សមត្ថកិច្ច​ពង្រីក​ការ​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​ប្រាំ​​ទៀត​​ សង្ស័យ​ជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ

អ្នកនាំពាក្យគណៈកម្មការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រុម​បង្ក្រាបបទល្មើសព្រៃឈើ​របស់​រដ្ឋាភិបាល អះអាងថា ពួកគេកំពុងស៊ើបអង្កេតលើក្រុមហ៊ុនចំនួន ៥​ទៀត ដែល​ត្រូវ​បាន​សង្ស័យថា បាន​ជាប់​ព័ន្ធនឹងបទល្មើសព្រៃនៅក្នុងខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន​នៅថ្ងៃនេះ អ្នកនាំពាក្យគណៈកម្មការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ថ្លែងថា ក្រុមហ៊ុនចំនួន ៥ ដែលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនោះ មានដូចជា ក្រុមហ៊ុន​ ម៉ាស់ស្ទ័ខេសាន់  ក្រុមហ៊ុន ​យ៉ាងចាវ  ថាច់ហ៊្វូត  ក្រុមហ៊ុន វ៉ិចធ័ររី និងក្រុមហ៊ុន ណេណាង។

លោក អេង ហ៊ី ថ្លែង​ថា៖ «បើសិនជាក្រុមហ៊ុននោះគាត់ធ្វើល្មើសច្បាប់ យើងនឹងហូត​កិច្ចព្រមព្រៀង ឬមួយអាជ្ញាប័ណ្ណ ឬមួយអីផ្សេងៗដែលពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តិ។ អ៊ីចឹង រង់ចាំការស៊ើបអង្កេតចប់ ព្រោះអីនៅដំណាក់កាលមួយមិន​ទាន់ចប់  យើងទៅបិទគេទាំងស្រុង មិនផ្ដល់ភាពយុត្តិធម៌ទេ។ អ៊ីចឹង ត្រូវតែផ្ដល់ភាពយុត្តិធម៌»។

លោកបន្តថា បច្ចុប្បន្ន​នេះ ទោះបីជា​គណៈកម្មការនេះខិតខំបង្រ្កាបបទល្មើសព្រៃឈើច្រើនក៏ដោយ ប៉ុន្តែ បទល្មើសនេះនៅតែកើតមានដដែល ដោយប្ដូរការកាប់បំផ្លាញ និង​ដឹកជញ្ជូនពីទ្រង់​ទ្រាយ​ធំមកជាទ្រង់ទ្រាយតូចវិញ។

កាលពីថ្ងៃទី៩ ខែកក្កដា ក្រុម​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាល ដែល​​ដឹកនាំ​ដោយ​​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ លោក សៅ សុខា បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរី ដោយរឹបអូសយករថយន្តដឹកឈើជាង ៤០គ្រឿង ចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមាន ឧកញ៉ា ស៊ឹង សំអុល ផងដែរ។

អ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរី លោក អៀង ម៉េងលី មានប្រសាសន៍ថា ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី មិនមានតែ​ ៥​ក្រុមហ៊ុននោះទេ។

លោក អៀង ម៉េងលី ប្រាប់ថា៖ «នៅក្នុងខេត្តមណ្ឌលគិរីមានក្រុមហ៊ុន​ច្រើន។ អ៊ីចឹង កាលណា​លើកយកក្រុមហ៊ុនតែ ៥​ហ្នឹង នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អាជ្ញាធរថ្នាក់ជាតិគួរតែសិក្សាបន្ថែមទៀត ​ស្រាវជ្រាវឱ្យបានច្រើនជាងហ្នឹងបន្ថែមទៀត»។

លោក អៀង ម៉េងលី ជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេតទៅលើឧកញ៉ាធំៗមួយចំនួនទៀត បើសិនជារកឃើញថា ពួកគេមានជាប់ព័ន្ធនឹងបទល្មើសព្រៃឈើនោះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

បើតាមលោក អេង ហ៊ី ថា នៅដើមឆ្នាំ២០១៦ គណៈកម្មការនេះ​បង្ក្រាបបានឈើជាង ១០​ម៉ឺនម៉ែត្រគូប ហើយនៅឆ្នាំ២០១៨ បង្ក្រាបបានឈើជាង ៤​ពាន់ម៉ែត្រគូប ហើយឃាត់ខ្លួនមនុស្សបានចំនួន ១៦៣​នាក់ ដោយបញ្ជូនមនុស្សទៅតុលាការចំនួន ៦៣នាក់ ហើយមួយចំនួនធ្វើការពិន័យ និងអប់រំ។

​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​​ឆ្នាំ​២០១៥​កន្លង​មក អង្គការ​ស៊ើប​អង្កេត​វិនាសកម្ម​ព្រៃឈើ​អន្តរជាតិ Global Witness បាន​បង្ហាញ​ថា ឧកញ៉ា ទ្រី ភាព បាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​នៅ​ក្នុង​បណ្ដាញ​ជួញ​ដូរ​ឈើ​ប្រណិត​​​ដោយ​ខុស​ច្បាប់​ពី​កម្ពុជា​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម និង​ចិន។

របាយការណ៍ដដែលបញ្ជាក់ថា ក្រុមហ៊ុន ទ្រី ភាព បាននាំចេញឈើ ៨៥ភាគរយពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន និងទំហំឈើ​ប្រណិតមានការកើនឡើង ១៥០ភាគរយ រវាងឆ្នាំ២០១៣ និងឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ