The Wall Street Journal រក្សាជំហ​រលើការចុះ​ផ្សាយ​រឿងកិច្ចព្រមព្រៀងសម្ងាត់​កម្ពុជា-ចិន

The Wall Street Journal/ Screenshot

​សារព័ត៌មាន​អាមេរិក The Wall Street Journal អះអាងថា​ នៅប្រកាន់យក​នូវការចុះផ្សាយ​របស់​ខ្លួន​ពាក់​ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់​រវាងប្រទេសកម្ពុជា និងចិន។

នេះបើតាមការបញ្ជាក់​​របស់​នាយកផ្នែក​ទំនាក់ទំនងរបស់​ The​ Wall​ Street​ Journal​ លោក Steve Severinghaus នៅថ្ងៃទី២៥ ខែកក្កដានេះ។

លោក Steve Severinghaus បាន​ឆ្លើយប្រាប់ ​វី.អូ.ឌី តាម​រយៈអ៊ីមែលយ៉ាងខ្លី​​ថា៖ «យើងប្រកាន់​គោល​ជំហរលើ​សេចក្តី​រាយការណ៍របស់​ពួកយើង។»

The​ Wall​ Street​ Journal​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ​ថា​ កម្ពុជា​-ចិន​ បាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយគ្នា​ អំឡុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០១៩​នេះ​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។ ប៉ុន្តែ ការចុះផ្សាយ​នេះ ត្រូវបានភាគីកម្ពុជា និងចិន បា​នបដិសេធចោល​ជាបន្តបន្ទាប់។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធចំពោះការចុះផ្សាយ​នេះ ដោយ​ហៅសេចក្តី​រាយការណ៍នោះថា ជាព័ត៌មាន​ប្រឌិត​ដែល​មាន​ចេតនា​ដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្នីសិទ្ធសារព័ត៌មាននៅព្រឹកនេះថា វាជាសិទ្ធិរបស់ Wall Street Journal ក្នុងការរក្សាជំហររបស់ខ្លួន តែលោកថា ការផ្សាយព័ត៌មានរបស់ Wall Street journal នេះគឺគ្រាន់តែធ្វើឲ្យភាគហ៊ុនរបស់ខ្លួនឡើងថ្លៃប៉ុណ្ណោះ។

លោក ថា៖ «ហើយនៅក្នុងរបបសារព័ត៌មាន មិនបាច់យើងយកចិត្តទុកដាក់ឯណាលើរឿងនេះទេ! ជាយុត្តាធិការយើងមិនអាចទៅប៉ះពាល់គេ (WSJ) ទេ គេទេដែលបំផ្លាញកិត្តិនាមរបស់គេ។ គេ (WSJ) ហ្នឹងជាអ្នកពូកែឃោសនាក្នុងផ្សារភាគហ៊ុន ម៉្លោះហើយគេត្រូវសរសេរអត្ថបទមួយឱ្យគេចាប់អារម្មណ៍ តែយើងក៏ធ្វើសកម្មភាពឱ្យគេចាប់អារម្មណ៍ថាយើងអត់មាន (មូលដ្ឋានទ័ពរបស់ចិន) ទេ។ យើងបានបង្ហាញពីភាពស្មោះត្រង់របស់យើងអញ្ជើញអ្នកសារព័ត៌មានឱ្យអញ្ជើញទៅ»។

ក្រសួងការពារ​ជាតិចិន​ នៅ​ថ្ងៃ​ទី២៤ ខែកក្កដា ម្សិលមិញ ក៏បាន​ច្រាន​ចោលព័ត៌មាននេះដែរ។ ​អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian) បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយគោលនយោបាយការពារជាតិ ថាទំនាក់ទំនងជាមួយកម្ពុជាគឺជាដៃគូការពារសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក មិនមែនជាសម្ព័ន្ធមិត្តឈានដល់ការបង្កើតមូលដ្ឋានទ័ពដូចការលើកឡើងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ