លោក ហ៊ុន សែន ព្រមានចាត់វិធានការ​លើ​អ្នក​វិភាគ​មាន​ទំនាក់​ទំនង​នឹង​ CNRP លោក សូរ សមយុទ្ធ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានចាត់វិធានការច្បាប់ទៅ​លើ​អ្នក​វិភាគ​មួយ​រូប ដែល​លោក​ចោទ​ថា បាន​ប្រមាថ​រូប​លោក និង​មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​គណបក្ស​កាន់​អំណាច។

ថ្លែង​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាង​សង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នៅ​ខណ្ឌ​ជ្រោយចង្វា នៅ​ព្រឹក​ថ្ងៃ​នេះ​ លោក ហ៊ុន សែន បាន​ថ្លែង​ចំៗ​អំពី​​​អ្នក​វិភាគ សូរ សមយុទ្ធ ដែល​តែង​តែ​សរសេរ​អត្ថបទ​វិភាគ​ចុះ​ផ្សាយ​នៅ​លើ​កាសែត​ភ្នំពេញប៉ុស្តិ៍ ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា អ្នក​វិភាគ​រូប​នេះ គឺ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ចោទ​អ្នក​សរសេរ​អត្ថបទ​វិភាគ​រូប​នេះ​ថា បាន​ហៅ​រូប​លោក​ថា «អា​ហ្នឹង» និង​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា «អា​ត្នោត»

លោក ហ៊ុន សែន ថ្លែង​ថា​៖ «វាហៅសម្តេចក្រឡាហោមថា អាត្នោត វាហៅខ្ញុំ អាហ្នឹង ហើយអាហ្នឹងមនុស្សម្នាក់ក្នុងចំណោមនុស្ស ១១៨នាក់។ អាក្មួយត្រូវចាំ តែមួយសារទៀត ពូយកហើយ ហើយអ្នកនៅបាងកក សូមចាំឲ្យច្បាស់ កម្ពុជាមិនប្រើប្រាស់ទឹកដីរបស់កម្ពុជាប្រឆាំងនឹងប្រទេសថៃ ហើយប្រទេសថៃក៏បានប្តេជ្ញាថា មិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងកម្ពុជា នាយករដ្ឋមន្ត្រីទាំងពីរបានប្តូរផ្តាច់ត្រូវធ្វើរឿងនេះ»

​តុលាការកំពូល បានសម្រេចរំលាយគណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទមន្ត្រីអតីតបក្សនេះ​ចំនួន ​១១៨​រូប​ ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយផែនការ​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ ​និងហាមឃាត់សិទ្ធិ​ទាំងអស់នោះមិនឲ្យធ្វើ​នយោបាយរយៈពេល​៥​ឆ្នាំទៀតផង។

គណៈកម្មាការនៃសហភាពអន្ដរសភា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ បានថ្កោលទោសចំពោះការរំលាយអតីតបក្សប្រឆាំងមុនការបោះឆ្នោត ការបន្ដឃុំខ្លួនលោក កឹម សុខា និងការហាមឃាត់អតីត​មន្ដ្រីបក្សសង្គ្រោះជាតិ១១៨រូប ក្នុងនោះមានអតីតតំណាងរាស្ដ្រគណបក្សប្រឆាំង៥៥រូបផងនោះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ