អតីតមេដឹកនាំបក្សប្រឆាំងចូលរួមជំរុញអាមេរិកឲ្យពន្លឿនច្បាប់ដាក់ទណ្ឌកម្មបក្សកាន់អំណាច

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី និងអ្នកគាំទ្រមួយចំនួន ប្រមូលផ្តុំគ្នាតវ៉ាមុខវិមានរដ្ឋាភិបាលអាមេរិកនៅទីក្រុង​វ៉ាស៊ីងតោន និង​ទាមទារឲ្យពន្លឿនច្បាប់​ដាក់ទណ្ឌកម្មបក្សកាន់អំណាច។ រូបភាព៖ The Cambodia Daily/ Screenshot

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស និងអ្នកគាំទ្រមួយចំនួន ប្រមូលផ្តុំគ្នាតវ៉ាមុខវិមានរដ្ឋាភិបាលអាមេរិកនៅទីក្រុង​វ៉ាស៊ីងតោន និង​ទាមទារឲ្យពន្លឿនច្បាប់​ដាក់ទណ្ឌកម្មបក្សកាន់អំណាច ដើម្បីជំរុញដល់ការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

តាមវីដេអូឃ្លីបលើគេហទំព័រ ឌឹខេមបូឌា ដេលី អ្នកដែលបានចូលរួមធ្វើបាតុកម្មនោះ បង្ហាញក្តីសង្ឃឹមថា អាមេរិកនឹងពន្លឿនច្បាប់នេះ តាមការទាមទាររបស់ពួកគេ ដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យស្តារប្រជាធិបតេយ្យឡើងវិញ។

បាតុករ​ម្នាក់ ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ បាន​ប្រាប់ថា៖ «ច្បាប់នេះ មានសារៈ​សំខាន់ណាស់សម្រាប់ប្រទេសជាតិយើង អញ្ចឹងពួកខ្ញុំសប្បាយចិត្តមែនទែន ការលះ​បង់​របស់យើងគឺយើងមិនរួញរាទេ មិនរាថយទេ គឺយើងពេញចិត្តនឹងធ្វើ ធ្វើដើម្បីប្រទេសជាតិយើង ធ្វើដើម្បីខ្មែរយើង»

ចំណែក​បាតុករ​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ថា ស៊ូស៊ី បាន​និយាយ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ថា៖ «នាងខ្ញុំក្តៅមែន ប៉ុន្តែ ចិត្តវាក្តៅជាងនេះទៀត យើងពុះកញ្ជ្រោល។ យើងដឹងហើយថា លោក ហ៊ុន សែន ពេលនេះកំពុងខ្លាចពួកយើង ព្រោះយើងបានជំរុញឲ្យមានច្បាប់ HR ៥២៦ នេះ»

អំឡុង​ពេល​តវ៉ា​នោះ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ក៏មានវត្តមានក្នុងក្រុមតវ៉ានេះដែរ។

លោក សម រង្ស៊ី អះអាងថា ច្បាប់នេះ មានឥទ្ធិពលជំរុញឲ្យបក្សកាន់អំណាចពិចារណាស្តារប្រជាធិបតេយ្យ ដោយថា ច្បាប់នេះ បាន​បង្កផលប៉ះពាល់ខ្លាំងដល់ផលប្រយោជន៍ក្រុមគ្រួសារ​នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំ​នួន​ទៀត។

លោក សម រង្ស៊ី ថ្លែងថា៖ «យើងអបអរសារទរចំពោះច្បាប់ដ៏ល្អ​ដែលមានប្រសិទ្ធភាព ពីព្រោះ វាប៉ះពាល់ដល់ផលប្រយោជន៍ជនផ្តាច់​​ការ ប៉ះពាល់ដល់ប្រយោជន៍ពួកគេ ច្បាស់ជាពួកគេយកចិត្តទុកដាក់»

លោកស្រី មូរ​ សុខហួរ ឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំគណបក្សនេះ ត្រូវបានអនុញាត​ឲ្យចូលជួបគណៈកម្មាធិការកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក និងព្រឹទ្ធសភា ហើយ​អ្នកស្រី​ថា ក្នុងជំនួបនេះ ភាគីអាមេរិកសន្យាពន្លឿនច្បាប់នេះឲ្យមានសុពលភាពក្នុងពេលឆាប់ៗ។

សភាជាន់ទាបរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ​កន្លង​មក​នេះ បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី​ប្រជាធិបតេយ្យកម្ពុជា ឬហៅថា HR ៥២៦ ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចចាត់វិធានការ​បង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីកម្ពុជាណាដែល​អាមេរិកយល់ថា បានចូលរួមធ្វើឲ្យខូចប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែ ច្បាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកទៀត ទើបមានសុពលភាពអាចអនុវត្តបាន។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅច្បាប់​សំដៅដាក់ទោសទណ្ឌឥស្សរជនគណបក្សប្រជាជន នយោបាយបក្សកាន់អំណាចនេះថា ជាច្បាប់ «បំផ្លាញកិត្តិយសខ្មែរ» និងចាត់ទុកក្រុមអ្នកតវ៉ាទាំងនោះថា ជាអ្នកប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ។

លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះថា៖ «ក្រុមហ្នឹងមិនមែនជាក្រុមរួមសុខរួមទុក្ខជាមួយកម្ពុជាទេ។ ក្រុមហ្នឹង មិននិយាយមួយម៉ាត់ទេនៅពេលដែ​លក​ម្ពុជារងការឈ្លានពានពីកងទ័ពរបស់ [អតីតនាយករដ្ឋមន្ត្រីថៃ] អាភិស៊ីត វីចាជីវ៉ា នៅតំបន់ប្រាសាទព្រះវិហារ គេអត់ហ៊ាននិយាយមួយម៉ាត់ទេ ប៉ុន្តែ មានកម្លាំងគ្រប់គ្រាន់ មានមហិច្ឆតាចង់ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ នេះជាសុបិន្តរបស់ពួកហ្នឹងទេ»

អ្នកវិភាគនយោបាយ លោក មាស នី បង្ហាញការព្រួយបារម្ភថា បើច្បាប់នោះត្រូវដាក់ឲ្យអនុវត្តមែន កម្ពុជាអាចនឹងក្លាយជាប្រទេសឯកោ បើរដ្ឋាភិបាលមិនប្រញាប់ស្តារស្ថានការណ៍។

លោក មាស នី ប្រាប់ថា៖ «ការសម្រេចរបស់អាមេរិកមួយ វាអត់អីទេ ប៉ុន្តែ ក្នុងច្បាប់ហ្នឹងវាអាចនឹងពង្រឹងឲ្យសហរដ្ឋអាមេរិកទៅកៀ​រគ​របស្ចឹមប្រទេសដទៃទៀតឲ្យធ្វើតាមខ្លួនដែរ នេះជាទម្លាប់ដែលយើងឃើញកន្លងមក។ នេះជាការព្រួយបារម្ភរបស់ខ្ញុំដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឯកោពីបច្ចឹមប្រទេស ហើយទម្លាក់ខ្លួនកាន់តែជ្រៅទៅៗក្នុងរបបកុម្មុយនីស្ត»

ចំណែក អ្នក​វិភាគនយោបាយ​ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ បាន​រៀប​រាប់​លើហ្វេសប៊ុករបស់លោកថា បើសិនច្បាប់នេះត្រូវបានអនុវត្ត​ទាំងស្រុង វានឹងធ្វើឲ្យកម្ពុជាជាប់ផុងនៅក្នុងភក់ជ្រៅនៃជម្លោះរវាងចិន និងអាមេរិក ដែលកម្ពុជាធ្លាប់ជាប់ផុងនៅក្នុងភក់បែបនេះជាបន្តបន្ទាប់នាទសវត្សរ៍ឆ្នាំ៧០ និង ៨០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ