រដ្ឋាភិបាលបានប្រកាសថា នឹងបញ្ជូនមន្ត្រីជំនាញបសុសត្វ និងឧបករណ៍វិភាគជំងឺ ចុះទៅពិនិត្យនៅតាមតំបន់ដែលត្រូវបានប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រសួងកសិកម្មបានសោកស្ដាយចំពោះការខាតបង់របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីការផ្ទុះឡើង និងការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ក្រសួងបានប្រកាសទៀតថា ខ្លួននឹងចាត់មន្ត្រី និងឧបករណ៍វិភាគជំងឺសត្វ ទៅតាមតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីត្រួតពិនិត្យមើលថា តើជំងឺប៉េស្តជ្រូកអាហ្វ្រិកពិតជាបានកើតមាន ឬយ៉ាងណានៅតំបន់មួយចំនួន។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរាយការណ៍ថា បានផ្ទុះឡើងនៅតាមបណ្ដាខេត្តមួយចំនួននៅជាប់នឹងព្រំដែនប្រទេសវៀតណាម ជាទីដែលជ្រូកត្រូវបាននាំចូលដោយលួចលាក់។
តំបន់ដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើង ត្រូវបានក្រសួងកសិកម្មសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការចិញ្ចឹម ការទិញ-លក់ និងការដឹកជញ្ជូនសត្វជ្រូក។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះថា ជ្រូកជិត ១៥០០ក្បាល ត្រូវបានសមត្ថកិច្ចកម្ពុជារឹបអូស ក្រោយពីបាននាំចូលដោយខុសច្បាប់ពីមកក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៦ខែកន្លែងមកនេះ។