អាជីវករ​ផ្សារ​អូរ​អំបិល និង​អាជ្ញាធរក្រុង​សិរីសោភ័ណ​​ខ្វែង​គំនិត​គ្នា​រឿងជ្រើស​រើស​ជាង​សង់​ផ្សារ​ឡើង​វិញ

ក្រុម​ប្រជាពលរដ្ឋ​​ស្វែង​រក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ ក្រោយ​ពី​ផ្សារ​អូរអំបិល​ត្រូវ​ភ្លើង​ឆាប​ឆេះ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩។

ក្រុម​អាជីវករ​ផ្សារ​អូរអំបិល ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ទទូច​ទៅ​អាជ្ញាធរ​ឲ្យ​អនុញ្ញាត​ឲ្យ​ពួកគាត់​សាង​សង់​ផ្សារ​ឡើង​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ដែល​ពួកគេ​អះ​អាង​ថា កំពុង​ខ្វែង​គំនិត​គ្នា​ជាមួយ​អាជ្ញាធរ​ជុំ​វិញ​ការ​សាង​សង់​ផ្សារ​នោះ​ឡើយ​វិញ។

ផ្សារ​អំបិល​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​ខូច​ខាត​ទាំង​ស្រុង បន្ទាប់​ពី​ត្រូវ​រង​អគ្គិភ័យ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ហើយ​សំណង់​ផ្សារ​ថ្មី នៅ​មិន​ទាន់​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​ឡើយ។

តំណាងអាជីវក​រ លោក សាមឿន ស៊ិន បាន​រំឭក​ឡើង​វិញ​ថា អាជ្ញាធរ​ក្រុង​សិរីសោភ័ណ បាន​សន្យា​ស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​ផ្សេងៗ សម្រាប់​សាង​សង់​ដំបូល​ និង​គ្រឹះ​ផ្សារ​នេះ​ជូន​អាជីវករ​ឡើង​វិញ ប៉ុន្តែ លោក​ថា អាជ្ញាធរ​នៅ​ពុំ​ទាន់​មាន​លទ្ធភាព​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

អាជីវករ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រុម​អាជីវករ បាន​ស្ម័គ្រ​ចិត្ត​ប្រមូល​ថវិកា​ចូល​គ្នា ដើម្បី​ជួល​ក្រុម​អ្នក​ម៉ៅការ ឲ្យ​សាង​សង់​ផ្សារ​នោះ​ឡើង​វិញ ប៉ុន្តែ លោក​ថា អភិបាល​ក្រុង​សិរីសោភ័ណ មិន​អនុញ្ញាត​នោះ​ឡើយ។ លោកបញ្ជាក់ថា អាជីវករផ្សារអូរអំបិល ស្នើ​សុំអាជ្ញាធរថ្នាក់ខេត្ត​ និង​ថ្នាក់ជាតិ​ ​ឲ្យ​ជួយដល់អ្នកផ្សារអូរអំបិលផង។

លោក សាមឿន ស៊ិន ប្រាប់​ថា៖ «សំខាន់បំផុត គឺ​ធ្វើយ៉ាងម៉េចពន្លឿនការសាង​សង់ឱ្យបានឆាប់អាជីករគាត់តែងបារម្ភ​ថា កាលណានាយទុនចូលរកស៊ីគ្រប់គ្រងទៅ​ វានាំឱ្យលំបាក។​ អាជីវករដែលធ្លាប់មានបីបួនតូបអីទៅ គេ​ឲ្យ​តែ ១តូបវិញ នោះ ពួកគាត់កាន់តែលំបាក»

អាជីវករម្នាក់ទៀត លោក នុត តារា មានប្រសាសន៍ថា សព្វថ្ងៃគ្រួសារគាត់កំពុង​លំបាក​ខ្លាំង​ព្រោះ​ត្រូវ​លក់​ឥវ៉ាន់​នៅ​ចិញ្ចើម​ផ្លូវ​លំ​ក្នុង​ភូមិ ក្រាលតង់ ក្រោមភ្លៀងក្រោមខ្យល់។​ លោក​បញ្ជាក់​ថា ពលរដ្ឋបានលឺដំណឹងថា មានឧកញ៉ាម្នាក់ចង់បានដីផ្សារអូរអំបិលនេះ ទើបបង្ក​ជាក្ដីបារម្ភ​ទន្ទឹមគ្នានឹងការសម្រេចរបស់អាជ្ញាធរក្រុងសិរីសោភ័ណដែលមិនអនុញ្ញាត​ពលរដ្ឋសង់តូបផង។

លោក នុត តារា ប្រាប់​ថា៖ «ឆេះទាំងអស់គ្នានេះ គ្មានអ្នកណាអាចយកបានទាំងអស់ សូមសំណូមពរ​ឱ្យរដ្ឋាភិបាលជួយ​ឱ្យ​បានផ្សារឆាប់លក់។ ខ្លាចដែរ ខ្លាចទុកយូរៗទៅ មិនដឹងក្រុមហ៊ុនវាគិតយ៉ាងម៉េច វាពិបាកដែរ»

អភិបាលក្រុងសិរីសោភ័ណ លោក ហឹល សារ៉ា បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ដែល​ចោទ​ប្រកាន់​ទៅ​លើ​អាជ្ញាធរ​ថា ចង់​បាន​ដី​ផ្សារ​អូរអំបិល​នេះ។

អភិបាល​ក្រុង​រូប​នេះ បានបញ្ជាក់​ថា អាជ្ញាធរក្រុងគ្មានចេតនាណាមួយបង្កការលំបាកជូនអាជីវករទេ ​ប៉ុន្តែ លោកចង់ឱ្យផ្សារដែលសង់រួចមានសុវត្ថិភាព និងរឹងមាំបានយូរ។

លោក ​ហឹល​ សារ៉ា ប្រាប់​ថា៖ «ក្នុងសប្ដាហ៍ក្រោយនេះ ខ្ញុំនឹងមានប្រជុំមួយដែលសុំឱ្យពួកគាត់ទាំងអស់គ្នាសម្របសម្រួលគ្នា រកវិធីសាស្ត្រណាមួយដែលអាចទទួលយកបាន ហើយធ្វើឱ្យបានឆាប់ យើងអត់ចង់ពន្យាទេ។ និយាយតាមត្រង់ បើអាជ្ញាធរមានលុយប្រូស​បាត់​ហើយ។ មានគេថា ផ្សារហ្នឹងអង្កន់ល្វែង ឬអី សូមទោស ខ្ញុំយកខ្លួនខ្ញុំធានា អត់មានគោលការណ៍ហ្នឹងទាល់តែសោះ។ ខ្ញុំកំពុងរកមុខអាអ្នកណាដើរបំពុល»

ផ្សារអូរអំបិល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ជាផ្សារសហគមន៍ ប្រក់ស្បូវប្រក់ស្លឹក។ ​លុះដល់ឆ្នាំ១៩៩២ ផ្សារនេះត្រូវបានសាងសង់ឡើងដោយអាជីវករខ្លួនឯង ហើយទទួលស្គាល់ដោយ​អាជ្ញាធរឃុំ និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សង្កាត់​ចាប់​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ថ្ងៃ​វា​ត្រូវ​ភ្លើង​ឆេះ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​កន្លង​មក​នេះ។ បន្ទាប់ពីភ្លើងឆេះរួច ផ្សារនេះត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណ យកទៅគ្រប់គ្រងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បាន​សម្រេច​បញ្ឈប់​រាល់​សំណើ​ ឬ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​ក្រុម​អាជីវករ​នានា បាន​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ឲ្យ​បញ្ឈប់​ការ​ប៉ះ​ពាល់ ឬ​ដោះ​ដូរ​​​ផ្សារ​​​​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ណាមួយ។

លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​ថវិកា​ជួយ​កសាង​ផ្សារ​ដែល​ភ្លើង​ឆេះ​ឡើង​វិញ​ផង​ដែរ ដូច​ជា​ផ្សារ​ក្រចេះ ផ្សារ​ច្បារ​អំពៅ ផ្សារ​ស្ទឹងត្រែង ផ្សារ​សិរីសោភ័ណ ផ្សារ​ក្រគរ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ផ្សារ​កណ្ដាល​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ