លោក ហ៊ុន សែន បង្កើន​ថវិកា​៤០​លាន​ដុល្លារ​ទៀត​សម្រាប់​ទិញ​សព្វាវុធ​ពី​ចិន​បំពាក់​ឲ្យ​កង​ទ័ព

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​បញ្ជា​ទិញ​សព្វាវុធ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន ដែល​លោក​ថា ដើម្បី​បំពាក់​ដល់​កង​ទ័ពដែល​ប្រើ​ប្រាស់​អាវុធ​ចាស់​ៗ។

លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ជា​សាធារណៈ​បែប​នេះ​នៅ​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក​នាយករដ្ឋ​មន្ត្រី ថ្លែង​ថា លោក​បាន​បង្កើន​កញ្ចប់​ថវិកា ៤០​លាន​ដុល្លារ​បន្ថែម​ទៀត ទៅ​ដល់​ក្រសួង​ការពារ​ជាតិ សម្រាប់​បញ្ជា​ទិញ​សព្វាវុធ​ពី​ប្រទេស​ចិន សម្រាប់​បំពាក់​ឲ្យ​កង​ទ័ព​កម្ពុជា។

លោក ហ៊ុន សែន ថ្លែងថា៖ «កាំភ្លើងនៅកម្ពុជា វាចាស់ៗបន្តិចហើយ អញ្ចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ពិត​ជា​ត្រូវ​ការ​សព្វាវុធ​ថ្មីៗ​បន្ថែម​ទៀត​បំពាក់​ដល់​កង​ទ័ព ដូច​ទៅ​នឹង​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​នេះ​មែន ប៉ុន្តែ លោក​បដិសេធ​បក​ស្រាយ​បន្ថែម​ជុំ​វិញ​ប្រភេទ​សព្វាវុធ ដែល​កម្ពុជា​ត្រូវ​ការ​បញ្ជា​ទិញ​នា​ពេល​ខាង​មុខ។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងប្រាប់មិនបានទេបង ហើយយើងលាក់ការណ៍ ដោយសាររឿងជាតិ ខ្ញុំប្រាប់មិនបានទេ​ គ្រាន់តែដឹងថា ទុកការពារជាតិប៉ុណ្ណឹងទៅបានហើយ»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មិន​គាំ​ទ្រ​ការ​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​ទិញ​សព្វាវុធ​បន្ថែម​នោះ​ឡើយ​នៅ​ក្នុង​ដំណាក់​កាល​នេះ ដោយសារកន្លងមករដ្ឋាភិបាល និងមន្ត្រីរបស់លោកធ្លាប់អះអាងថា កម្ពុជាជាប្រទេសមានសន្តិភាព​ស្ថិរភាព។

លោក សន ជ័យ ជំរុញទៅរដ្ឋាភិបាលគួរតែយកកញ្ចប់ថវិកានោះទៅជួយផ្គត់ផ្គង់ផ្នែកសេវាកសិកម្ម និងសុខាភិបាល ជូនប្រជាពលរដ្ឋប្រសើរជាងយកទៅទិញសព្វាវុធ។

លោកផ្តល់ជាអនុសាសន៍ថា៖ «ពេលនេះ យើងមិនលើកទឹកចិត្តឲ្យមានការចំណាយ​ថវិកាជាតិ សំរាប់ទៅប្រើប្រាស់ទិញអាវុធនោះទេ យើងចង់ឃើញការអភិវឌ្ឍ ដើម្បីឲ្យដើរស្របតាមសម័យកត្តវិទ្យា ជាពិសេសត្រូវការភ្ជាប់វិស័យសុខាភិបាល ការភ្ជាប់វិស័យកសិកម្ម ទៅនឹងបច្ចេកវិទ្យា ដើម្បីបង្កើននូវការផលិត ហើយនិងគុណភាពនៃសេវាទាំងអស់នោះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា លោក​បាន​សម្រេច​បន្ថែម​ថវិកា ៤០​លាន​ដុល្លារ​នេះ ទៅ​លើ​កញ្ចប់​ថវិកា ២៩០​លាន​ដុល្លារ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បញ្ជា​ទិញ​សព្វាវុធពីចិន​កាលពីឆ្នាំកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ