាពរបស់កម្មករ។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសានស៍ថា ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងអ្នកម៉ៅការសំណង់ទាំងអស់ ត្រូវធ្វើកន្លែងឱ្យកម្មករស្នាក់នៅ ដោយមិនអនុញ្ញាតឱ្យស្នាក់នៅក្នុងអគារដែលកំពុងសាងសង់បន្តទៀតនោះទេ។
លោកថា៖ «គ្មានជម្រកកម្មករឱ្យស្នាក់នៅក្នុងអគារកំពុងសាងសង់ នេះជាប្រការដែលមិនអាចអនុញ្ញាតឱ្យបាននៅពេលបច្ចុប្បន្ននេះទេ។ កន្លងមក ក៏មានការណែនាំ ប៉ុន្តែ ការណែនាំនេះ មិនទាន់បានទទួលការអនុវត្តដោយពេញលេញនៅឡើយ។ ក្រុមហ៊ុនមិនបានចុះបញ្ជី សំណូមពរ ដែលនៅក្នុងអង្គពិធីនេះ សូមចូលរួមគោរពច្បាប់ បទដ្ឋានគតិយុត្តិ និងបទដ្ឋានផ្សេងៗ ដោយមិនត្រូវប្រព្រឹត្តប្រាស់ចាកអំពីក្រមសីលធម៌ឡើយ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា ប្រសិនបើក្រសួងតម្រូវឱ្យក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ធ្វើកន្លែងឱ្យកម្មករស្នាក់នៅនោះ វារឿងល្អ ប៉ុន្តែ បើឱ្យកម្មករជួលផ្ទះស្នាក់នៅខ្លួនឯង លោកថា វានឹងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។
លោកថា៖ «កម្មករបច្ចុប្បន្ននេះ ប្រាក់ឈ្នួលគាត់វានៅទាប ហើយ មិនទាន់មានកំណត់ប្រាក់ឈ្នួលសមរម្យទេ ហើយ [ការងារពួកគាត់មិនទៀងទាត់] ឧទាហរណ៍ ក្នុង១ខែ គាត់ធ្វើការបាន១០ថ្ងៃ ១៥ថ្ងៃ ហើយបើសិនឱ្យគាត់ទទួលខុសត្រូវពេលគាត់ស្នាក់នៅ ខ្ញុំគិតថា រឹងតែមានបញ្ហា ក្នុងការផ្គត់ផ្គង់ជីវភាពដែលបានកម្រៃពីការងារ»។
កាលពីថ្ងៃទី២២ ខែមិថុនា ហេតុការណ៍បាក់អគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យកម្មករខ្មែរ ២៨នាក់ស្លាប់ និង ២៦នាក់ទៀតរងរបួស។
ក្រោយករណីបាក់អគារនេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយ ដើម្បីឲ្យត្រួតពិនិត្យសំណង់អគារទាំងអស់នៅក្នុងខេត្តព្រះសីហនុ ដោយក្រុមការងារនេះមានសមាសភាពមន្ដ្រីចំនួន ១៥នាក់ មកពីក្រសួងរៀបចំដែនដី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះសីហនុ។
បើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីថា សម្រាប់ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ២០១៨ មានចំនួន ៥២៥៨ លានដុល្លារ ដោយបានផ្ដល់ការងារឱ្យកម្មករធ្វើបានជាង ២០ម៉ឺននាក់ ។