សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលគិតគូរផ្ដល់ជាសំណងដល់កសិករដែលចិញ្ចឹមជ្រូក បន្ទាប់ពីជ្រួករបស់ពួកគាត់បានឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក ហើយត្រូវបានក្រសួងយកទៅសម្លាប់ចោល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរីករាលដាលទៅដល់ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ ជ្រូកដែលឈឺទាំងអស់នឹងត្រូវងាប់ ហើយជ្រូកមិនទាន់ងាប់នឹងត្រូវសម្លាប់ដោយអង្គភាពពេទ្យសត្វ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងបន្តទៅកន្លែងផ្សេងទៀត។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា លោកគាំទ្រចំពោះក្រសួងកសិកម្ម ដែលចេញវិធានការពារការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ ប៉ុន្តែ លោកសំណូមពរឱ្យក្រសួងពិចារណារៀបចំគោលនយោបាយផ្ដល់សំណង ឬជំនួយសមស្របណាមួយជួយម្ចាស់ជ្រូកទាំងនោះវិញផង។
លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា៖ «អស់ទាំងអស់តែម្តង អ្នកខ្លះមិនមានដើមទុនចិញ្ចឹមជ្រូកនោះទេ គឺគាត់យកពីធនាគារ ចងការគេមក ពេលខ្លះធ្ងន់ដូចភ្លើងឆេះផ្ទះអ៊ីចឹង។សំណូមពរឱ្យរាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ មេត្តាជួយពួកគាត់ បើសម្លាប់ជ្រូកពួកគាត់ហើយសូមមានសំណងទ្រនាប់ដៃខ្លះ កុំសម្លាប់ទទេ។»
លោក ស្រ៊ុន ពៅ បន្ថែមថា គោលការណ៍ផ្តល់សំណងសមស្របនឹងនាំឱ្យអ្នកចិញ្ចឹមជ្រូកដែលសង្ស័យថា សត្វរបស់ខ្លួនមានជំងឺអាចផ្តល់ព័ត៌មានជូនអង្គភាពពេទ្យសត្វទាន់ពេលវេលា ចៀសឆ្ងាយការលាក់បាំងព័ត៌មានដែលនាំឱ្យកម្រិតរីករាលដាលកាន់តែធំឡើយ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលមិនទាន់មានគោលនយោបាយផ្ដល់សំណងជូនកសិករនៅឡើយ។ លោកក៏ទទួលស្គាល់ដែរថា ការមិនទាន់មានគោលនយោបាយសំណងនេះក៏ជាមូលហេតុដែលនាំឱ្យពលរដ្ឋមួយចំនួនយកជ្រូកឈឺទៅលក់បន្ត ឬបរិភោគដែរ។ លោកថា ការទទួលទានជ្រូកឈឺ ឬងាប់នេះ ពិតជាមិនមានផលល្អចំពោះសុខភាពឡើយ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អង្គភាពជំនាញបានសម្លាប់ជ្រូកអស់ជាង ៥០០ក្បាល ជាជ្រូកដែលឈឺជំងឺប៉េស្តជ្រូកអាហ្រ្វិក។ ជ្រូកដែលត្រូវបានសម្លាប់ទាំងនោះជាជ្រូកដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅតាមភូមិឃុំនៅទីជនបទដែលជាប់នឹងព្រំប្រទល់វៀតណាម។
ក្រសួងកសិកម្ម កាលពីថ្ងៃទី០៨ ខែកក្កដា បានផ្ញើលិខិតទៅកាន់អភិបាលនៃខេត្តស្វាយរៀង និងតាកែវ ដើម្បីស្នើឲ្យមានការចាត់វិធានការទប់ស្កាត់ការនាំចូលសាច់ជ្រូកឈឺពីប្រទេសវៀតណាម និងហាមមិនឱ្យដឹកជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺដឹកទៅកាន់តំបន់ផ្សេងៗទៀត។ ទាក់ទងនឹងជំងឺប៉េស្តជ្រូកនេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បានប្រកាសថា នឹងធ្វើសន្និសីទកាសែតជាសាធារណៈ បង្ហាញលំអិតពីបញ្ហានេះនៅថ្ងៃទី១១ ខែកក្កដា នាពេលខាងមុខ៕