អ្នកនាំពាក្យខេត្តព្រះសីហនុ បានឲ្យដឹងថា សំរាមដល់ទៅជាង ៧០០តោន ត្រូវបានបោះចោលជារៀងរាល់ថ្ងៃនៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រមួយនេះ ខណៈដែលខេត្តនេះ ទទួលបានកំណើនវិនិយោគយ៉ាងធំពីក្រុមវិនិយោគិនចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
កាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសយុទ្ធនាការសម្អាតក្រុងព្រះសីហនុ ឱ្យស្អាតជាប្រចាំ ដោយតម្រូវឱ្យមន្ត្រីរាជការជុំវិញខេត្តរើសសំរាមរៀងរាល់សប្ដាហ៍ ស្របពេលដែលចំនួនសំរាមកើនឡើងខ្លាំង។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ធាង ភារម្យ ប្រាប់វីអូឌីថា កំណើនសំរាមនៅខេត្តព្រះសីហនុ ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់តាំងមានវត្តមានជនជាតិចិនជាច្រើនចូលមករស់នៅនិងរកស៊ីនៅទីនេះ។
បើតាមមន្ត្រីរូបនេះ ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ទទួលបានសំរាមសរុបជាង ៧០០តោនក្នុងមួយថ្ងៃៗក្នុងឆ្នាំនេះ ហើយចំនួនសំរាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងថែមទៀតនៅឆ្នាំក្រោយនេះ។
លោក ភារម្យ បានបន្ទោសបញ្ហាសំរាមមិនត្រូវបានប្រមូលឲ្យបានត្រឹមត្រូវនេះ ទៅលើទីតាំងចាក់សំរាម ដែលលោកប្រាប់ថា នៅឆ្ងាយ ហើយអាជ្ញាធរខេត្តនេះ ត្រូវរកទីតាំងចាក់សំរាមបណ្ដោះអាសន្នមួយសិន មុននឹងផ្ទេរទៅកាន់ទីតាំងចាក់សំរាមនៅឯស្រុកព្រៃនប់។
លោក ធាង ភារម្យ ប្រាប់ថា៖ «យើងនៅមានបញ្ហាប្រឈមខ្លះ ព្រោះទីតាំងចាក់សំរាមនៅឆ្ងាយនៅស្រុកព្រៃនប់ឯណោះ។ យើងកំពុងរកទីតាំងចាក់សំរាមនៅជិតមួយសិន គឺយើងត្រូវរកកន្លែងមួយសម្រាប់ផ្ទេរនៅម្តុំជិតក្រុងសិនចាំផ្ទេរបន្ត។ ទីតាំងនេះ មានទំហំ ៥ហិចតា យើងដាក់នៅទីហ្នឹងសិន ហើយយើងដឹកបន្តទៅទីតាំងធំដែលមានទំហំ ៥៥ នៅខេត្តព្រះសីហនុ។ ចក្ខុវិស័យរបស់យើង បើសិនជាមានក្រុមហ៊ុនកែច្នៃសំរាមនោះ នឹងមិនមានបញ្ហាចោទឡើងទេ»។
របាយការណ៍របស់សាលាខេត្តព្រះសីហនុ បង្ហាញថា សំរាមនៅក្រុងព្រះសីហនុ បានកើនពីចំនួន ១២០តោនក្នុងមួយថ្ងៃកាលពីឆ្នាំ២០១៧ មកដល់ចំនួន ៤៥០តោននៅឆ្នាំមុន និងកើនឡើងដល់ចំនួនជាង ៧០០តោនក្នុងមួយថ្ងៃនៅដើមឆ្នាំ២០១៩នេះ។
យុវជនឃ្លាំមើលបញ្ហាបរិស្ថាន កញ្ញា លីម គីមស័រ បានជំរុញទៅអាជ្ញារឲ្យមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ទៅលើការគ្រប់គ្រងសំរាមនៅក្នុងខេត្តព្រះសីហនុ ខណៈដែលកញ្ញាមើលឃើញថា បញ្ហាសំរាមនៅខេត្តមួយនេះរងការរិះគន់ពីពលរដ្ឋយ៉ាងច្រើន។
កញ្ញា លីម គីមស័រ ប្រាប់ថា៖ «តួនាទីទាំងអស់ហ្នឹង ជាតួនាទីរបស់ក្រសួងដែលពាក់ព័ន្ធ។ រឿងនេះ ដល់តែធ្វើមែនទែន គឺមានតែពលរដ្ឋសាមញ្ញធម្មតាទេដែលគិតគូរឿងហ្នឹង»។
បើតាមលោក ភារម្យ រដ្ឋបាលខេត្តមួយនេះ កំពុងតែស្វះស្វែងរកក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីកែច្នៃសំរាមដែលត្រូវបានបោះចោល។
សិទ្ធិក្នុងការប្រមូលសំរាមនៅក្នុងខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលផ្ដល់ទៅឲ្យក្រុមហ៊ុន Kampong Som Waste Management Co., Ltd (KSMW) ដែលបានចូលទៅជំនួសក្រុមហ៊ុនស៊ិនទ្រីចាប់តាំងពីខែកញ្ញាឆ្នាំ២០១៧មក។
បុគ្គលិកក្រុមហ៊ុន KSWM ដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ការប្រមូលសំរាម ត្រូវបានធ្វើឡើងយឺតយ៉ាវ ដោយសារកំណើនសំរាមយ៉ាងគំហុកដែលបញ្ចេញចោលដោយការដ្ឋានសំណង់ជាច្រើននៅក្នុងខេត្តមួយនេះ ខណៈដែលក្រុមហ៊ុនក៏ពុំទាន់មានឡានដឹកជញ្ជូនសំរាមឲ្យបានគ្រប់គ្រាន់ផងដែរ។
របាយការណ៍កាសែតភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រងសំរាមមួយនេះ កាន់កាប់ដោយលោក នួន វិសុទ្ធ ដែលជាសមាជិកមួយរូបនៃសហភាពសព័ន្ធយុវជនកម្ពុជារបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក វិសុទ្ធ គឺជាសមាជិកសហភាពសព័ន្ធយុវជនកម្ពុជាសាខារាជធានីភ្នំពេញ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកចុះជួយដោះស្រាយបញ្ហានៅខេត្តព្រះសីហនុផងដែរ។
កាលពីចុងខែមិថុនាកន្លងមក រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានជំរុញថ្នាក់ដឹកនាំថ្មីនៃខេត្តនេះ ឲ្យស្ដារឡើងវិញនូវបរិស្ថានរបស់ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។
លោក ស ខេង ថ្លែងថា៖ «ខេត្តនេះចាំបាច់ត្រូវតែស្អាត។ គ្មានទេសចរឯណាគេចង់មកកម្សាន្តនៅខេត្តនេះ ដើម្បីមើលគំនរសំរាមទេ! គេចង់មកលម្ហែរអារម្មណ៍»៕