នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ពីទីក្រុងហ្វ្សឺណែវ ប្រទេសស្វីស ព្រមានតំណាងរាស្រ្តសហភាពអឺរ៉ុបដែលថា ចង់អមដំណើរអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា។
ក្នុងកិច្ចសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសស្វីស នាថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា ចំពោះជនជាតិកម្ពុជាការវិលចូលប្រទេសរបស់ខ្លួនគ្មានការហាមឃាត់ទេ ។ ប៉ុន្តែ លោកថា ចំពោះអ្នកដែលមានដីកាឱ្យចាប់ខ្លួនពីតុលាការ លោកចាំបាច់ត្រូវនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារ។
មេដឹកនាំរូបនេះ អះអាងទៀតថា រីឯតំណាងរាស្រ្តសហភាពអឺរ៉ុបទាំង៦នាក់ដែលថាអមដំណើរនោះ រដ្ឋាភិបាលនឹងមិនបំពេញឯកសារផ្លូវច្បាប់ឱ្យចូលកម្ពុជាទេ។
លោកថា៖ «ចំពោះជនបរទេស ជាធម្មតាអ្នកឯងត្រូវសុំវីសា បើខ្ញុំមិនឱ្យអ្នកឯង សាកចូលលមើល។ កម្ពុជាជាមួយថៃ តំណាងរាស្ត្រថៃចូលកម្ពុជា កម្ពុជាកាត់ទោសតំណាងរាស្ត្រថៃ សុំចាំឱ្យច្បាស់»។
អតីតអនុប្រធានគណបក្សសង្រ្គោះ លោកស្រី មូរ សុខហួរ កាលពីចុងខែមិថុនា បានអះអាងថា ក្រោយជំនួបជាមួយសមាជិកសភាអឺរ៉ុប និងគណៈកម្មការអឺរ៉ុបនាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មានសមាជិកសភាអឺរ៉ុប៦រូប នឹងរួមដំណើរជាមួយអតីតមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា។
លោកស្រី មូរ សុខហួរ បញ្ជាក់ថា សមាជិកសភាទាំងនោះមកពីប្រទេសផ្សេងៗគ្នាដូចជា ស៊ុយអែត ប៊ុលហ្គារី អេស្ប៉ាញ អង់គ្លេស និងប៉ទុយហ្គាល់ ។
អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បញ្ជាក់ថា ដំណើរវិលត្រឡប់របស់ក្រុមអតីតមេដឹកនាំបក្សសង្រ្គោះជាតិនឹងធ្វើឡើងមិនឱ្យយូរជាងខែកញ្ញាឡើយ៕
លោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងបន្ថែមតាមសាអេឡិចត្រូនិច នៅថ្ងៃសុក្រនេះថា មន្ត្រីដែលមានគម្រោងអមដំណើរលោក សម រង្ស៊ី និងថ្នាក់ដឹកនាំមកកម្ពុជា ជាប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាអ្នកមានឥទ្ធិពលសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ហៅសារគំរាមរបស់នាយករដ្ឋមន្ត្រីនេះប្រៀបបានរុញកម្ពុជាឲ្យជួបវិបត្តិពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
លោកស្រី ថា៖ «ដូច្នេះ ការដក EBA នឹងចៀសមិនផុតទេ។ ហើយនេះបង្ហាញឲ្យឃើញថា លោក ហ៊ុន សែន បង្កឲ្យកម្មករយើងជាង៧០ម៉ឺននាក់បាត់បង់ការងារ ឲ្យមានវិបត្តិសង្គមនានា។ ដូច្នេះ ខ្ញុំយល់ឃើញថា បាត់បង់ប្រយោជន៍ប្រទេសជាតិដ៏ធំដែលលោក ហ៊ុន សែន មិនខ្វល់ទាល់តែសោះ»។
អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ និយាយថា បើអ្វីៗវាអាចកើតឡើងដូចការគំរាមមែន វានឹងរុញវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិ។ កញ្ញាវិភាគថា បើគ្មានអ្វីប្រែប្រួលទេ វាអាចនិយាយបានថា អ្នកនយោបាយខ្មែរកំពុងលេងល្បែងដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិដូចពីអតីតកាល។
កញ្ញាថា៖ «ការមិនចេះអត់ឱនឲ្យគ្នា ការមិនចេះនិយាយគ្នា មានហ្អែង អត់អញ មានអញ អត់ហ្អែងអីហ្នឹង ខ្ញុំមើលឃើញថា យើងចូលចិត្តប្រើដដែលៗ។ ខ្ញុំមិនដឹងថា គាត់មានផ្នត់គំនិតអញ្ចឹង ឬក៏យ៉ាងម៉េច ឬក៏គាត់មានឥទ្ធិពលពីប្រវត្តិនយោបាយអាក្រក់ៗពីមុនក្នុងភាពជាអ្នកដឹកនាំ។ អញ្ចឹង គាត់យកបុគ្គលិកលក្ខណៈបែបហ្នឹងមកលេងនៅក្នុងបរិបទបែបនេះ។ ហើយអាការលេងបែបនេះ វាជាការផ្តល់ហានិភ័យសម្រាប់ជាតិរបស់យើង»។
ជម្លោះនយោបាយ កំពុងគំរាមកំហែងកម្ពុជាពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យឡើងវិញទាន់ពេល។
ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ ជាផ្នែកមួយដែលប្រទេសលោកសេរី យកធ្វើជាសម្ពាធ ទាមទារទៅរដ្ឋាភិបាលឲ្យស្តារប្រជាធិបតេយ្យ តាមរយៈដោះលែងលោក កឹម សុខា និងឲ្យអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ។
របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា៕