អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា ការស្ថាបនាព្រលានយន្តហោះនៅតារាសាគរ ខេត្តកោះកុង មិនពាក់ព័ន្ធនឹងការបម្រើសកម្មភាពយោធាឡើយ។
ការបញ្ជាក់នេះគឺដើម្បីឆ្លើយតបទៅនឹងសារព័ត៌មាននានាដែលចុះផ្សាយពីលទ្ធភាពដែលអាចនឹងមានមូលដ្ឋានកងទ័ពចិននៅលើទីតាំងនោះ។
លោក ឈុំ សុជាតិ មានប្រសាសន៍ថា ព្រលានយន្ដហោះនៅតារាសាគរដែលស្ថាបនាដោយក្រុមហ៊ុនចិននោះ ជាកម្មសិទ្ធិឯកជន ដែលសង់ឡើងដើម្បីបម្រើវិស័យដឹកជញ្ជូនផ្លូវអាកាសឯកជន មិនអាចចុះចតយន្តហោះយោធាជាដាច់ខាត។
លោក បន្តថា៖ «កម្ពុជាមិនមានការចាំបាច់ណាមួយផ្នែក ដែលត្រូវយកទ័ពចិនមកឈរជើងនោះទេ ហើយក្រសួងការពារជាតិសូមបដិសេធដាច់ខាចចំពោះព័ត៌មាននេះ»។
លោកបញ្ជាក់ថា ក្រសួងការពារជាតិនឹងបើកចំហ បើសិនមានការសាកសួរ ឬទូតបរទេសណាមានគម្រោងទស្សនកិច្ចនៅមូលដ្ឋានជើងទឹកកម្ពុជានោះ។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាកំណត់ច្បាប់ហាមមិនអោយដាក់ទ័ពលើដីបរទេស ឬយកទ័ពបរទេសមកដាក់នៅក្នុងស្រុកឡើយ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ក៏គ្មានគម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញនោះដែរ។
លោក ផៃ ស៊ីផាន ឯកភាពលើពាក្យដែលថា ការបង្កើតមូលដ្ឋានទ័ពចិនលើដីកម្ពុជានឹងនាំអោយមានភាពតានតឹងក្នុងតំបន់។
កាលពីថ្ងៃទី២១ ខែកក្កដា ការសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា កម្ពុជា-ចិន បានចុះហត្ថលេខាសម្ងាត់ជាមួយគ្នា អំឡុងត្រីមាសទី២ នៃឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្រកម្ពុជា រយៈពេល ៣០ឆ្នាំ។
ក្នុងការចុះផ្សាយនោះ ការសែតនេះក៏បានលើកឡើងអំពីព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុងដែលកំពុងសាងសង់ផងដែរ ដោយថា ព្រលានយន្តហោះនេះអាចមានលទ្ធភាពផ្ទុកយន្តហោះចម្បាំងធុនធ្ងន់ ដែលអាចអនុញ្ញាតឱ្យយោធាចិនអាចធ្វើប្រតិបត្តិការបានលឿនក្នុងតំបន់អាស៊ាន។ ប៉ុន្តែ ត្រូវបានភាគីកម្ពុជា និងចិន ចេញមុខបានបដិសេធចោលជាបន្តបន្ទាប់។
នៅថ្ងៃនេះ លោក ផៃ ស៊ីផាន និងលោក ឈុំ សុជាតិ បាននាំអ្នកកាសែតជាង៧០នាក់ មកពី៣៨អង្គភាព អោយធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ដោយបានបង្ហាញដល់អ្នកកាសែតនូវទីតាំងចំនួន២ គឺអគារគណៈកម្មការលំហរសមុទ្រ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកដែលបានសាងសង់ក្នុងឆ្នាំ២០១៧៕