សង្គម​ស៊ីវិល​រក​ឃើញថា ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​និង​រង​ការ​រឹតត្បិត​

សមត្ថកិច្ចរារាំងក្រុមយុវជនដែលយកកម្រងផ្កាមករំលឹកខួប៣ឆ្នាំនៃការស្លាប់លោក កែម ឡី នៅស្ដាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈ ស្ដុបបូកគោ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន/ Screenshot

អង្គការ​សង្គម​ស៊ីវិល​ចំនួន៣ ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយកាលពីម្សិលមិញ ​ដោយ​រក​ឃើញថា ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​រង​ការ​រឹតត្បិត​។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​នេះ​ចងក្រង​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ដែលចេញផ្សាយលើកទី៣ បានរកឃើញថា ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​ និង​រង​ការ​រឹតត្បិត ដោយសារការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ និងអាជ្ញាធរបន្តការឃ្លាំមើលការជួបជុំរបស់ប្រជាពលរដ្ឋ​។

របាយការណ៍​នេះ​ បាន​សិក្សា​លើ​​ហេតុការណ៍​ដែល​ពលរដ្ឋ​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ក្រុមការងារ​ឃ្លាំមើល​ចំនួន​១៦៧ករណី​ ស្ទង់មតិ​មហាជន៩៩២នាក់​ ស្ទង់មតិ​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​ និង​សហជីព២០២នាក់​ និង​វិភាគ​លើ​ករណី​ពាក់ព័ន្ធ៦៥៨ករណី ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយស្ថាប័ន​ទាំងនេះ​ ធ្វើការ​លើ​គម្រោង​មួយ​ដែល​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ដែល​សិក្សា​ ចាប់ពី​ដើមខែ​​មេសា ​ឆ្នាំ២០១៨ ដល់​ចុងខែ​មិនា ​ឆ្នាំ២០១៩​។  ​របាយការណ៍​បង្ហាញថា ​លំហ​អនុវត្ត​សេរីភាព​មូលដ្ឋាន​នៅតែ​បន្ត​រង​ការ​រឹតត្បិត​ ព្រោះតែ​កត្តា​ធំៗ​ចំនួន​បី​រួមមាន ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នាំ​ឱ្យ​សេរីភាព​មូលដ្ឋាន​កាន់តែ​រួម​តូច​ ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ និង​ការប្រើ​ប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​ធ្លាក់ចុះ​។ សេរីភាព​សំ​ខាន់​ៗដែល​រួមមាន​ សេរីភាព​ខាង​បង្កើត​សមាគម​ សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​ជួប​ប្រជុំ​ សុទ្ធតែ​ត្រូវ​បាន​រង​ការ​បំភ័យ​ រំខាន​ និង​គាបសង្កត់​ពីសំណាក់​អាជ្ញាធរ​រាជរដ្ឋាភិបាល​។

អ្នកសម្របសម្រួល​គម្រោង​សេរីភាព​មូលដ្ឋាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ ហ៊ុន​ ស៊ាង​ហាក់​ មានប្រសាសន៍​ថា​ លទ្ធផល​នៃ​ការសិក្សា​ទាំងនេះ​ បង្ហាញ​ពី​ស្ថានភាព​ សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ដែល​កំពុង​ធ្លាក់ចុះ​ និង​គួរ​ឱ្យ​បា​រម្ភ។ លោក​បន្ត​ថា​ សាធារណជន​អាច​តាមដាន​វិភាគ​លើ​របាយការណ៍​នេះ​ ដោយ​ផ្អែកលើ​អំណះអំណាង​នានា​ក្នុង​របាយការណ៍​ ធៀប​នឹង​ហេតុការណ៍​ជាក់ស្តែង​ ដើម្បី​យក​ជា​មូលដ្ឋាន​មុន​សម្រេចចិត្ត​។

លោក​បញ្ជាក់​ថា​ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ ដោយ​បញ្ឈប់​ការរារាំង​ទាំងឡាយ​ដែល​មាន​ចេតនា​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ដើម្បី​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​។

លោក​ ហ៊ុន​ ស៊ាង​ហាក់ មានប្រសាសន៍ថា​៖ «បើ​យើង​មាន​ច្បា​ប់ក្រប​ខណ្ឌ​គតិយុត្តិ​ត្រឹមត្រូវ​ហើយ​យើង​ស្នើសុំ​ឱ្យ​អនុវត្ត​ហ្នឹង​ មានប្រសិទ្ធភាព​ប៉ុណ្ណា​ ធ្វើ​យ៉ាងណា​ឱ្យ​សាធារណជន​ហ្នឹង​មានការ​យល់ដឹង​ចំពោះ​សេរីភាព​ជា​មូលដ្ឋាន។​ រដ្ឋាភិបាល​ត្រូវ​អប់រំ​ទាំង​ពលរដ្ឋ​ ទាំង​មន្ត្រី​។ យើង​ពិនិត្យ​លើ​ភាពជា​ដៃគូ​រវាង​សង្គម​ស៊ីវិល ​និង​សហជីព​ជាមួយ​រដ្ឋាភិបាល​ហ្នឹង​ យើង​ឃើញថា​ រដ្ឋាភិបាល​បាន​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ថា​ ជា​អង្គការ​ប្រឆាំង​ នេះ​បង្ហាញថា ​មិនទាន់​ចាត់ទុក​សង្គម​ស៊ីវិល​ជា​ដៃគូ​ធ្វើការ​ជាមួយគ្នា​បាន​នៅឡើយ​ទេ»​។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ លោក​ ជិន​ ម៉ា​លីន​ មានប្រសាសន៍​ថា​ របាយការណ៍​នេះ​ធ្វើឡើង​ដោយ​សិក្សា​តែមួយ​ជ្រុង​តូច​នៃ​ស្ថានភាព​សង្គម​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណេាះ​។ លោក​បន្ត​ថា​ នៅពេលមាន​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ ឬមន្ត្រី​សង្គម​ស៊ីវិល​ គឺ​របាយការណ៍​នេះ​ហៅថា​ ជា​ការ​រឹតត្បិត​ ប៉ុន្តែ​ រាល់​ការ​ចាប់ខ្លួន​សកម្មជន​ទាំងនោះ ​អាជ្ញាធរ​សុទ្ធតែ​មាន​ភស្តុតាង​ល្មើសច្បាប់​របស់​បុគ្គល​ទាំងនោះ​។

​លោក​ ជិន​ ម៉ា​លីន​ មានប្រសាសន៍ថា៖ «ក្នុងនាម​រាជរដ្ឋាភិបាល​ យើង​នឹង​ពិនិត្យ​លើ​របាយការណ៍​ទាំងអស់​នោះ​។ បើ​មាន​ចំណុច​ណាមួយ​ដែល​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​យើង​នឹង​ទទួលយក​ដើម្បី​ស្ថាបនា​។ ប៉ុន្តែ​ ជាទូទៅ​ យើង​មិន​ជឿជាក់​លើ​វិធីសាស្ត្រ​ស្រាវជ្រាវ​ ដូចជាប្រភព​ និង​ការអង្កេត​របស់​ពួកគាត់​ទេ​។ ករណី​ទាំងអស់​ ច្រើនតែ​មាន​ចេតនា​នយោបាយ​»។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី​ យ៉ាង​ សុភ័​ណ្ឌ​ គាំទ្រ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​លើកឡើង​នេះ​។ អ្នកស្រី​បន្ត​ថា​ ផ្អែក​តាម​បទ​ពិសោធ​ន៍ជាក់ស្តែង​ សេរីភាព​សហជីពកំពុង​ត្រូវ​បាន​គំរាមកំហែង​ធ្ងន់ធ្ងរ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។

អ្នកស្រី​ យ៉ាង ​សុភ័​ណ្ឌ​ មានប្រសាសន៍ថា៖ «នៅពេល​យើង​ចងក្រង​បង្កើន​សហជីព​នៅ​រោងចក្រ​មួយ​ត្រូវ​គេ​បញ្ឈប់​ទៅវិញ​ នេះ​ជា​ការរើសអើង​។ ខ្ញុំ​សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​ការងារ​របស់​ខ្លួនឯង​ឡើងវិញ»​ ។

របាយការណ៍​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​ បញ្ជាក់​បន្ថែម​ថា​ សេរីភាព​ខាង​បង្កើត​សមាគម​សហជីព​ ត្រូវ​បាន​រារាំង​ដោយ​ប្រកាស​របស់ក្រ​សួង​ពាក់ព័ន្ធ​នានា​រាប់​តាំងពី​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងការងារ​។ល។ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ តម្រូវ​ឱ្យ​សង្គម​ស៊ី​វិលប្រកាស​ពន្ធ​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯក​សារ​ផ្សេង​ៗដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការប្រកាស​ពន្ធ​ទេ​ តែ​វា​ជា​សញ្ញា​នៃ​ការ​រឹតត្បិត​​។

ក្រសួងមហាផ្ទៃ​បាន​ចេញប្រកាស​មួយ​ដើម្បី​បើកផ្លូវ​ឱ្យ​អង្គការ​សមាគម​បាន​ជួប​ប្រជុំ​ជា​សាធារណៈ​ដោយសេរី​ ប៉ុន្តែ ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​នៅតែ​ព្យាយាម​ហាមឃាត់​ការ​ជួបជុំ​នានា​ រួម​ទាំង​ដាក់​ភ្នាក់ងារ​តាមដាន​ផង​។ ចំពោះ​ក្រសួងការងារ​វិញ​ បាន​សន្យា​ថា ​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​ដើម្បី​បើក​ចំហរ​សេរីភាព ​ប៉ុន្តែ​ មិនទាន់​បាន​លទ្ធផល​ផ្លូវការ​នៅឡើយ​។

របាយការណ៍​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​បែបនេះ​បាន​ចេញផ្សាយ​ពីរ​ដង​រួចមក​ហើយ​ ដោយ​លើ​កទី១ សិក្សា​ពី​សេរីភាព​មូលដ្ឋាន​ នៅ​ឆ្នាំ២០១៦​ លើក​ទី២ សិក្សា​ពី​សេរីភាព​មូលដ្ឋាន​ នៅ​ឆ្នាំ២០១៧​។ ចំណែក​ឯលើ​កទី៣នេះ​ សិក្សា​ពី​ស្ថានភាព​ក្នុង​ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ