សហភាពអឺរ៉ុបបានជ្រើសតាំងលោកស្រី Carmen Moreno ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជាជំនួសលោក George Edgar ដែលនឹងចាកចេញពីកម្ពុជានៅចុងខែសីហាខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប អនុប្រធានស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Federica Mogherini បានប្រកាសពីការជ្រើសតាំងលោកស្រី Carmen Moreno កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី Carmen Moreno បច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់វេទិកាជំនួបអាស៊ី-អឺរ៉ុប (ASEM)។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៦។ ក្រៅពីនេះ លោកស្រី ក៏ជាតំណាងទទួលបន្ទុកអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន នៅក្នុងក្រសួងការបរទេសអេស្ប៉ាញផងដែរ។
អគ្គឯករដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលផុតអាណត្តិ លោក George Edgar បានប្រាប់ វី.អូ.ឌី តាមអ៊ីម៉េលថា លោកនឹងចាកចេញពីកម្ពុជានៅចុងខែសីហា ហើយឯកអគ្គរដ្ឋទូតថ្មីដែលមកជំនួសលោក អាចនឹងមកដល់កម្ពុជានៅដើមខែកញ្ញា។ លោក បញ្ជាក់ថា លិខិតជ្រើសតាំងបានផ្ញើទៅអាជ្ញាធរកម្ពុជារួចហើយដើម្បីទទួលស្គាល់ជាផ្លូវការ។
តាមព័ត៌មានដែលបង្ហោះលើបណ្ដាញ Linked In របស់ខ្លួន លោកស្រី Carmen Moreno ធ្លាប់ធ្វើជាឯកអគ្គរាជទូតអេស្ប៉ាញប្រចាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ។
ការចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជារបស់លោកស្រី Carmen Moreno ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវីធីនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»ជាបណ្ដោះអាសន្នពីកម្ពុជា បន្ទាប់ពីមើលឃើញពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ៕