មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អះអាងថា ក្រសួងនឹងចេញសេចក្ដីប្រកាសមួយ ដោយហាមជនបរទេសទាំងអស់ដែលមកធ្វើការងារនៅកម្ពុជា មិនឲ្យប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មខ្នាតតូច នាពេលខាងមុខនេះ ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់ វី.អូ.ឌី តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃនេះថា ការដែលក្រសួងហាមជនបរទេសមិនឲ្យប្រកបមុខរបរទាំងនោះ ដោយសារ វាបង្កផលប៉ះពាល់ដល់ការងារ និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
លោក សរសេរថា៖ «ហាមជនបរទេសមិនឱ្យប្រកបមុខរបរ ឬក៏អាជីវកម្មខ្នាតតូច ដែលមានលក្ខណៈជាគ្រួសារ ជាលក្ខណៈរកស៊ីខ្លួនឯង ពីព្រោះកិច្ចទាំងអស់នេះ មុខរបរទាំងអស់នេះ ប្រជាពលរដ្ឋរបស់យើងគាត់មានលទ្ធភាពធ្វើដោយខ្លួនឯង។ អ៊ីចឹង យើងមិនចាំបាច់សម្រាប់ជនបរទេស លោកមកប្រកបមុខរបរ មកធ្វើការបែបនេះទេ។ យើងកំពុងពិនិត្យប្រភេទមុខរបរជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវកម្មខ្នាត សម្រាប់នឹងចេញនៅពេលដ៏ខ្លីខាងមុខនេះ […] នៅខែសីហា យើងនឹងរៀបចំប្រជុំត្រីភាគី ដើម្បីពិនិត្យផ្ដល់អនុសាសន៍ និងសម្រេចចុងក្រោយទៅលើសេចក្ដីព្រាងប្រកាសនេះ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងថាជារឿងល្អ។
លោកបន្តថា បច្ចុប្បន្ននេះ ជនជាតិចិន និងវៀតណាមមួយចំនួនកំពុងដណ្ដើមមុខរបររបស់ប្រជាពលរដ្ឋខ្មែរ លើការងារទូទៅដែលមិនតម្រូវការជំនាញខ្ពស់ រួមទាំងលក់ដូរបន្តិចបន្តួច ឬបើករថយន្តឈ្នួល ជាដើម។
លោក មានប្រសាសន៍ថា៖ «ចេញសេក្ដីប្រកាសហ្នឹងមែន វាជាការសាទររបស់យើងទាំងអស់គ្នាជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះយើងឃើញថា ជនជាតិចិន វៀតណាម ផ្សេងៗលក់ដណ្តើមមុខរបរកម្មករក្រៅប្រព័ន្ធ ដូចជា កាត់សត់ លក់ទឹកអំពៅ រត់ម៉ូតូឌុប រត់រ៉ឺម៉ក រត់តាក់ស៊ី ការងារមួយចំនួនទៀត។ ការងារមួយចំនួនរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវជនបរទេសមួយចំនួនដណ្តើមស្ទើរតែទាំងអស់ ពិសេសនៅខេត្តព្រះសីហនុ។ ហើយបើចេញសេចក្ដីប្រកាសហ្នឹងហើយ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពទៀត វាជាការសាទររបស់យើងដែលជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
លោក បន្តថា បច្ចុប្បន្ននេះ ជនបរទេសដែលកំពុងប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចប្រជាពលរដ្ឋខ្មែរ គឺមាននៅខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ៕