អគ្គស្នងការនគរបាលជាតិកម្ពុជា លោក នេត សាវឿន បញ្ជាឱ្យមន្ត្រីក្រោមឱវាទកម្ចាត់ក្រុមឧក្រិដ្ឋជនដែលបានយកប្រទេសកម្ពុជាជាទីតាំងកែច្នៃគ្រឿងញៀន។
ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមបណ្តោយខ្សែព្រំដែនកម្ពុជា-វៀតណាម បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកក្កដា។
អគ្គស្នងការនគរបាលជាតិកម្ពុជា លើកឡើងថា កម្ពុជាសព្វថ្ងៃលែងត្រឹមជាទីតាំងដែលគ្រឿងញៀនឆ្លងកាត់ទៀតហើយ តែជាកន្លែងដែលឈ្មួញគ្រឿងញៀនជ្រើសយកដើម្បីនាំចូលវត្ថុធាតុដើមកែច្នៃជាគ្រឿងញៀនសំយោគរួច ចែកចាយក្នុងស្រុក និងនាំចេញបន្តទៅបរទេស។
បើតាមលោក នេត សាវឿន ដដែលឱ្យដឹងថា ១ឆ្នាំចុងក្រោយនេះ គ្រឿងញៀនបានវាយលុកសង្គមកម្ពុជាខ្លាំងក្លា ដែលជាប្រការគួរឱ្យបារម្ភ ពិសេសគឺករណីនាំចូលវត្ថុធាតុដើមមកកែច្នៃគ្រឿងញៀនក្នុងប្រទេសកម្ពុជាតែម្តង។
លោក នេត សាវឿន មានប្រសាសន៍ថា៖ «គឺសូមបើកយុទ្ធនាការបង្ក្រាបទីតាំងផ្សំកែច្នៃ និងផលិតនៅកម្ពុជា។ សូមទោស មិនមែនប្រើពាក្យផលិតទេ គឺកែច្នៃយកគ្រឿងផ្សំមកពីក្រៅដើម្បីបន្ថែមគីឡូ ជាដើម។ បើផលិតមែន ប្រទេសយើងមិនដឹងជាដល់ណាទេ អ៊ីចឹងយើងត្រូវយកចិត្តទុកដាក់។ »
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន មានប្រសាសន៍ថា ប្រទេសវៀតណាម ចាប់បានគ្រឿងញៀនជាច្រើនករណីចូលពីកម្ពុជាទៅ។ នេះជាមូលហេតុដែលវៀតណាមស្នើឱ្យមានវិធានការទប់ស្កាត់ថ្នាំញៀននាំចូលពីកម្ពុជា។ ប៉ុន្តែ ភាគីកម្ពុជាក៏រកឃើញថា មានករណីនាំចូលគ្រឿងញៀនពីវៀតណាមដែរ។ ហេតុនេះ ទើបភាគីទាំងពីរចេញវិធានការរួមគ្នាទប់ស្កាត់គ្រឿងញៀនឆ្លងកាត់តាមបណ្ដោយព្រំដែនប្រទេសទាំងពីរតែម្តង។
ទាក់ទងនឹងការរីករាលដាលនៃជំនួញគ្រឿងញៀននេះ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វរិទ្ធិ មានប្រសាសន៍ថា កាលដើមឡើយ កម្ពុជាជាប្រទេសមានគ្រឿងញៀនឆ្លងកាត់ប៉ុណ្ណោះ។ ប៉ុន្តែ លោក ផ្អែកតាមលទ្ធផលដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងមួយចំនួនដោយរកឃើញម្ស៉ៅញៀន រកឃើញម៉ាស៊ីនលាយថ្នាំ ឧបករណ៍ចាក់ពុម្ពថ្នាំញៀន ទើបនាំឱ្យមានការសន្និដ្ឋានថា កម្ពុជាអាចជាទីតាំងកែច្នៃគ្រឿងញៀន ។
លោក មាស វរិទ្ធិ លើកឡើងថា៖ «ទទួលស្គាល់ថា មានការកែច្នៃ តែមិនមានសញ្ញាណាមួយដែលបង្ហាញថា មានករណីផលិតនៅកម្ពុជា។ ការផលិតមានន័យថា គេផលិតវត្ថុធាតុដើម (ដាំដុះ) ផ្សំជាគ្រឿងញៀន ការកែច្នៃគឺគេមានគ្រឿងញៀនស្រាប់ គេយកមកបន្ថែមគីឡូ។ឧទាហរណ៍ គេមានមួយគីឡូ គេបន្ថែមឱ្យបានបរិមាណ១គីឡូកន្លះ ឬ២គីឡូអីទៅ។»
ទាក់ទងនឹងបញ្ហានេះ ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខាស្នើឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកម្ចាត់គ្រឿងញៀន ពិសេសបោសសម្អាតទីតាំងកែច្នៃ ឬផលិតឱ្យខានតែបាន។ លោក មានប្រសាសន៍ថា គ្រឿងញៀនកំពុងរីករាលដាលក្នុងសង្គមកម្ពុជាតាំងពីទីក្រុងដល់ជនបទ។
លោកជាង សុខា មានប្រសាសន៍៖ «ពីមុនមកឃើញថា មានតែតំបន់ទីប្រជុំ តែឥលូវដល់ទីជនបទចុងកាត់មាត់ញក អាហ្នឹងមិនទាន់មានទីតាំងកែច្នៃផង។ ពេលឃើញភស្តុតាងប៉ុណ្ណឹង ខ្ញុំថា ងាយស្រួលចាត់វិធានការហើយ។»
របាយការណ៍អគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៣ ៦៧៦ករណី ឃាត់ខ្លួនមនុស្សបានជាង៧ពាន់៦រយនាក់ ក្នុងនោះស្រី៥៤៥នាក់ និងចាប់បានគ្រឿងញៀនសរុបជាង៣១២គីឡូក្រាម។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨ បង្ហាញថា សមត្ថកិច្ចកម្ពុជា បង្ក្រាបគ្រឿងញៀន៨០០២ករណី និងចាប់គ្រឿងញៀនបានជាង៥៣៦គីឡូក្រាម ព្រមទាំងចាប់ខ្លួនអ្នកពាក់ព័ន្ធជាង១ម៉ឺន៦ពាន់នាក់។ ដែលក្នុងករណីបង្ក្រាបគ្រឿងញៀនទាំងនោះក៏មានករណីកែច្នៃគ្រឿងញៀនយ៉ាងតិចណាស់៣ករណីដែរ។
គណៈកម្មាការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានលោក ស ខេង ជាអ្នកដឹកនាំ បានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ដើម្បីប្រឆាំងគ្រឿងញៀន។ យុទ្ធសាស្ត្រនោះរួមមាន ការលុបបំបាត់គ្រឿងញៀនឱ្យអស់នៅតាមក្លឹបកម្សាន្ត និងតាមរង្គសាលកាស៊ីណូ ការបង្ក្រាបកន្លែងទីតាំងលួចផ្សំ កន្លែងកែច្នៃគ្រឿងញៀន និងបង្ក្រាបការនាំចូលគ្រឿងញៀនពីគ្រប់ច្រកពីខាងក្រៅ ដែលនាំចូលមកក្នុងប្រទេសកម្ពុជា៕