លោក ស ខេងអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមប្រឆាំងគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និង មន្ត្រី ដុតគ្រឿងញៀន(រូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័ន អង្គការសង្គមស៊ីវិល និងអ្នកវិភាគផងបន្តចូលរួមប្រឆាំងគ្រឿងញៀន ដើម្បីឆ្ពោះទៅរកការកសាងប្រទេសប្រកបដោយសន្តិសុខ សុវត្ថិភាពនៅពេលខាងមុខ។​

លោក ស ខេង សរសេរសារលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា កន្លងមកនេះ សមត្ថកិច្ចធ្វើកិច្ចការបានល្អប្រសើរច្រើន ដោយបានចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនមួយចំនួនធំ។

ទន្ទឹមនឹងការលើកឡើងពីសមិទ្ធផលទាំងនេះ​លោក ស ខេង ក៏បានលើកឡើងដែរថា គ្រឿងញៀននៅតែជាបញ្ហាធំនៅក្នុងសង្គម ហើយលោកអំពាវនាវឱ្យអ្នកពាក់ព័ន្ធបន្តចូលរួមដោះស្រាយបញ្ហាទាំងនេះ។​

លោក​ ស ខេង៖«ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ និងកាត់ផ្តាច់តម្រូវការគ្រឿងញៀន។»

លោក ស ខេង ក៏បានរំឭកផងដែរកុំឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីល្មើសផ្សេងៗជាមួយគ្រឿងញៀន។

លោក ស ខេង៖«ទន្ទឹមនេះ សមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាតនូវ ៤ កុំ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន ។»

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០១៩នេះ កម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៣ ៣៣៥ ករណី ឃាត់ខ្លួន​ ៧ ០៩៧នាក់ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១0 គីឡូក្រាម កញ្ឆាស្រស់ ៤៧ ១០៣ដើម រួមនឹងមធ្យោបាយសម្ភារ វត្ថុតាងមួយចំនួន ទៀត។

លោក ស ខេង ធ្លាប់បានប្រកាសថា បញ្ហាគ្រឿងញៀនឈានដល់ចំណុចប្រកាសអាសន្ន រាលដាលដល់គ្រប់តំបន់រួមទាំងជនបទដាច់ស្រយាល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ