ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងរាលដាលមកដល់ទឹកដីកម្ពុជា ហើយមន្ត្រីជំនាញរកឃើញថា បានកើតឡើងនៅខេត្តចំនួន៥ហើយរហូតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីវាផ្ទុះឡើងនៅឯប្រទេសវៀតណាម ដែលនៅជាប់ជិតខាងជាមួយកម្ពុជា។
ដំណឹងនៃការឆ្លងរាលដាលនេះ ក៏បានសាយភាយដល់ភ្នែក និងត្រចៀករបស់ពលរដ្ឋកម្ពុជាស្ទើរគ្រប់ទីកន្លែងផងដែរ ដែលធ្វើឲ្យតម្រូវការសាច់ជ្រូកធ្លាក់ចុះ ហើយតម្លៃសាច់ជ្រូកក៏ធ្លាក់ចុះព្រមគ្នាផងដែរ ហើយបញ្ហានេះជំរុញឲ្យកសិករមួយចំនួនកំពុងងាកចេញពីមុខរបរចិញ្ចឹមសត្វមួយប្រភេទនេះ។
ក្រាំងយ៉ូវ ជាឃុំមួយនៅក្នុងស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយតែជាង ៤០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ហើយឃុំនេះត្រូវបានក្រសួងកសិកម្មប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះឡើង និងរីករាលដាលខ្លាំង រហូតធ្វើឱ្យកសិករចិញ្ចឹមជ្រូក និងអាជីវករលក់សាច់ជ្រូកនៅផ្សារមួយចំនួនសម្រេចបោះបង់មុខរបររបស់ខ្លួនតែម្តង។
កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ អ្នកស្រី ប៊ុន គឹមឡុង បានរៀបរាប់ថា មុខរបរចិញ្ចឹមជ្រូកប្រមាណ ១០ឆ្នាំមកនេះ ត្រូវបានបោះបង់ចោលនៅពេលនេះ ក្រោយពេលជ្រូកអ្នកស្រីជិត ១០០ក្បាល បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកងាប់ និងត្រូវបំផ្លាញចោលទាំងអស់។
រៀបរាប់ទាំងទឹកមុខពោរពេញដោយទុក្ខព្រួយបារម្ភនោះ អ្នកស្រីថា បានធ្វើឱ្យគ្រួសារគាត់ប្រឈមជាខ្លាំង ដោយត្រូវខាតបង់ពេលវេលា កម្លាំង និងខាតបង់ថវិកាប្រមាណ ១ម៉ឺន ៥ពាន់ដុល្លារ ក្នុងរយៈពេលតែមួយពព្រិចភ្នែក។
អ្នកស្រីបន្ថែមថា៖ «ចាស៎! ជួបតែតម្លៃថោកទេ បើថា រឿងងាប់ ខ្ញុំមិនដែលចិញ្ចឹមងាប់មែន។ ចិញ្ចឹមម្តង ១០០ ៧០ ឬ ៨០ក្បាលអី ខ្ញុំមិនដែលជួបបញ្ហាជ្រូកខ្ញុំងាប់ទេ។ ទើបតែឆ្នាំហ្នឹង ជ្រូកឈឺងាប់ មិនអាចព្យាបាលបាន ហើយភូមិហ្នឹងក៏ងាប់អស់ច្រើនដែរ មិនមែនចំពោះតែខ្ញុំទេ គ្រាន់តែគេតិចតួច។ បើកើតជំងឺហ្នឹង ខ្ញុំមិនអាចបន្តទៀតបានទេ ព្រោះវាខាតបង់ច្រើនណាស់»។
ដោយឡែក អាជីវករលក់សាច់ជ្រូកនៅផ្សារភ្នៀត ក្នុងឃុំក្រាំងយ៉ូវ និងជាអ្នកចិញ្ចឹមជ្រូកផងនោះ លោក យ៉ាវ ឡុង ឱ្យដឹងថា ជ្រូករបស់លោកប្រមាណ ៣០ក្បាលឆ្លងជំងឺសាហាវនេះ គ្មានសល់ ដោយលោកថា ជំងឺនេះចាប់ផ្តើមកើតឡើងតាំងពីខែមិថុនាមកម្លេះ។
អាជីវកររូបនេះ បានឲ្យដឹងទៀតថា ជំងឺនេះក្រៅពីបំផ្លាញមុខរបរចិញ្ចឹមជ្រូក ដែលធ្វើឱ្យលោកខាតបង់ប្រាក់ជាង ១០លានរៀលហើយនោះ វាក៏បានបំផ្លាញមុខរបរលក់សាច់ជ្រូករបស់លោកនៅផ្សារដែរ ដោយថា ក្រោយពេលជំងឺប៉េស្តជ្រូកនេះផ្ទុះឡើង ពលរដ្ឋក្នុងឃុំ លែងបរិភោគសាច់ជ្រូកហើយ ដែលនាំឲ្យលោកលក់មិនដាច់សូម្បីតែ ១ខាំ។
លោកបន្តថា៖ «អត់ទេ អត់មានបានមួយរយមួយរៀលអីទេ ដុតចោល(ជ្រូក)ទាំងអស់ហ្មង។ កាប់(ជ្រូកលក់)អត់ទាន់ទេ ដូចថា វាក្រឡាប់ចក្រ វាមូល(ងាប់ច្រើន)តែម្តង ហើយលែងមានអ្នកស៊ីហ្មង ហើយសុំអង្វរឱ្យគេ ក៏គេមិនយកទៀត។ ពេលផ្ទុះជំងឺនេះមក ឈប់លក់សាច់ជ្រូកតែម្តង»។
កសិករទាំងនេះ ស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាចំពោះមុខនេះ ដោយអាចធ្វើឱ្យពួកគាត់មានដើមទុនខ្លះសម្រាប់ប្រកបមុខរបរផ្សេង និងស្នើឱ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺនេះ មិនឱ្យរាលដាលទៅតំបន់ផ្សេង។
អាជ្ញាធរឃុំបានកំណត់ទីតាំងរក្សាទុកជ្រូកងាប់ ឬជ្រូកកើតជំងឺប៉េស្តដែលត្រូវយកទៅបោះចោល និងដុតចោល នៅក្បែរវត្តភ្នំទំពែក ក្នុងភូមិស្វាយដំណាក់ ហើយជ្រូករាប់រយក្បាលហើយ ត្រូវបានដុត ឬកប់ចោលនៅទីនោះ។
លក់ពងទាកូន និងប្រហិតចៀននៅខាងមុខខ្លោងទ្វាវត្តភ្នំទំពែក ក្បែរទីតាំងរក្សាទុកជ្រូកឆ្លងជំងឺនោះ អ្នកស្រី គិត គីម រៀបរាប់ថា អ្នកស្រីតែងឃើញអ្នកភូមិយកជ្រូកងាប់មកបោះចោលក្នុងរណ្តៅជាហូរហែ ដោយកន្លែងនោះធ្លាប់ត្រូវបានអាជ្ញាធរជំនាញបាញ់ថ្នាំសម្លាប់មេរោគផងដែរ។
ពលរដ្ឋរូបនេះនិយាយថា តាំងពីផ្ទុះជំងឺនេះមក គ្រួសារអ្នកស្រីឈប់បរិភោគសាច់ជ្រូកទាំងស្រុង ដោយគ្មានថ្ងៃកំណត់នឹងហូបវិញឡើយ ហើយងាកមកហូបត្រី ឬមាន់ទាជំនួសវិញ ព្រោះតែបារម្ភពីសុខភាព។ ម្យ៉ាង អ្នកស្រីមើលឃើញស្ថានភាពជ្រូកមានជំងឺទាំងនោះ គួរឱ្យខ្លាច និងខ្ពើមរអើម។
អ្នកស្រីបន្តថា៖ «ហ្នឹង! ឃើញអីចឹង ខ្ពើមតែម្តង។ ខ្ញុំព្រួយបារម្ភខ្លាចកើតដល់មនុស្សហើយ គឺចេះតែខ្លាច។ ខ្ញុំចង់កុំឱ្យមានជំងឺហ្នឹងកើតឡើងទៀតណា លោកគ្រូ»។
របាយការណ៍អាជ្ញាធរឃុំក្រាំយ៉ូវ នៅឆ្នាំ២០១៩ ឱ្យដឹងថា ឃុំនេះមានភូមិចំនួន ១៩ និងមានពលរដ្ឋចំនួនជិត ៥ពាន់គ្រួសារ (៤៩០៥) ដែលស្មើនឹងចំនួនប្រជាជនជិត ២ម៉ឺនាក់ (១៧៩៧៧)។
ជំទប់ទី១ ឃុំក្រាំយ៉ូវ លោក ឌឹប សៅ មានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា ក្នុងចំណោម ១៩ភូមិ គឺ មានភូមិចំនួន ១៧ហើយ ដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះបានកើតឡើង ពោលគឺមានតែពីរភូមិប៉ុណ្ណោះ ដែលរកឃើញថា នៅមិនទាន់ឆ្លងជំងឺនេះ។
លោកថា ពលរដ្ឋក្នុងឃុំទាំងអស់ មានជាង ៣០០គ្រួសារ (៣២៨) បានប្រកបមុខរបរចិញ្ចឹមជ្រូកនេះ ដោយថា ពលរដ្ឋប្រមាណ ៣០០គ្រួសារហើយមានបញ្ហានេះ និងមានជ្រូកជិត ៧រយក្បាល (៦៩៦) បានងាប់ ក្នុងចំណោមជ្រូកកសិករចិញ្ចឹមទាំងអស់ជាង ១ពាន់ប្រាំមួយរយក្បាល (១៦៨៦)។
ប្រភពដដែល អះអាងថា ការផ្ទុះជំងឺនេះ ពិតជាប៉ះពាល់អ្នកភូមិរបស់លោកប្រាកដមែន ប៉ុន្តែ ខាងឃុំបានត្រឹមធ្វើរបាយការណ៍បញ្ជូនទៅលើ ដោយមិនមានលទ្ធភាពជួយពួកគាត់លើសពីនេះទេ។
លោកមានប្រសាសន៍ថា៖ «ងាប់ជ្រូកគាត់អស់អីចឹង គាត់ប្រឈមនឹងខាតដើមខាតចុងហើយ។ អ្នកណាចិញ្ចឹមច្រើន ខាតច្រើន អ្នកណាចិញ្ចឹមតិច ខាតតិច អាស្រ័យតាមមុខរបរ និងតាមសត្វគាត់ចិញ្ចឹម ហើយប្រឈមនឹងការបាត់ដើមទុនរបស់ពួកគាត់ទៅថ្ងៃអនាគត។ ភូមិឃុំក៏បានរួមសោកស្តាយដែរ និងធ្វើសកម្មភាពណែនាំ និងរាយការណ៍ទៅលើ ដើម្បីអញ្ជើញមន្ទីរជំនាញមកណែនាំផ្សព្វផ្សាយ ទប់ស្កាត់ភាពរីករាលដាល ប៉ុន្តែ ជាទឹកចិត្ត ដោយយើងមិនមានលទ្ធភាពជួយពួកគាត់បានទេ»។
ជំទប់ទី១ឃុំរូបនេះ មិនដឹងច្បាស់អំពីមូលហេតុប្រភពនៃការឆ្លងឡើយ ប៉ុន្តែ លោកយល់ថា មេរោគជំងឺនេះអាចមកពីខេត្តតាកែវ ហើយក៏អាចមានប្រភពចេញពីប្រទេសវៀតណាមផងដែរ។
យ៉ាងនេះក្ដី លោកថា ដោយសារពលរដ្ឋឃុំរបស់គាត់ភាគច្រើន ការចិញ្ចឹមជ្រូកជាមុខរបរបន្ទាប់ពីមុខរបរធ្វើស្រែចម្ការ ដូច្នេះ នៅពេលខាតបង់ជ្រូក ពួកគាត់អាចមានមុខរបរធ្វើស្រែចម្ការទប់ទល់ខ្លះដែរ។
កាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា រដ្ឋមិនទាន់មានគោលនយោបាយផ្តល់សំណងជូនកសិករដែលរងគ្រោះដោយការផ្ទុះជំងឺប៉េស្តជ្រូកនោះទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកក្កដា ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រៅពីចម្លងតាមរយៈជ្រូកដែលមានជំងឺ វាអាចឆ្លងតាមសម្ភារបរិក្ខារ មធ្យោបាយធ្វើដំណើរ កាកសំណល់អាហារដែលចម្អិនមិនបានឆ្អិនល្អ និងឧបករណ៍ផ្សេងទៀតដែលមានមេរោគ។
លើសពីនេះ វាអាចកើតចេញពីកន្លែងដែលផ្ទុះជំងឺនេះតាមរយៈខ្យល់អាកាស សត្វល្អិតបឺតឈាម និងភ្នាក់ងារចម្លងផ្សេងទៀត។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានជំរុញទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហាប្រឈមមុខរបស់កសិករចិញ្ចឹមជ្រូក ដោយថា ដើម្បីលើកទឹកចិត្ត និងការពារមិនឱ្យពួកគេធ្លាក់ទៅក្នុងភាពក្រីក្រផងដែរ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលអាចបង្កើនហិរញ្ញប្បទានរបស់រដ្ឋ ដើម្បីជាកម្ចីដល់កសិករ ដោយមានអត្រាការប្រាក់ទាប។ ទីពីរ លើកទឹកចិត្តដល់អ្នកចិញ្ចឹមជ្រូកហ្នឹង ដែលគាត់ទទួលបានប្រាក់ទាបហ្នឹង អាចប្តូរមុខរបរផ្សេង ដូចជា ចិញ្ចឹមមាត់ស្រែ ក៏វាបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋដែរ។ មួយទៀត ទាក់ទងការពង្រឹង និងការបណ្តុះបណ្តាលពហុបច្ចេកទេសជំនាញបន្ថែមទៀត »។
បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានប្រកាសថា ខេត្តចំនួន ៥ហើយ បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល។
រាល់ពេលប្រកាសអំពីការផ្ទុះជំងឺនេះ ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ឲ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅកាន់តំបន់ផ្សេងទៀត ជាដើម។
កាលពីថ្ងៃទី១១ ខែកក្កដា ក្រសួងអះអាងថា មានជ្រូកដែលឆ្លងជំងឺប៉េស្តនេះងាប់ និងត្រូវបានសម្លាប់មានជាង ២ពាន់ក្បាលហើយ ដែលក្នុងនោះជិត ៨រយក្បាល ត្រូវបានរដ្ឋាភិបាលយកទៅបំផ្លាញចោល ដែលតម្លៃខាតបង់ខ្ទង់ ៥០ម៉ឺនដុល្លារអាមេរិក៕