អង្គការ​អន្តរជាតិ អំពាវនាវឲ្យទម្លាក់បទចោទអតីតអ្នកយកព័ត៌មានអាស៊ីសេរី

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញឲ្យទម្លាក់បទចោទលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ខណៈតុលាការកម្ពុជាគ្រោងបើកសវនាការនៅថ្ងៃស្អែកនេះ ដោយចាត់ថា បទចោទប្រកាន់កន្លងទៅមានចរិតនយោបាយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីម្សិលមិញថា អាជ្ញាធរកម្ពុជាត្រូវតែទម្លាក់ចោលជាបន្ទាន់នូវការចោទប្រកាន់ប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីពីរនាក់។ Human Rights Watch អះអាងថា ការចោទប្រកាន់របស់ចៅក្រមស៊ើបសួរកន្លងទៅ មានលក្ខណៈនយោបាយ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson ត្រូវបានដកស្រង់សម្តីមកចុះផ្សាយក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការប្រឌិតរឿងប្រឆាំងនឹងបុគ្គលិកអាស៊ីសេរី គឺមានចេតនាប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយដែលបានរិះគន់រដ្ឋាភិបាលកម្ពុជា។

 លោកលោក Phil Robertson បន្ថែមថា៖ «ឈិន និងសុធារិន មិនគួរប្រឈមនឹងការដាក់ទោសពីបទចោទពាក់ព័ន្ធនឹងចារកម្មដែលគេប្រឌិតឡើងនោះទេ»។

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី មានលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ​ ពាក់ព័ន្ធបទចោទថា «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

អង្គការអ្នកសារព័ត៌មានគ្មាន​ព្រំដែន (Reporters Without Borders) កាលពីម្សិលមិញ​ ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយទាក់​ទងនឹងករណី​សវនាការ​អតីតបុគ្គលិក​អាស៊ី​សេរី​ទាំងពីរនាក់​នេះដែរ។ អង្គការអ្នកសារព័ត៌មានគ្មាន​ព្រំដែន ហៅ​សវនាការដែលនឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃស្អែក​ថា​ ជា​ការកើនឡើងនៃការយាយីលើអ្នកសារព័ត៌មាន​ដោយប្រើប្រាស់​ប្រព័ន្ធតុលាការ។ អង្គការ​ដដែលនេះ បានលើកឡើងថា ការចោទប្រកាន់​កន្លងមក​របស់តុលាការទៅលើ​អ្នកទាំងពីរក៏​មិន​​មាន​ភស្តុតាង​រឹងមាំឡើយ​។

អនុប្រធាន​វិទ្យុអាស៊ីសេរី លោក Rohit Mahajan ក៏បាន​ស្នើ​ដល់​តុលាការកម្ពុជាឲ្យទម្លាក់​ការចោទប្រកាន់​ទាំងអស់ប្រឆាំង​នឹង​អតីតបុគ្គលិក​របស់​ខ្លួន​ទាំងពីររូប។ លោកថា ​ពួកគេត្រូវបានទទួល​រង​ការ​ឈឺចាប់​រួចមក​ហើយនៅក្នុងពន្ធនាគាររយៈពេល​៩ខែ ហើយនៅពេលនេះកំពុង​ប្រឈមនឹងការចោទប្រកាន់​ដ៏អយុត្តិធម៌ទៀត។

អ្នកពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ហៅការជំរុញឲ្យទម្លាក់បទចោទនេះថា មានចរិតនយោបាយ ដោយថា ការសម្រេចឲ្យជនសង្ស័យណាម្នាក់គ្មានទោស មានតែចៅក្រុមក្នុងអង្គជំនុំជម្រះតែប៉ុណ្ណេាះ។

អ្នកពាក្យរូបនេះ អះអាងទៀតថា ជាការឆ្លើយតបរបស់ក្រសួង បើស្ថាប័នអន្តរជាតិទាំងនោះចង់ជួយជនត្រូវចោទទាំងពីរនេះ មានតែចូលក្នុងដំណើរការនីតិវិធីរបស់តុលាការកម្ពុជាក្នុងការផ្តល់ជំនួយផ្នែកច្បាប់ ។

លោក មានប្រសាសន៍ថា៖ «ការសម្រេចថា មានទោស ឬគ្មាន នៅលើតុលាការទេ។ អីចឹងការអំពាវនាវឲ្យរដ្ឋាភិបាលដោះលែង ជាការអំពាវនាវមួយមិនស្របតាមក្របខណ្ឌច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយជាការអំពាវនាវមួយផ្អែកទៅលើចរិតនយោបាយ មិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមការអង្កេតរបស់អង្គការសង្គមស៊ីវិល លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គួរតែត្រូវបានទម្លាក់បទចោទ ដោយថា ពួកគេទាំងពីហាក់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងថា តែផ្ទុយទៅវិញការឃុំខ្លួនអ្នកទាំងពីកន្លងទៅ វាបានជំរុញឲ្យមានការរិះគន់ថា រំលោភសេរីភាពអ្នកសារព័ត៌មាន បំពានសិទ្ធិមនុស្សទៅវិញទេ។

លោក ថា៖ «ក្នុងករណីនេះ យើងមើលឃើញថា​ គួរតែទម្លាក់បទចោទប្រកាន់ទៅលើពួកគាត់ ហើយដោះលែងឲ្យគាត់មានសេរីភាពពេញលេញឡើងវិញ ដើម្បីឲ្យពួកគាត់បានប្រកបរបរជាអាជីពជាអ្នកសារព័ត៌មានឡើងវិញ»។

អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលពួកគាត់បង្កើតស្ទូឌីយូថតចម្រៀងនៅផ្ទះជួល ដែលអាជ្ញាធរចោទថា គ្មានការអនុញ្ញាត។

ករណីនេះ ព្រះរាជអាជ្ញា បាន​ចោទ​ប្រកាន់ពី​បទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ការចាប់ឃុំខ្លួន និងចោទប្រកាន់អ្នកទាំងពីរនាពេលនោះ ខណៈដែលស្ថានការនយោបាយឡើងកម្តៅ ដូចជា មានការចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការបណ្តេញអង្គការ NDI របស់អាមេរិកចេញពីកម្ពុជា បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរំលាយគណបក្សប្រឆាំង ជាដើម។

ប៉ុន្តែ ក្រោយឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំសភាពេញអង្គកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៉ែន បញ្ញា ជាសមាជិកសភា​ និងជាប្រធាន​គណៈកម្មការ​នីតិកម្ម ​និង​យុត្តិធម៌​នៃ​រដ្ឋសភា បានរំឭករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ឱ្យ​ពិនិត្យ​ឡើងវិញ​ពី​ការអនុវត្ត​ច្បាប់​ ទប់ស្កាត់​កុំ​ឱ្យ​តុលាការ​កាត់​ក្តីធ្វើតាម​ការ​បង្គាប់​ពី​បុគ្គល​ណាមួយ ​ដើម្បី​ធានា​ថា​ តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ។

​សមាជិកសភាកូតាមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមទៀតថា ក្រសួង​យុត្តិធម៌​គួរ​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថាប័ន​តុលាការ​ជា​កន្លែង​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ ប្រកបដោយ​ការ​ទុកចិត្ត​ ដើម្បី​លុបបំបាត់​ស្រមោល​ភ័យខ្លាច​របស់​ពលរដ្ឋ​ ពេល​ឮឈ្មោះ​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ