លោក ស ខេង បញ្ជាឲ្យចាប់មេខ្លោងជួញដូរមនុស្សដើម្បីបង្ហាញពីឆន្ទៈរដ្ឋាភិបាល

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ។ រូបភាព៖ វេបសាយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាឲ្យស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស ដើម្បីកុំឲ្យកម្ពុជាជាប់ឈ្មោះជាប្រទេសគ្មានឆន្ទៈខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការបង្ក្រាបការជួញដូរមនុស្ស។

ការដាក់ចេញបទបញ្ជារបស់លោក ស ខេង នេះ ខណៈរបាយការណ៍រកឃើញថា ការបង្ក្រាបបទល្មើសប្រឆាំងនឹងការជួយញដូរផ្លូវភេទ និងជួញដូរកម្លាំងពលកម្ម​ ៦ខែមកនេះ មានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

លោក ស ខេង ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃ បានបញ្ជាឲ្យស្វែងរកចាប់ខ្លួនមេខ្លោងទាំងក្នុង និងក្រៅប្រទេស មកកាត់ទោសតាមផ្លូវច្បាប់ឲ្យបាន ដែលថា ក្នុងគោលបំណងបង្ហាញមតិទៅសហគមន៍អន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានឆន្ទៈក្នុងការបង្ក្រាបការជួញដូរមនុស្ស ។

លោក ស ខេង បន្តថា៖ «បើសិនកម្ពុជាមិនប្រឹងប្រែងនោះទេ កម្ពុជានឹងធ្លាក់ទៅលេខ៣ជាមិនខាន»។

នេះបើតាមគេហទំព័រគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សចុះផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។

សហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ដល់កម្ពុជា ៣ឆ្នាំជាប់ៗគ្នា ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​លុប​បំបាត់​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​មនុស្សនៅឡើយ។ ​

បើតាមរបាយការណ៍ប្រចាំឆមាសនេះ បទល្មើសដែលត្រូវបានបង្ក្រាប មាន៧៨ករណី កើនឡើង១៦ករណី ស្មើនឹង២៥% ខណៈឆ្នាំមុនមានតែ៦២ករណី ។

ជនសង្ស័យ៩៧នាក់ ត្រូវបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោស ចំនួននេះកើន១២នាក់ ស្មើនឹង១៤% ខណៈឆ្នាំមុនមានតែ៨៥នាក់។ រីឯជនរងគ្រោះ ត្រូវបានសង្គ្រោះមានចំនួន២៦៣នាក់ លើសឆ្នាំមុន ១០៦នាក់ កើន១៥៧នាក់ ។

ប៉ុន្តែ របាយការណ៍របស់ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ថា ជនសង្ស័យជិត១០០នាក់ដែលសមត្ថចាប់ខ្លួនបាននោះ គ្មាននរណាម្នាក់ជាមេខ្លោងជួញដូរមនុស្សទេ ហើយក៏មិនបានបញ្ជាក់ដែរថា បទល្មើសគិតត្រឹមពាក់កណ្តាលឆ្នាំនេះ បានបានកើនឡើង ឬថយចុះដែរ ដោយគ្រាន់តែបញ្ជាក់ពីការបង្ក្រាបបានកើនឡើងប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ  ប៊ុនអេង ឲ្យ VOD ដឹងបន្ថែមថា គ្មានទិន្ន័យបទល្មើសទេ ដោយថា បទល្មើសជារឿងអាថ៌កំបាំង។ ប៉ុន្តែ លោកស្រី ចាត់ទុកថា ការរកឃើញបទល្មើសហើយបង្ក្រាបបាន ជាជោគជ័យរបស់សមត្ថកិច្ច។

ម្យាងវិញទៀត លោកស្រី ជូ ប៊ុនអេង អះអាងថា ការស្វែងរកចាប់មេខ្លោងជាការលំបាក ត្រូវប្រឹងប្រែងរួមគ្នា រួមទាំងប្រទេសដែលជាប់ពាក់ពន្ធផងដែរ។

លោកស្រីថា៖ «យើងដឹងហើយថា ការជួញដូរមនុស្ស ក៏ដូចជាការជួញដូរគ្រឿងញៀនជាបណ្តាញឧក្រិដ្ឋជន ហើយបណ្តាញឧក្រិដ្ឋជនហ្នឹង គេមិនដែលចេញមុខខ្លួនឯងទេ។ ហើយរឿងដែលសំខាន់ មេខ្លោងមិនដែលនៅក្នុងប្រទេសយើងទេ អ៊ីចឹងបានជាយើងត្រូវឲ្យមានកិច្ចសហការឲ្យកាន់តែខ្លាំងជាមួយប្រទេសពាក់ព័ន្ធ ព្រោះពេលខ្លះយើងដឹងហើយថា វាមិនមែនងាយស្រួលទេ ដោយសារតែច្បាប់ទម្លាប់ ឬគេហៅថា មុខមាត់ប្រទេសគេ ក៏គេត្រូវការការពារដែរ»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្កការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជាជំហានវិជ្ជមានដែលរដ្ឋាភិបាលប្តេជ្ញាចិត្តបែបនេះ។ ប៉ុន្តែ លោកថា ឬសគល់នៃបញ្ហាត្រូវមានវិធានការទៅលើមន្ត្រីពុករលួយ និងត្រូវហ៊ានវះកាត់មន្ត្រីនៅពីក្រោយបទល្មើសក្នុងប្រទេស និងត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់ផងដែរដើម្បីជំរុញកិច្ចសហការ។

លោកថា៖ «អ្វីដែលសំខាន់ ត្រូវពង្រឹងយន្តការនៃការទប់ស្កាត់ និងបង្ក្រាបខ្លួនយើងនៅខាងក្នុងសិន គឺបំបាត់យ៉ាងម៉េចកុំឲ្យមានអំពើពុករលួយ កុំឲ្យមានមន្ត្រីណានៅពីក្រោយការជួញដូរនេះ»។

យ៉ាងនេះក្តី លោកស្រី ជូ ប៊ុនអេង លើកឡើងថា ការវាយតម្លៃកម្ពុជា ឲ្យជាប់លេខ២ ចំនួន៣ឆ្នាំជាប់គ្នា ដោយសារតែឥទ្ធិពលនយោបាយ មិនបានមើលឃើញការពិតដែលរដ្ឋាភិបាលបានខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្សនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ