វិភាគ៖ តើ​រដ្ឋាភិបាលគួរ​ឆ្លើយ​តប​យ៉ាង​ណា​ខ្លះ​ចំពោះ​ច្បាប់​ទណ្ឌកម្ម​របស់​អាមេរិក?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

រដ្ឋ​សភាសហរដ្ឋអាមេរិក​​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ​​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៩​ ដើម្បី​ដាក់ទណ្ឌកម្មប្រឆាំងនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួនទៀត ដែល​អាច​ឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ។​

ភ្លាមៗ​បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវបាន​សភា​អាមេរិក​អនុម័ត​នោះ ​រដ្ឋាភិបាល​កម្ពុជាបាន​ចេញ​សេចក្តី​ប្រកាស​​ដោយបាន​សម្តែង​នូវ​ការ​ខក​ចិត្ត និង​ប្រឆាំង​ដាច់​ខាត​ទៅ​លើ​ការ​សម្រេច​នេះ។

សេចក្តី​ប្រកាស​ ៖ «ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ កាន់​តែ​បង្ក​ការ​រំខាន​ថែម​ទៀត​ នៅ​ពេល​ដែល​បុគ្គល​សាធារណៈ​របស់​រដ្ឋ​អធិបតេយ្យ​មួយ បាន​ក្លាយ​ជា​កម្ម​វត្ថុ​នៃ​វិធាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋ​មួយ​ផ្សេង​ទៀត ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​។ នេះ​គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ជាក់​ស្ដែង​ចំពោះ​គោលការណ៍​អន្តរជាតិ​ស្ដីពី​អធិបតេយ្យ​ភាព សមភាព និង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ ដូច​មាន​ចែង​ក្នុង​មាត្រា​២​នៃធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ»។

ទោះ​ជាយ៉ាង​ណា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នៅ​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​សម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក និង​ត្រូវ​ឆ្លងកាត់​ប្រធានាធិបតី​នៃ​ប្រទេសនេះ​សិន ​បើ​គិត​ទៅ​វា​ត្រូវ​ឆ្លង​កាត់ ២​ដំណាក់​កាល​​ទៀត។ ការ​មិន​ទាន់​ចូល​ជា​ធរមាន​នេះ​ វា​អាច​ជាឱកាស​មួយ​ដល់​រដ្ឋាភិបាល​ឆ្លើយ​តប​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​នេះ​បាន។

តើ​រដ្ឋាភិបាល​គួរ​ឆ្លើយ​តប​យ៉ាង​ណា​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​របស់​​សេចក្តី​ស្នើ​ច្បាប់​នេះ​?

ការ​ពិត ​មុន​រឿង​នេះ​កើត​ឡើង ​រដ្ឋាភិបាល​ហាក់​បាន​ត្រៀម​ទុក​ជា​មុន​ហើយ​ ចំពោះ​​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ថ្នាក់​ដឹក​នាំ​ និង​រដ្ឋាភិបាល​។ ការ​ត្រៀម​ទុក​មុន​របស់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ នោះ​ គឺ​ការ​ប្រើ​ទាំង​វិធី​សាស្ត្រ​ការទូត និង​ជាពិសេស​បាន​ជួល​ក្រុម​ហ៊ុន​បញ្ចុះ​បញ្ចូល​អាមេរិក​ធំ​មួយ​នៅ​អាមេរិ​ក​ ដើម្បីជួយ​បង្កើត​បរិយាកាស​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។ ​

កាល​ពី​ចុង​ឆ្នាំ​មុន​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន បាន​ចំណាយ​លុយ​ជាង​៦​ម៉ឺនដុល្លារក្នុង​មួយ​ខែ ដើម្បី​ជួល​ក្រុមហ៊ុនបញ្ចុះ​បញ្ចូល​​អាមេរិក​មួយ​ឈ្មោះ​ថា Brownstein Hyatt Farber ឲ្យ​​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក​កុំ​ឲ្យ​មាន​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​កម្ពុជា ​ខណៈ​ដែល​ស្ថាន​ការណ៍​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើន​កម្ដៅនោះ។

បើ​ទោះ​ជា​កម្ពុជាជួល​បាន​ក្រុមហ៊ុន​មួយ​នេះ​ក្ដី ​តែ​ក្ដី​សម្រេច​របស់សភាអាមេរិក​នេះ​នៅ​តែ​បន្ត​បាន​ដោយ​រលូន។

​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោក អៀរ សុផល យល់​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នៅ​មាន​រយៈពេល​វែង​ឆ្ងាយ​ទៀត​ក្នុង​ការ​បន្ត​ តែ​ទោះ​ជា​យ៉ាង​ណា​ វា​បាន​ផ្ដល់​ពិន្ទុ​១​ដល់​លិទ្ធិប្រជាធិបតេយ្យ​រួច​បាត់​ទៅ​ហើយ។​

លោក​សរសេរ​ថា៖ «តាមពិតទៅ ខ្ញុំពិតជាភ្ញាក់ផ្អើលដែលអ្នកបញ្ចុះបញ្ចូលអាចមិនធ្វើអ្វីសោះអំពីសេចក្តី​ស្នើ​ច្បាប់​នេះ ប៉ុន្តែ នេះគ្រាន់តែជាការប្រយុទ្ធ​លើកទី​១​ទេ។ វានឹងមានពីរបន្ថែមទៀតជាមួយព្រឹទ្ធសភា និងប្រធានាធិបតី វា​ជា​ការ​ប្រកួត​ដ៏វែង​មួយ​ តែ​នៅ​ថ្ងៃដំបូង ១ពិន្ទុ​សម្រាប់លទ្ធិប្រជាធិបតេយ្យ និង ០​សម្រាប់រាជធានី​ភ្នំពេញ»។

សម្រាប់​អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ប្រទេស​មហាអំណាច​នេះ​នោះ​ទេ ការ​​ប្រើ​វិធី​សាស្ត្រ​ដូច​ខាង​លើ​ក៏​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធិ​ភាព​នោះ​ដែរ​។

លោក​ថា៖ «lobby លុះ​ត្រា​តែ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ពិត​នៅ​កម្ពុជា។ បើ ​lobby ដែល​ផ្អែក​លើ​រឿង​មិន​ពិត​នៅ​កម្ពុជា​ ខ្ញុំ​គិត​ថា ​វា​មិន​សូវ​ជា​មាន​ឥទ្ធិពលទេ»។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍសង្គម​ លោក​បណ្ឌិ​ត​ មាស នី មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​សម្រេច​របស់រដ្ឋសភាអាមេរិក ​វា​ជា​សញ្ញា​បរាជ័យ​មួយ​បាត់​ទៅ​ហើយ​លើ​យុទ្ធ​សាស្ត្រ​​ទិញ​ពេលវេលា​រដ្ឋាភិបាល​ដែល​ធ្លាប់​ធ្វើ​​​កាល​ពី​កន្លងមក ​​ចំពោះ​អន្តរជាតិ។

លោកថា៖ «ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​គាត់​នៅ​តែ​ប្រើ​វិធី​សាស្ត្រ​ដដែល​ដែល​ទិញ​ពេលវេលា ​ដើម្បី​ធ្វើ​យ៉ាង​មិច​ឲ្យ​គូបដិបក្ខ​របស់​ខ្លួន​ក្នុង​ស្រុក​ហ្នឹង​អាច​ខ្ទេចខ្ទី​ទៅ​ ឬ​ចុះ​ខ្សោយ​ទៅ​រួច​ហើយ​ទាញ​ស្ថាន​ការ​ណ៍​ឲ្យ​មក​ថយ​ក្រោយ​វិញ​ទៅ​ គឺ​អាច​ដើរ​បាន​៣ ទៅ​៤ ទៅ​៥ឆ្នាំ​ទៀត​អញ្ចឹង​ទៅ។ ​តែ​ម្ដង​នេះ បើ​យើង​មើល​ទៅ​ហាក់​បី​ដូចជា​អន្តរជាតិ​គេ​បាន​ដឹង​អំពីអ្វី​ដែល​ជា​នយោបាយ​ពិត​ប្រាកដ​ អញ្ចឹង​ហើយ​គេ​ហាក់​ដូច​ជា​មិន​ថយ​ក្រោយ គេ​នៅ​តែ​ដើរ​ទៅ​មុខ ដែល​ពេល​ខ្លះ​ដូច​ខ្ញុំ​ប្រើពាក្យ​ដែល​ជា​នយោបាយ​ស្មៅ​កន្ត្រើយ​ចូល​ជើង​ខោ ហើយ​យើង​ដើរ​កាន់​តែយូរ​គឺ​វា​កាន់​តែ​ឡើង​តាម​ជើង​ខោ» ។

ក្រោយ​ពី​ចាប់​ខ្លួន​លោក​ កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គិត​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជិត​២​ឆ្នាំ​ហើយ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ និង​កា​រ​គំរាម​កំហែង​ពី​អន្តរជាតិនានា​ ដើម្បី​រុញ​ឲ្យ​រដ្ឋាភិបាល​នេះ​ដើរ​ផ្លូវ​ប្រជា​ធិបតេយ្យ​ឡើង​វិញ។

សម្រាប់​លោក​​ មាស​ នី បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ដើរ​ទៅ​មុខ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះថា​​ គឺ​ជា​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ដល់​ថ្នាក់​ដឹក​នាំ និង​ប្រទេស​កម្ពុជា ព្រោះ​ថា ​កាល​ណា​សហរដ្ឋ​អាមេរិក​មាន​វិធាន​ការ​ទណ្ឌកម្ម​ប្រទេស​ណា​មួយ​នោះ ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធ​មិត្ត​ក៏​មាន​វិធាន​ការ​ឆ្លើយ​តប​លើ​ប្រទេស​នោះ​ដូច​គ្នា​ដែរ។

លោក​​ មាស នី៖ «បើ​សិន​ជា​ការ​សម្រេច​តែ​សហរដ្ឋអាមេរិក​មួយ​ គឺ​មិន​អី​ទេ! តែ​ក្នុង​ច្បាប់​ហ្នឹង​វា​អាច​នឹង​រុញ​ឲ្យ​អាមេរិក​កៀរ​គរ​បស្ចឹម​ប្រទេស​ដទៃ​ទៀត​ឲ្យ​ធ្វើ​តាម​ខ្លួន​ដែរ ជា​ទម្លាប់​ដែល​យើង​ឃើញ​ពី​ដើម​មក​។ នេះ​ជា​ការ​បារម្ភ​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​អាច​នឹង​ឯកោពី​បស្ចឹមប្រទេស​ ហើយ​ទម្លាក់​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​របប​កុម្មុយនីស្ត»។

អ្នក​វិភាគជើងចាស់ លោក ឡៅ ម៉ុងហៃ ​​យល់​ថា ​ការ​ប្រើ​នយោបាយការ​ទូត និង​បញ្ចុះ​បញ្ចូល​អន្តរជាតិនៅ​ពេល​នេះ​​ គឺ​លែង​មាន​​ប្រសិទ្ធភាពហើយ។ ​លោកថា មធ្យោបាយ​តែ​មួយ​ដែល​ល្អ​ក្នុង​ការ​ឆ្លើយ​តប និង​បញ្ចៀស​ទណ្ឌកម្ម​នេះ ​គឺ​មាន​តែ​សម្របសម្រួល និង​កែ​ប្រែ​ឥរិយាបថ​ កសាង​ឯកភាព​ជាតិ​របស់​ខ្លួន​ឡើង​វិញតែ​ប៉ុណ្ណោះ។

លោក​​ ឡៅ ម៉ុង​ហៃ៖ «យើង​ដោះស្រាយ​បញ្ហា​ឯកភាព​ជាតិ​ខ្លួន​ឲ្យ​បាន​ទៅ ហើយ​ធ្វើ​ឲ្យ​មាន​លិទ្ធិ​ប្រជា​ធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស និង​គោរព​នីតិ​រដ្ឋ ដែល​យើង​មូលមាត់​គ្នា​ហើយ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញរបស់​យើង​ហ្នឹង​ដែល​ជា​ឆន្ទៈ​របស់​ប្រជាជាតិ​ទាំង​មូល​ណា»។

​​​​ក្នុង​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឬ​ទណ្ឌកម្ម​ប្រឆាំងនឹង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជាដែល​អាមេរិក​កំពុង​រៀប​ចំ​នេះ​​ ក៏​បាន​ទុក​ចន្លោះមួយ​ដល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ផង​ដែរ ព្រោះ​ចំណុច​មួយ​នៃ​ច្បាប់​​នេះបាន​បញ្ជាក់​ថា​ ច្បាប់​នេះ​​អាច​នឹងត្រូវ​បានព្យួរវិញ​ នៅពេល​ដែលអាមេរិក​មើល​ឃើញ​ថា ​រដ្ឋាភិបាលកម្ពុជាបាន​​​បញ្ឈប់​ការ​បំផ្លាញ​ល​ទ្ធិ​​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​រៀបចំការបោះឆ្នោតមួយដែលសេរី ​យុត្តិ​ធម៌ ដោយអនុញ្ញាតឲ្យមានការចូលរួម​ពី​បេក្ខជនបក្សប្រឆាំងដែល​អាចជឿជាក់​បាននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ