រដ្ឋាភិបាលថាសេចក្តីស្នើច្បាប់អាមេរិកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា

សមាជិកសភា​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho​ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ រូបភាព៖ បណ្ដាញសង្គម

ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ការ​ដែលសភាអាមេរិកអនុម័តច្បាប់​ បើកផ្លូវ​ឱ្យ​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់ ​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ផងនោះ ​ថា​ជា​ការបំពាន​គោលការណ៍​អន្តរជាតិ​ស្ដី​ពីអ​ធិប​តេយ្យ​ភាព​ និងជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។​

សមាជិកសភា​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho​ បាន​លើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេច​ក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​មួយចំនួន​ទៀត​។ ​

សមាជិកសភា​អាមេរិក​រូប​នេះ​ បាន​លើកឡើង​ទៀត​ថា​ វា​ដល់ពេលហើយ​ដែល​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ សែន ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​។

​លោក​ Ted​ Yoho​ លើកឡើងថា ច្បាប់​នេះនឹង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ និង​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​យោធា​កម្ពុជា​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ និង​រំលោភសិទ្ធិ​មនុស្ស​។

ប៉ុន្តែ​ ក្រសួង​ការបរទេស​កម្ពុជា​ តាមរយៈ​សេច​ក្ដី​ថ្លៃ​ងការណ៍​ចុះ​ថ្ងៃទី១៦ ខែកក្កដា​ ​លើកឡើង​ថា​ ខ្លួន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ ​និង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ការចោទប្រកាន់​​ទៅលើ​រដ្ឋាភិបាល​។

​សេច​ក្ដី​ថ្លែងការណ៍​កម្រាស់៥ទំព័រ​ដដែល​លើកឡើងទៀត​ថា​ ការចោទប្រកាន់​នេះ​ ផ្អែក​ទៅលើ​ព័ត៌មាន​បំភ្លៃ​ លំអៀង​ ​និង​ព័ត៌មាន​ចាស់​ហួសស​ម័យ​ ដោយសារតែ​ហេតុផល​នយោបាយ​ និង​ស្តង់ដារ​ពីរ​។

ក្រសួង​ចាត់ទុកថា​៖ «ខ្លឹមសារ​នៃ​សេច​ក្ដី​ព្រាងច្បាប់​នេះ​កាន់តែ​បង្ក​ការ​រំខាន​ថែមទៀត​ នៅពេល​ដែល​បុគ្គល​សាធារណៈ​ របស់​រដ្ឋ​អធិបតេយ្យ​មួយ​បាន​ក្លាយជា​កម្មវត្ថុ​នៃ​វិធានការ​ដាក់ទណ្ឌកម្ម​ពីសំណាក់​រដ្ឋ​មួយផ្សេងទៀត​ ដោយ​ផ្អែកលើ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​។នេះ​ជា​ការរំលោភ​បំពាន​យ៉ាង​ជាក់ស្តែង​ចំពោះ​គោលការណ៍​អន្តរជាតិ​ស្ដី​ពីអ​ធិប​តេយ្យ​ភាព​សមភាព​ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ដូច​មាន​ចែង​ក្នុង​មាត្រា២ នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ មូរ​ សុខ​ហួរ​ ដែល​កំពុង​និរទេស​ខ្លួន ហៅ​សេច​ក្ដី​ស្នើ​ច្បាប់​ HR​ ៥២៦​ ដែល​សភា​អាមេរិក​បាន​អនុម័ត​នេះ​ ថាជា​ក្តីសង្ឃឹមនៃការរស់ឡើងវិញនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកស្រី​ថា​៖ «ច្បាប់​នេះ​បាន​ផ្តល់​ក្ដី​សង្ឃឹម​ដល់​យើង​ជា​អ្នក​ប្រជាធិបតេយ្យ​ ដល់​ពលរដ្ឋខ្មែរ​យើង​ដែល​ចង់​ឃើញ​ប្រទេសជាតិ​យើង​គ្រប់គ្រង​ដោយ​ច្បាប់​ ដែល​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​។ បញ្ជាក់​ឱ្យ​ច្បាស់​ណាស់​ អ្នក​ដែល​មិន​ទទួលយក​ច្បាប់​នេះ​ ជា​អ្នក​ដែល​មិន​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»។

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មានប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​ជាម​ហា​អំណាចមួយ​ក្នុងចំណោម​មហាអំណាច​មួយចំនួន​ទៀត​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ និង​ថា​ ប្រតិកម្ម​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​ផ្តល់​អនុសាសន៍​ពី​សហរដ្ឋ​អាមេរិក​ទាក់ទិនទៅនឹង​បញ្ហា​សិទ្ធិមនុស្ស​ ក៏​មិនមែន​ជា​រឿង​ថ្មី​ដរ​។

ប៉ុន្តែ ​អ្នកវិភាគ​ជើងចាស់​រូប​នេះ​យល់ថា​ ការដែល​អាមេរិក​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​អ្នក​ដែល​រារាំង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ ជា​ការ​បំពេញ​កាតព្វកិច្ច​របស់​មហាអំណាច​ក្នុង​ការទប់ស្កាត់​កុំ​ឱ្យ​ភាគី​កម្ពុជា​រំលោភបំពាន​កិច្ច​ព្រមព្រៀង​នេះ​ មិនមែន​ជា​ការ​ជ្រៀត​ជ្រែង​ផ្ទៃក្នុង​កម្ពុជា​ទេ​។

លោក​ថា​៖ «ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ហ្នឹង​ដែរ​ បាន​មូ​រមាត់​គ្នា​ថា​ កម្ពុជា​នឹង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ គោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​ថែមទៀត​ មាន​តុលាការ​ឯករាជ្យ​ជា​អាថ៌​។ ដូច្នេះ​ ខ្ញុំ​អាច​ចាត់ទុកថា​ នេះ​ជា​កាតព្វកិច្ច​របស់​ប្រទេស​ជា​ហត្ថលេខី​ដែល​ឃើញថា ​អ្វី​ដែល​បាន​មូរ​មាត់​គ្នា​ត្រូវ​បាន​រំលោភបំពាន​»។

យ៉ាងនេះ​ក្ដី​ រដ្ឋាភិបាល​កម្ពុជា​ ​ប្តេជ្ញា​ចិត្ត​ឥតងាករេក្នុង​ការ​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ​លើកកម្ពស់​នីតិរដ្ឋ​ និង​ការគោរព​សេរីភាព​ជា​មូលដ្ឋាន​ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ទទូច​ដល់​អង្គ​នីតិប្បញ្ញត្តិ​បរទេស​ទាំងអស់​ រក្សា​នូវ​ភាព​ឥត​លំអៀង​របស់​ខ្លួន​ និង​ចៀសវាង​នូវ​សកម្មភាព​មិន​ចាំបាច់​នានា​ដែល​មិន​គោរព​ដល់​អធិប​តេយ្យ​​ភា​ព​ និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ