ក្រុមអ្នកប្រជាធិបតេយ្យសេរីនិយម បានប្រកាសគាំទ្រជំហរអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលមានបំណងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានអំពាវនាវទៅសមាជិកនៃវេទិកានេះ ឲ្យអមដំណើរអតីតមេបក្សប្រឆាំងរូបនេះ។
ក្រុមមេដឹកនាំនៃចលនាសេរីនិយមអន្តរជាតិ (Liberal Internationals) បានជួបប្រជុំនៅឯជំនួបមួយនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដានេះ ដើម្បីជជែកលើបញ្ហានៅតាមបណ្ដាប្រទេសនានា។
អង្គការចលនាសេរីនិយមអន្តរជាតិ បានចេញសេចក្ដីសម្រេចបន្ទាន់មួយ ដែលជាការឆ្លើយតបនឹងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ចលនាអន្តរជាតិមួយនេះ បានទាមទារទៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។
ចលនាសេរីនិយមអន្តរជាតិ ដែលប្រមូលផ្ដុំទៅដោយអ្នកនយោបាយប្រជាធិបតេយ្យសេរីមកពីជុំវិញពិភពលោកនោះ បានបង្ហាញការគាំទ្រដល់ជំហររបស់លោក សម រង្ស៊ី ដែលប្រកាសឲ្យដឹងពីបំណងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយក៏បានអំពាវនាវទៅសមាជិកនៃចលនា ឲ្យអមដំណើរអតីតមេដឹកនាំបក្សប្រឆាំងរូបនេះផងដែរ។
សេចក្ដីសម្រេចនោះរៀបរាប់ថា៖ «អញ្ចើញសមាជិក LI អមដំណើរមេដឹកនាំ CNRP ដែលកំពុងរស់នៅនិរទេសខ្លួន វិលត្រឡប់ទៅកាន់កម្ពុជា និងធានាសន្តិសុខរបស់ពួកគេ»។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូ សុខហួរ ដែលបានចូលរួមវេទិកានោះជាមួយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ផងដែរនោះ បានឲ្យដឹងតាមបណ្ដាញសង្គមនៅថ្ងៃនេះថា មេដឹកនាំនៃបក្សប្រជាធិបតេយ្យសេរីនិយមមកពីអង់គ្លេស ហូឡង់ កាណាដា ម៉ារ៉ុក និងអាហ្វ្រិកខាងត្បូង សុទ្ធតែបានបង្ហាញជំហរគាំទ្រ និងការប្ដេជ្ញាចិត្តអមដំណើរលោក សម រង្ស៊ី។
វីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម Twitter បង្ហាញអ្នកស្រី Sal Brinton និងសហការីដទៃទៀតនៃចលនា LI ថ្លែងគាំទ្រជំហរលោក សម រង្ស៊ី និងប្ដេជ្ញាអមដំណើរអតីតមេបក្សប្រឆាំងរូបនេះ។
លោកស្រី Sal Brinton បន្ដថា៖ «ខ្ញុំ និងសហការីរបស់ខ្ញុំនៅចក្រភពអង់គ្លេស នឹងឃ្លាំមើលដោយប្រុងប្រយ័ត្ន ហើយនឹងទៅកម្ពុជា ដើម្បីគាំទ្រដំណើរនេះ»។
ក្នុងវីដេអូនោះ ប្រធានចលនា LI លោកស្រី Hakima El Haite ដែលជាអ្នកនយោបាយសេរីនិយមមកពីប្រទេសម៉ារ៉ុក ក៏បង្ហាញការគាំទ្រអតីតថ្នាក់ដឹកនាំប្រឆាំងនៅក្រៅប្រទេស និងចង់អមដំណើរពួកគេត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
លោកស្រី Hakima El Haite ថ្លែងក្នុងវីដេអូនោះថា៖ «មិត្តរបស់យើងគួរតែមានសេរីភាពត្រឡប់ទៅមាតុភូមិកំណើតវិញ ហើយលោក កឹម សុខា គួរតែត្រូវបានដោះលែង។ យើងនឹងអមដំណើរពួកគេ ហើយគាំទ្រពួកគេដោយផ្ទាល់»។
លោកស្រី មូរ សុខហួរ ប្រាប់ VOD បន្ថែមថា គិតមកទល់ពេលនេះ មានសមាជិកសភាសហភាពអឺរ៉ុប និងសមាជិកសភាមកពីប្រទេសផ្សេងៗចំនួន ១០រូបហើយ ដែលបានប្រកាសគាំទ្រ និងប្ដេជ្ញាអមដំណើរអតីតមេដឹកនាំគណបក្សប្រឆាំងត្រឡប់មកកម្ពុជាវិញ។
អ្នកស្រី មូ សុខហួរ ឲ្យដឹងទៀតថា អ្នកស្រី និងអតីតមេដឹកនាំបក្សប្រឆាំងដទៃទៀត នឹងស្វះស្វែងរកការគាំទ្រពីមេដឹកនាំបក្សប្រជាធិបតេយ្យសេរីនៅតាមបណ្ដាប្រទេសដទៃទៀត ក្នុងនោះមានទាំងតំបន់អាស៊ានផងដែរ ឲ្យគាំទ្រ និងអមដំណើរលោក សម រង្ស៊ី វិលត្រឡប់មកកម្ពុជាវិញ។
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានសម្ដែងការខកចិត្ដចំពោះការបង្ហាញជំហរគាំទ្រចំពោះលោក សម រង្ស៊ី នេះ និងចាត់ទុកទង្វើរបស់សមាជិកសភាសហភាពអឺរ៉ុបថា គ្មានលក្ខណៈការទូត មិនគោរពអធិបតេយ្យភាព និងនីតិរដ្ឋរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានរំឭកសមាជិកសភាអឺរ៉ុបអំពីច្បាប់អន្ដោប្រវេសន៍របស់កម្ពុជា ដែលតម្រូវឲ្យពួកគេគោរពតាមលក្ខខណ្ឌច្បាប់ គិតគូពីបញ្ហាសន្ដិសុខជាតិ និងផលវិបាកទាំងឡាយដែលកើតឡើងដោយសារតែការប្រើប្រាស់មធ្យោបាយខុសច្បាប់ ដើម្បីចូលមកកម្ពុជា។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចាំបាច់ត្រូវក្រើនរំលឹកដល់សមាជិកសភាសហភាពអឺរ៉ុបមួយចំនួនតូចអស់ទាំងនោះអំពីច្បាប់អន្ដោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ ដែលចែងអំពីកាតព្វកិច្ចដែលត្រូវបំពេញមុនចូលប្រទេសកម្ពុជា ការអនុញ្ញាតឲ្យចូលត្រូវគិតគូពីសន្ដិសុខជាតិ និងផលវិបាកចំពោះការចូលដោយលបលាក់ បន្លំ ឬដោយមធ្យោបាយខុសច្បាប់ផ្សេងទៀត ដែលផ្ទុយនឹងច្បាប់ជាធរមានរបស់កម្ពុជា»។
ការប្រកាសជំហររបស់សមាជិកសហភាពអឺរ៉ុប និងសមាជិកសភាមកពីប្រទេសផ្សេងទៀតនេះ គឺធ្វើឡើងក្រោយពីសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ បានប្រកាសអំពីការចាប់ផ្ដើមដំណើរការនីតិវិធីដែលនឹងឈានទៅរកការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងប្រទេសនេះ៕
រាយការណ៍បន្ថែមដោយលោក ពេជ្រ ចំរុង