សមត្ថកិច្ចកំណត់មុខសញ្ញាថា អ្នកបាញ់សម្លាប់ស្ត្រីម្នាក់នៅព្រះសីហនុគឺជនជាតិចិន

ករណីឃាតកម្មបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ បានកើតឡើងនៅម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រូបភាព៖ FN

សមត្ថកិច្ចកំណត់មុខសញ្ញាថា ករណីបាញ់ប្រហារកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅក្នុងក្រុងព្រះសីហនុ បណ្តាលឱ្យស្រ្តីម្នាក់ជាជនជាតិចិនស្លាប់នោះ អ្នកប្រព្រឹត្តិគឺជាជនជាតិចិនដូចគ្នា។​

ស្នងការនគរបាលខេត្តព្រះសីហនុ ​លោក ជួន ណារិន មានប្រសាសន៍ថា ក្រុមជំនាញរបស់លោកកំពុងស្រាវជ្រាវរក​អ្នកដែលប្រើកាំភ្លើងបាញ់សម្លាប់ស្ត្រីជនជាតិចិន កាលពីវេលាម៉ោង១១.៣០នាទីយប់ កាលពីថ្ងៃទី២៣ ខែកក្កដា ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំណត់មុខសញ្ញាឃើញខ្លះៗហើយ គឺអ្នកប្រព្រឹត្តិជាជនជាតិចិនដូចគ្នា។

ទោះជាយ៉ាណា លោកមិនបានបញ្ជាក់ឲ្យច្បាស់លើឈ្មោះអ្នកដែលប្រព្រឹត្តបទល្មើស និងគូកន​នោះទេ ដោយថា ទុក​ឲ្យក្រុមការងារជំនាញធ្វើកិច្ចការនេះសិន។

​លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែជំរាបថា ជនជាតិចិនជាអ្នកប្រព្រឹត្ត ជនរងគ្រោះក៏ជាជនជាតិចិនដែរ សុំឆ្លើយតែប៉ុណ្ណឹង ទុកឲ្យអ្នកជំនាញធ្វើការងារសិន។ នៅពេលណាដែលយើងបង្ក្រាបបានជោគជ័យ លទ្ធផលឲ្យឃើញជាក់ស្តែងសិន ពេលហ្នឹងបានយើងបិទសំណុំរឿង​»។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចំាខេត្ត​សីហនុ​ លោកស្រី ជាប សុធារី មានប្រសាសន៍ថា​ ករណីជនជាតិចិនប្រើកាំភ្លើងបាញ់សម្លាប់គ្នាឯងនោះ មិនមែនទើបតែកើតឡើងនោះទេ លោកស្រីថា រឿងនេះកើតឡើងច្រើនដងមកហើយ។ រឿង​នេះធ្វើឲ្យលោកស្រីបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តនោះ បើសិនជារដ្ឋាភិបាលមិនពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។

លោកស្រីមានប្រសាសន៍ថា៖ «នៅពេលដែលចាប់បានជនជាតិចិន សូមឲ្យមានការរឹតបណ្តឹងដាក់ទោសពិន័យ កុំឲ្យមានការប្រព្រឹត្តអំពើពុករលួយក្នុងហ្នឹង បើយើងមិនបានដាក់ទោសពិន័យគាត់ត្រឹមត្រូវ ធ្វើឲ្យប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ អត់មានតម្លៃអ្វីទេ ពួកគាត់ចេះតែធ្វើតែផ្តេសតែផ្តាស បង់លុយឲ្យ សម្របសម្រួលគ្នា ឬក៏អត់មានតាមពិន័យអ្វី ដោះលែងឲ្យនៅក្រៅឃុំ ថ្ងៃក្រោយមានបញ្ហាអ្វីកើតឡើង រឹតតែមើលងាយប្រទេសយើងថែមទៀត»។

ទាក់ទងនឹងជនជាតិចិននេះផងដែរ កាលពី​វេលាម៉ោង​ប្រមាណជិត​៤ រសៀល​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០១៩ មានខ្មាន់កាំភ្លើង​បានបាញ់សម្លាប់​ជនជាតិចិន​ម្នាក់​ ទម្លាក់ពី​លើរថយន្ត ស្ថិតនៅ​​មុខ​សណ្ឋាគារ និង​កាស៊ីណូ វិមាន​ខ្សាច់សរ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្ត​ព្រះសីហនុ ខេត្ត​ព្រះសីហុ ខណៈ​ដែល​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ បាន​បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ក្រោយពីឃាតកម្ម គឺភ្លាមៗឃាតករ​បាន​ជិះរថយន្ត​គេចខ្លួនបាត់ស្រមោល។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន២១ម៉ឺននាក់ ។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ពេលជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចំនួនប្រជាជនចិននៅកម្ពុជាមិនមានគួរឲ្យព្រួយបារម្ភនោះទេ។ លោកថា ជនជាតិចិនទាំងនោះមកធ្វើការងារ ហើយថា ពេលចប់ការងារ ពួកគេនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ